គ្រួសក្នុងថង់ទឹកប្រមាត់គជាការកកដ៏រឹងនៃទឹកសម្រាប់រំលាយអាហារដែលកើតមាននៅក្នុងថង់ទឹកប្រមាត់។ ថង់ទឹកប្រមាត់របស់អ្នកមានទំហំទតូច ដូចផ្លែងបឺរ និងស្ថិតនៅខាងស្តាំនៃពោះ នៅពីក្រោមថ្លើម។ ថង់ទឹកប្រមាត់មាននាទីស្តុកទឹកសម្រាប់រំលាយអាហារមួយប្រភេទឈ្មោះថា ទឹកប្រមាត់ ដែលវានឹងត្រូវបញ្ចេញមកនៅក្នុងពោះវៀនតូចរបស់អ្នក។
គ្រួសក្នុងថង់ទឹកប្រមាត់ជាមធ្យមពីប៉ុនគ្រាប់ខ្សាច់ ដល់ប៉ុនគ្រាប់វាយកូនហ្គោល។ មនុស្សមួយចំនួនមានគ្រួសក្នុងថង់ទឹកប្រមាត់តែមួយគ្រាប់ទេ តែអ្នកខ្លះទៀតបែរជាមានច្រើនទៅវិញ។
រោគសញ្ញា
គ្រួសក្នុងថង់ទឹកប្រមាត់ប្រហែលមិនបង្គរោគសញ្ញាអ្វីទេ។ ប្រសិនបើគ្រួសនោះធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយបង្កជាការស្ទះ រោគសញ្ញាប្រហែលជាមានដូចជា៖
– ឈឺចាប់ខ្លាំង និងភ្លាមៗនៅតំបន់ខាងស្តាំងខាងលើនៃពោះ
– ឈឺចាប់ខ្លាំង និងភ្លាមៗនៅចំកណ្តាលពោះ ក្រោមឆ្អឹងជំនី
– ឈឺខ្នងចន្លោះឆ្អឹងស្លាបប្រចៀវ
– ឈឺនៅស្មាខាងស្តាំ
ការឈឺចាប់ដោយសារគ្រួសក្នុងថង់ទឹកប្រមាត់ប្រហែលជាពីច្រើននាទី ទៅពីរបីម៉ោង។
ពេលត្រូវជួបគ្រូពេទ្យ
ចូរណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នកទៅប្រសិនបើអ្នកមានរោគសញ្ញាទាំងឡាយណាដែលធ្វើអោយអ្នកបារម្ភ។
ចូរស្វែងរកសេវាជួយសង្គ្រោះភ្លាមៗប្រសិនបើអ្នកមានរោគសញ្ញានៃផលវិបាករបស់គ្រួសក្នុងថងទឹកប្រមាត់ធ្ងន់ធ្ងរដូចជា៖
– ឈឺពោះខ្លាំងដែលធ្វើអ្នកមិនអាចអង្គុយនៅស្ងៀមបាន
– ស្បែកលឿង និងភ្នែកលឿង
– ក្តៅខ្លួនខ្លាំង ព្រមទាំងញាក់
មូលហេតុ
វាមិនមានអ្វីច្បាស់លាស់ទេដែលថាតើគ្រួសក្នុងថង់ទឹកប្រមាត់បណ្តាលមកពីមូលហេតុអ្វី។ គ្រួពេទ្យគិតថាគ្រួសក្នុងថង់ទឹកប្រមាត់ប្រហែលជាបណ្តាលមកពី៖
– ទឹកប្រមាត់របស់អ្នកមានកូឡេស្តេរ៉ុលច្រើនពេក។ ជាធម្មតា ទឹកប្រមាត់របស់អ្នកផ្ទុកទៅដោយសារធាតុគីមីគ្រប់គ្រាន់ក្នុងការរំលាយកូឡេស្តេរ៉ុលដើម្បីដែលបញ្ចេញចោលដោយថ្លើម។ ប៉ុន្តែប្រសិនបើថ្លើមរបស់អ្នកបញ្ចេញកូឡេស្តេរ៉ុលច្រើនជាងទឹកប្រមាត់អាចរំលាយបាន កូឡេស្តេរ៉ុលដ៏ច្រើនប្រហែលបង្កើតបានជាគ្រីស្តាល់ និងគ្រួស។
