ការបាក់ទឹកចិត្តត្រូវបានគេចាត់ទុកថាជាជំងឺផ្លូវចិត្តមួយ ដែលនិយាយអំពីអារម្មណ៍នៃការកើតទុក្ខ បាត់បង់ ឬខឹង ដែលវារំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ។ មនុស្សយើងអាចជួបបអាការៈបាក់ទឹកចិត្តតាមរបៀបខុសៗគ្នា។ វាប្រហែលជារំខានដល់ការងារប្រចាំថ្ងៃ ដែលជាហេតុនាំឲ្យបាត់បង់ពេលវេលា និងបន្ថយលទ្ធភាពការងារផង។ វាក៏អាចមានឥទ្ធិពលទៅលើទំនាក់ទំនង និងកើតជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។
យកល្អគួរតែយល់ថា ការមានអារម្មណ៍អស់សង្ឃឹមក្នុងពេលវេលាណាមួយគឺជារឿងធម្មតានៃជិវិត។ ការពិបាកចិត្ត និងខូចចិត្តកើតឡើងលើមនុស្សគ្រប់ៗគ្នា ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍ថាខ្លួនឯងគួរឲ្យអាណិតខ្លាំង ឬអស់សង្ឃឹមខ្លាំងខុសធម្មតា អ្នកគួរតែអាចដោះស្រាយនឹងការបាក់ទឹកចិត្តវិញទៅ។ ការបាក់ទឹកចិត្តត្រូវបានគេចាត់ទុកថាជាជំងឺធ្ងន់ធ្ងរ ហើយអាចនឹងធ្ងន់ទៅៗបើសិនជាមិនមានការព្យាបាលត្រឹមត្រូវទេ។
អ្វីដែលអ្នកគួរធ្វើ៖
- ឲ្យគ្រូពេទ្យព្យាបាល៖ គ្រូពេទ្យអាចនឹងចេញជាថ្នាំប្រឆាំងការបាក់ទឹកចិត្ត ដើម្បីព្យាបាលបញ្ហាដែលកំពុងតែកើតមានក្នុងខួរក្បាលមកល្អវិញ
- ការព្យាបាលជាមួយនឹងការពន្យល់អារម្មណ៍៖ វាអាចជាវិធីព្យាបាលដោយការនិយាយដើម្បីឲ្យអ្នកជំងឺចៀសផុត ឬលែងគិតអំពីអារម្មណ៍អវិជ្ជមានថែមទៀត
- ហាត់ប្រាណ៖ ចូរកំណត់គោលដៅហាត់ប្រាណឲ្យបាន ៣០នាទី ចំនួន ៣ ទៅ ៥ថ្ងៃក្នុងមួយសប្តាហ៍។ ការហាត់ប្រាណនេះនឹងបង្កើនអ័រម៉ូនដែលជួយធ្វើឲ្យមានអារម្មណ៍ល្អវិញ
- រៀននិយាយថា ទេ៖ ការដែលមានអារម្មណ៍នឿយហត់ និងថប់អារម្មណ៍ខ្លាំង អាចដោយសារតែអ្នកចេះតែទទួលយកសំណើររបស់គេច្រើនពេក។ ដូច្នេះវាគួរតែដល់ពេលនិយាយថា ទេខ្លះហើយបើសិនជាចង់ឲ្យមានអារម្មណ៍ធូរស្រាលឡើងវិញ
- ប្រើអាស៊ីតខ្លាញ់អូមេហ្គាបី៖ អាស៊ីខ្លាញ់ដ៏ពិសេសនេះល្អបំផុតក្នុងការពង្រឹងដល់សុខភាពខួរក្បាល និងអភិវឌ្ឈន៍សរសៃប្រសាទ។ ការបន្ថែមអាស៊ីតខ្លាញ់អូមេហ្គាបីក្នុងរបបអាហារប្រហែលជាជួយបន្ថយអាការៈនៃការបាក់ទឹកចិត្តបាន
- វីតាមីន B៖ វីតាមីន B12 និង B6 គឺជាវីតាមីនដ៏សំខាន់សម្រាប់សុខភាពខួរក្បាល។ នៅពេលចំនួនវីតាមីន B ក្នុងខ្លួនចុះទាប អ្នកក៏ប្រឈមនឹងការបាក់ទឹកចិត្តក៏ខ្ពស់ដែរ។
អ្វីដែលមិនគួរធ្វើ៖
- ញ៉ាំគ្រឿងស្រវឹង៖ ការញ៉ាំគ្រឿងស្រវឹងញឹកញាប់អាចធ្វើឲ្យការបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរ ហើយអ្នកដែលបាក់ទឹកចិត្តហើយទំនងជាអាចញ៉ាំគ្រឿងស្រវឹងខុសគោលដៅ ឬអាចនឹងញៀនគ្រឿងស្រវឹងផង៕