រាជធានីភ្នំពេញ ៖ សាលាសង្កាត់ស្ទឹងមានជ័យទី១ បានប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា កាន់តែបារម្ភបីថ្ងៃនេះ មមាញឹកណាស់ មានករណីឆ្លងច្រើន ក្នុងមួយថ្ងៃមិនតិចជាង២០នាក់ទេ គិតតែសង្កាត់ស្ទឹងមានជ័យទី១ តែប៉ុណ្ណោះ ។
សាលាសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ថា ចាប់ផ្ដើមពីអូមីក្រុងឆ្លងចូលសហគមន៍មក សង្កាត់ស្ទឹងមានជ័យទី១ មានករណីឆ្លង សរុប៩៩នាក់ ក្នុងករណីនេះអាជ្ញាធរ សូមកើនរំលឹកចំពោះប្រជាពលរដ្ឋ មេត្តាបង្កើតការប្រុងប្រយ័ត្នអោយបានខ្ពស់ និងចូលរួម អនុវត្តនៅវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង អនុវត្តនៅវិធានការ ការពារ ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវបំផុត ។
លើសពីនេះទៅទៀត អ្នករស់នៅតំបន់មួយនេះ ចូរប្រយ័ត្នប្រយែងបំផុត មិនថានៅផ្ទះ ឬចេញទៅក្រៅ សូមបន្តអនុវត្តន៍វិធានការសុខាភិបាល ៣ការពារ និង ៣កុំ ព្រោះជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍ក្នុងប្រទេសយើងហើយ ។
សូមបញ្ជាក់ថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី១៦ កុម្ភៈនេះថា កូវីដ១៩ បំប្លែងថ្មីអូមីក្រុងបានកំពុងវាយលុកនៅ ក្នុងទីក្រុងភ្នំពេញ និងបណ្តាលខេត្តមួយចំនួន ក្រសួងសុខាភិបាលបានអំពាវនាវជាថ្មី សូមឲ្យប្រជាពលរដ្ឋគោរពវិធានការសុខាភិបាលកុំបីខាន និងសង្ស័យសូមធ្វើតេស្តដោយខ្លួនឯង ហើយបើមានការធ្វេសប្រហែសនឹងឆ្លងកាន់ខ្ពស់ ។