– ទឹកប្រមាត់ផ្ទុកទៅដោយសារធាតុ Bilirubin ដ៏ច្រើន។ សារធាតុ Bilirubin គឺជាធាតុគីមីមួយប្រភេទដែលត្រូវបានផលិតឡើងនៅពេលរាងកាយរបស់អ្នកធ្វើការបំបែកគ្រាប់ឈាមក្រហម។ មានបញ្ហាជាច្រើនដែលធ្វើអោយថ្លើមរបស់អ្នកនោះផលិត Bilirubin ច្រើនដូចជា ជំងឺក្រិនថ្លើម ការបង្ករោគនៅក្នុងផ្លូវទឹកប្រមាត់ និងជំងឺឈាមមិនធម្មតា។ ការដែលមាន Bilirubin ច្រើនធ្វើអោយកើតគ្រួសក្នុងទឹកប្រមាត់បាន។
– ថងទឹកប្រមាត់របស់អ្នកមិនអាចបញ្ចេញទឹកប្រមាត់អស់។ ប្រសិនបើថងទឹកប្រមាត់មិនអាចបញ្ចេញទឹកប្រមាត់អស់ ឬគ្រប់គ្រាន់ទេ ទឹកប្រមាត់ប្រហែលជាមានកំហាប់ខាប់ ហើយវានឹងនាំអោយមានគ្រួសក្នុងថងទឹកប្រមាត់បាន។
ប្រភេទគ្រួសក្នុងថង់ទឹកប្រមាត់
ប្រភេទគ្រួសក្នុងថង់ទឹកប្រមាត់មានដូចជា៖
– គ្រួសកូឡេស្ទើរ៉ុល៖ គ្រួសក្នុងថងទឹកប្រមាត់ដែលមានជាញឹកញាប់បំផុតនោះឈ្មោះថា គ្រួកូឡេស្ទើរ៉ុល ដែលច្រើនតែមានពណ៌លឿង។ គ្រួសទាំងនេះត្រូវបានផ្សំឡើងដោយកូឡេស្តេរ៉ុលដែលមិនរលាយ ប៉ុន្តែប្រហែលជាមានធាតុផ្សំអ្វីផ្សេងទៀត។
– គ្រួសពណ៌៖ ពណ៌របស់គ្រួសប្រភេទនេះគឺ ក្រមៅ ឬខ្មៅ ដែលកើតឡើងនៅពេលទឹកប្រមាត់មានផ្ទុកទៅដោយសារធាតុ Bilirubin ច្រើនពេក។
កត្តាប្រឈមមុខ
កត្តាដែលធ្វើអោយប្រឈមនឹងគ្រួសក្នុងថងប្រមាត់ច្រើននោះមាន៖
– មនុស្សស្រី
– អាយុចាប់ពី ៦០ឆ្នាំឡើងទៅ
– ជនជាតិអាមេរិកកាត់ឥណ្ឌា
– ជនជាតិម៉ិចស៊ីកូកាត់អាមេរិក
– មនុស្សធាត់ ឬធាត់ជ្រុល
– មានផ្ទៃពោះ
– ចូលចិត្តញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់
– ចូលចិត្តញ៉ាំអាហារមានកូឡេស្តេរ៉ុលខ្ពស់
– មិនសូវញ៉ាំអាហារមានជាតិសរសៃ
– គ្រួសារធ្លាប់មានប្រវត្តិជំងឺគ្រួសក្នុងថងទឹកប្រមាត់
– មានជំងឺទឹកនោមផ្អែម
– ប្រើថ្នាំបញ្ចុះកូឡេស្តេរ៉ុល
– ប្រើថ្នាំដែលមានសារធាតុ Estrogen ដូចជាការព្យាបាលដោយប្រើអ័រម៉ូនជំនួស ឬថ្នាំពន្យាកំណើត
រោគវិនិច្ឆ័យ
ការធ្វើតេស្ត និងដំណើរការផ្សេងៗដើម្បីរករោគវិនិច្ឆ័យជំងឺគ្រួសក្នុងថង់ទឹកប្រមាត់មាន៖
