ជាមួយគ្នានឹងការយល់ដឹងច្បាស់ជាងគេថា កូឡេស្តេរ៉ុលគឺជាសារធាតុដែលអាក្រក់ក្នុងខ្លួន ប៉ុន្តែយកល្អគួរតែយល់ពីវាឲ្យច្បាស់សិន កុំគ្រាន់តែមើលឃើញតែចំណុចអាក្រក់តែមួយមុខរបស់វា។ តាមពិតទៅវាក៏មានចំណុចល្អរបស់វាដែរ។ កូឡេស្តេរ៉ុលគឺជាសារធាតុមួយដែលត្រូវបានបង្កើតឡើងក្នុងថ្លើម ហើយក៏សំខាន់សម្រាប់ជីវិតរស់នៅរបស់មនុស្សយើងដែរ។ អ្នកក៏អាចទទួលបានកូឡេស្តេរ៉ុលពីចំណីអាហារដែរ ជាពិសេសសាច់ និងផលិតផលធ្វើពីទឹកដោះគោ ប៉ុន្តែអ្នកមិនអាចទទួលវាបានពីរុក្ខជាតិឡើយ។ រាងកាយមនុស្សយើងត្រូវការប្រើប្រាស់កូឡេស្តេរ៉ុលសម្រាប់ហេតុផលធំៗដូចខាងក្រោមនេះ៖
- ជួយដល់ការផលិតរបស់អ័រម៉ូនភេទ
- បង្កើតជាប្លុកសម្រាប់ជាលិកាជាច្រើនរបស់រាងកាយ
- ជំនួយដល់ការផលិតទឹកប្រមាត់ក្នុងថ្លើម។
ទាំងនេះគឺជាមុខងារសំខាន់ៗ ដែលវាសុទ្ធសឹងតែអាស្រ័យទៅតាមវត្តមានរបស់កូឡេស្តេរ៉ុលដែរ។
កូឡេស្តេរ៉ុលត្រូវបានរាងកាយរបស់យើងបែកចែកជាបីប្រភេទដោយក្នុងនោះមានដូចជា៖
- LDL កូឡេស្តេរ៉ុលអាក្រក់
- HDL កូឡេស្តេរ៉ុលល្អ
- កូឡេស្តេរ៉ុលសរុប
កាលណាមានវត្តមាន កូឡេស្តេរ៉ុលអាក្រក់ ឬLDL ក្នុងចរន្តឈាមច្រើន វានឹងអាចនាំឲ្យរឹងក្រិនដល់សរសៃឈាមអាក់ទែ ដោយភាគច្រើនវាកើតជាកំណកក្នុងសរសសៃឈាម។ ដំបូងឡើយ វាអាចធ្វើឲ្យសរសៃឈាមរួមតូច ដាក់សម្ពាធដល់លំហូរឈាមសម្បូរអុកស៊ីសែនកាន់តែខ្លាំង។ ទីពីរ វាអាចនាំឲ្យមានកំណកឈាម ដែលអាចរបេសចេញរហូតដល់ធ្វើឲ្យកំណកនោះទៅស្ទះនៅសរសៃឈាមខាងមុខដែលតូចៗ ដូចជាសរសៃឈាមបេះដូង ទៅជាគាំងបេះដូង នៅសរសៃឈាមខួរក្បាល ទៅជាដាច់សរសៃឈាមខួរក្បាល។ ដូច្នេះយកល្អគួរតែធ្វើយ៉ាងណាឲ្យចំនួនរបស់ LDL ឲ្យនៅក្រោម១០០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម។
កូឡេស្តេរ៉ុលល្អ ឬ HDL ត្រូវបានគេដឹងថា វាជួយធ្វើឲ្យប្រព័ន្ធបេះដូងសរសៃឈាមមានសុខភាពល្អ។ វាជាអ្នកជួយបញ្ចេញចោលនូវ LDL ពីក្នុងសរសៃឈាមអាក់ទែ ដោយយកវាទៅចោលក្នុងថ្លើម ដើម្បីរំលាយចោល។ ការដែលមានវត្តមាន HDL កាន់តែច្រើន កាន់តែជួយការពារអ្នកពីជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ដូច្នេះគួរតែធ្វើយ៉ាងណាឲ្យ HDL មានចំនួនចាប់ពី ៦០mg/dL ឡើងទៅ ខណៈពេលដែលតិចជាង ៤០mg/dL គឺប្រឈមនឹងជំងឺបេះដូង។
កូឡេស្តេរ៉ុលសរុប
នៅពេលអ្នកឲ្យពេទ្យពិនិត្យរកមើលចំនួនកូឡេស្តេរ៉ុល អ្នកនឹងទទួលបានការពិនិត្យទៅលើ LDL និង HDL ព្រមទាំងកូឡេស្តេរ៉ុលសរុបជាមួយនឹងខ្លាញ់មួយទៀតឈ្មោះថា Triglycerides។ ចំនួនកូឡេស្តេរ៉ុលសរុបគឺទាបជាង ២០០mg/dL។ Triglycerides គឺជាប្រភេទខ្លាញ់មួយដែលមានក្នុងឈាម។ វាមិនខុសពីកូឡេស្តេរ៉ុលទេ កាលណាវត្តមានវាច្រើនពេកគឺជារឿងអាក្រក់ដែរ។ ប៉ុន្តែអ្នកជំនាញមិនទាន់ច្បាស់ថាខ្លាញ់នេះមានលក្ខណៈពិសេសអ្វីនៅឡើយទេ។ កាលណាវត្តមានខ្លាញ់ Triglycerides ខ្ពស់ ច្រើនតែជាប់ទាក់ទងនឹងកូឡេស្តេរ៉ុលឡើងខ្ពស់ដែរ ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង។ ប៉ុន្តែវានៅតែមិនច្បាស់ថា តើការឡើងខ្ពស់របស់ខ្លាញ់ Triglycerides គឺជាកត្តាប្រឈមមុខនឹងអ្វីឡើយ៕