– តេស្តបង្កើតជារូបភាពរបស់ថង់ទឹកប្រមាត់៖ គ្រូពេទ្យប្រហែលជាណែនាំអោយថតអេកូពោះ និង CT Scan ដើម្បីបង្កើតជារូបភាពថងទឹកប្រមាត់។ រូបភាពទាំងនេះអាចវិភាគដឹងអំពីរោគសញ្ញារបស់គ្រួសក្នុងថងទឹកប្រមាត់។
– តេស្តរកមើលគ្រួសនៅក្នុងបំពង់បង្ហូរទឹកប្រមាត់៖ តេស្តដែលប្រើការបំពាក់ពណ៌ពិសេស ទៅលើបំពង់បង្ហូរទឹកប្រមាត់ដើម្បីមើលឃើញជារូបភាពប្រហែលជាជួយអោយគ្រូពេទ្យ កំណត់បានថាតើគ្រួសនោះបណ្តាលអោយស្ទះ ឬក៏អត់។ តេស្តទាំងនេះប្រហេលជាមាន Hepatobiliary Iminodiacetic Acid (HIDA) Scan, Magnetic Resonance Imaging (MRI) ឬ Endoscopic Retrograde Cholangiopancreatography (ERCP)។ គ្រួសក្នុងថងទឹកប្រមាត់ដែលរកឃើញដោយ ERCP អាចយកវាចេញបានផងដែរ។
– តេស្តឈាមរកមើលផលវិបាក៖ តេស្តឈាមប្រហែលជាប្រាប់អោយដឹងពីការបង្ករោគ ជំងឺលឿង រលាកលំពែង ឬផលវិបាកផ្សេងៗទៀតដែលបណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រមាត់។
ការព្យាបាល
គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកដឹងអំពីរោគសញ្ញានៃផលវិបាកគ្រួសក្នុងថង់ប្រមាត់ដូចជា ការឈឺចាប់ខ្លាំងក្លាក្នុងពោះខាងលើ និងខាងស្តាំ។ ប្រសិនបើសញ្ញរបស់គ្រួសក្នុងថងទឹកប្រមាត់កើតមានក្នុងពេលអនាគត អ្នកអាចមានការព្យាបាលបាន។ ប៉ុន្តែមនុស្សភាគច្រើនដែលមានគ្រួសក្នុងថង់ទឹកប្រមាត់មិនបង្កជារោគសញ្ញា ហើយក៏មិនបាច់មានការព្យាបាលដែរ។
ជម្រើសព្យាបាលសម្រាប់គ្រួសក្នុងថង់ទឹកប្រមាត់មាន៖
– វះកាត់ថងទឹកប្រមាត់ចោល៖ គ្រូពេទ្យប្រហែលជាណែនាំអោយកាត់ថង់ទឹកប្រមាត់របស់អ្នកចោល ដើម្បីកុំអោយគ្រួសនោះកើតឡើងម្តងទៀត។ នៅពេលថង់ទឹកប្រមាត់ត្រូវបានកាត់ចោល ទឹកប្រមាត់ត្រូវហូរចូលពីថ្លើម ទៅពោះវៀនតូចដោយផ្ទាល់ ចៀសជាងស្តុកទុកក្នុងថងទឹកប្រមាត់។ អ្នកមិនបាច់ត្រូវការថង់ទឹកប្រមាត់ដើម្បីរស់នោះទេ ហើយថង់ទឹកប្រមាត់ដែលកាត់ចោលមិនប៉ះពាល់លើសម្តត្ថភាពរបស់អ្នកក្នុងការរំលាយអាហារឡើយ ប៉ុន្តែវាអាចបណ្តាលអោយរាគរុសជាលក្ខណៈបណ្តោះអាសន្ន។
– ការប្រើប្រាស់ថ្នាំដើម្បីរំលាយគ្រួសនោះ៖ ការប្រើថ្នាំត្រូវធ្វើទៅតាមមាត់ដើម្បីអោយថ្នាំនោះទៅរំលាយគ្រួសនោះបាន។ ប៉ុន្តែវាប្រហែលត្រូវចាយពេលវេលាច្រើនឆ្នាំដើម្បីរំលាយគ្រួសក្នុងថងទឹកប្រមាត់។ ការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលគ្រួសក្នុងថងទឹកប្រមាត់កម្រនឹងប្រើណាស់ ហើយវាប្រើសម្រាប់ត្រៀមទុកមនុស្សដែលមិនអាចធ្វើការវះកាត់បាន។
ផលវិបាក
ផលវិបាករបស់គ្រួសក្នុងថង់ទឹកប្រមាត់មាន៖
– រលាកថង់ទឹកប្រមាត់៖ គ្រួសក្នុងថងទឹកប្រមាត់ដែលក្លាយទៅជាស្ទះនៅក្នុងកររបស់ថង់ទឹកប្រមាត់អាចធ្វើអោយមានការរលាកបាន។ ការរលាកថង់ទឹកប្រមាត់អាចបណ្តាលអោយឈឺចាប់ធ្ងន់ធ្ងរ និងក្តៅខ្លួន។
– ស្ទះបំពង់ទឹកប្រមាត់៖ គ្រួសក្នុងថង់ទឹកប្រមាត់អាចធ្វើអោយស្ទះដល់បំពង់បង្ហូរទឹកប្រមាត់ដែលចេញពីថងទឹកប្រមាត់ ឬថ្លើមទៅពោះវៀនតូច។ ជំងឺលឿង និងការបង្ករោគនៅក្នុងបំពង់ផ្លូវទឹកប្រមាត់អាចនឹងកើតឡើង។
– ស្ទះនៅបំពង់ទឹកប្រមាត់ចូលក្នុងលំពែង៖ បំពង់ចូលក្នុងលំពែងគឺជាបំពង់ដែលរត់ពីលំពែងចូលទៅក្នុងបំពង់ទឹកប្រមាត់។ រស់លំពែង ដែលសម្រាប់បន្ថែមនូវការរំលាយអាហារ ហូរចេញទៅតាមបំពង់ចូលក្នុងលំពែង។ គ្រួសក្នុងថងទឹកប្រមាត់អាចបណ្តាលអោយស្ទះដល់បំពង់ចូលក្នុងថង់ទឹកប្រមាត់ ដែលអាចនឹងបង្កជាការរលាកលំពែងបាន។ ការរលាកលំពែងធ្វើអោយឈឺចាប់ក្នុងពោះខ្លាំង និងតែងតែទាមទារនូវការបញ្ចូលទៅមន្ទីរពេទ្យ។
– មហារីកថង់ទឹកប្រមាត់៖ មនុស្សដែលមានប្រវត្តគ្រួសក្នុងថង់ទឹកប្រមាត់មានការប្រឈមមុខខ្ពស់នឹងមហារីកថង់ទឹកប្រមាត់។ ប៉ុន្តែមហារីកថង់ទឹកប្រមាត់វាកម្រនឹងកើតមានណាស់ ដូច្នេះទោះបីជាការប្រឈមនឹងមហារីកត្រូវបានកើនឡើងក៏ដោយ ក៏មហារីកថងទឹកប្រមាត់នៅតែមានសភាពតិចតួចដដែល។
ការបង្ការ
ចំពោះជំងឺគ្រួសក្នុងថង់ទឹកប្រមាត់យើងគ្មានមធ្យោបាយណាមួយដែលធានាថាអាចបង្ការជំងឺនេះបានឡើយ។ ប៉ុន្តែអ្នកអាចកាត់បន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងថងទឹកប្រមាត់ដែលបង្កជារោគសញ្ញាបាន។
រក្សាទម្ងន់អោយមានសុខភាពល្អ
ចូររក្សាទម្ងន់អោយនៅតែមានសុខភាពល្អជានិច្ច។ បើសិនជាអ្នកត្រូវតែសម្រកទម្ងន់ ចូរធ្វើវាដោយយឺត និងសមហេតុផល។ នៅពេលអ្នកស្រកទម្ងន់តាមរយៈរបបអាហារ នោះអ្នកនឹងឡើងទម្ងន់វិញ ដូច្នេះនៅតែប្រឈមកាន់តែខ្ពស់នឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ដដែល ជាពិសេសបើសិនអ្នកជាមនុស្សស្រី។ បើសិនជាត្រូវប្រើរបបអាហារមែន ចូរកំណត់គោលដៅអោយស្រកទម្ងន់ពី ០,៥គីឡូក្រាម ទៅ ០,៧គីឡូក្រាម ក្នុងមួយសប្តាហ៍។
ញ៉ាំអាហារអោយទៀងទាត់ និងរក្សាតុល្យភាពអាហារ
មិនត្រូវព្យាយាមបង្អត់អាហារឡើយ ហើយត្រូវញ៉ាំអាហារអោយទៀងទាត់។ ចូរញ៉ាំអាហារណាដែលមានជាតិខ្លាញ់មួយចំនួន (ដែលធ្វើអោយរសក្នុងថងទឹកប្រមាត់ចេញអស់)។ ករណីនេះអាចជួយបង្ការជំងឺគ្រួសក្នុងថងទឹកប្រមាត់បាន។ ចូរញ៉ាំគ្រាប់ធញ្ញជាតិ និងអាហារមានជាតិសរសៃអោយបានច្រើន។ ហើយចូរប្រាកដថាអ្នកបានញ៉ាំងាហារដែលមានជាតិកាលស្យូមជាញឹកញាប់ (អាហារធ្វើពីទឹកដោះគោ និងមានពណ៌បៃតង, បន្លែពណ៌បៃតង)។ កាត់បន្ថយខ្លាញ់ប្រភេទSaturated Fat (ខ្លាញ់សត្វ) និងអាហារមានជាតិកូឡេស្ទើរ៉ុលខ្ពស់។
ការហាត់ប្រាណជាទៀងទាត់
បើសិនជាអ្នកហាត់ប្រាណបានច្រើន អ្នកប្រហែលជាអាចកាត់បន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។ ជាមួយនឹងការញ៉ាំរបបអាហារមានជាតិខ្លាញ់ទាប ការហាត់ប្រាណក៏ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការជួយអោយអ្នកស្ថិតក្នុងទម្ងន់ដ៏មានសុខភាព និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ព្រមទាំងខ្លាញ់ Triglyceride ទៀតផង។
ការសម្រេចចិត្តត្រូវប្រើ Estrogen
អំណះអំណាងមួយចំនួនបង្ហាញអោយដឹងថា ការប្រើអ័រម៉ូនដូចជា Estrogen ក្រោយពីរ៉ាំងរដូវរួច ឬកំពុងប្រើថ្នាំពន្យាកំណើតក្នុងកម្រិតខ្ពស់ប្រហែលជាប្រឈមមុខកាន់តែខ្ពស់ទៅនឹងជំងឺគ្រួសក្នុងថងទឹកប្រមាត់បាន។ បើសិនជាអ្នកកំពុងប្រើអ័រម៉ូនអស់ទាំងនេះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះទៅ៕