កែសម្រួលដោយ៖ វេជ្ជបណ្ឌិត គង់ រិទ្ធរីណា
ដូចជាអ្វីដែលយើងបានឃើញតាមបណ្តាញសង្គមនាពេលថ្មីៗនេះ មានករណីជាច្រើនដែលយុវជនយើងបានព្យាយាមសម្លាប់ខ្លួនតាមរយៈការលោតស្ពាន។ គេអាចហៅករណីទាំងនោះថា មកពីការខូចចិត្តនឹងស្នេហា ឬ អ្នកខ្លះអាចមកពីការធ្លាក់ទឹកចិត្តស្រោចស្រង់មិនបាន។
លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក ដែលជាអតីតគ្រូបង្គោល បង្រៀននិងព្យាបាល សុខភាពផ្លូវចិត្តនិងបញ្ហាគេងមិនលក់ នៅមន្ទីរពេទ្យព្រះសីហនុនៃក្តីសង្ឃឹម (HOPE) បានលើកឡើងថា មិនមែនឱ្យតែមានជំងឺធ្លាក់ទឹកចិត្ត សុទ្ធតែទៅសម្លាប់ខ្លួនទាំងអស់គ្នានោះទេ។ វាក៏អាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ការប្រាស្រ័យទាក់ទងសុភមង្គលគ្រួសារ ការសិក្សា ក៏ដូចជាការប្រឹងប្រែងក្នុងការរកចំណូលជាដើម។
លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក បានលើកឡើងអំពីរឿង ៦ យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលដែលអ្នកមានឬក៏សង្ស័យថាមានជំងឺធ្លាក់ទឹកចិត្ត។
១. លាក់បាំងរឿងខ្លួនឯងខ្លាំងពេក
មនុស្សជាច្រើនមានបញ្ហាធ្លាក់ទឹកចិត្តក្នុងអារម្មណ៍មួយ ដែលលាក់បាំងពីអ្នកដទៃព្រោះពេលខ្លះមានអារម្មណ៍ខ្លាចខ្មាស់គេ ឬគិតថាជាការទន់ខ្សោយពេលខ្លះទៀតគិតថាខ្លាចអ្នកជុំវិញខ្លួនពិបាកជាដើម។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។ អ្វីដែលត្រឹមត្រូវគប្បីរកមនុស្សដែលចូលចិត្តនិយាយពីរឿងក្នុងចិត្តទើបអ្នកទទួលបានដំណោះស្រាយល្អមកវិញ។
២. ប្រើប្រាស់គ្រឿងស្រវឹងដើម្បីបំភ្លេចទុក្ខព្រួយ
ពេលយើងមិនសប្បាយចិត្តយើងចង់ឱ្យខ្លួនយើងបំភ្លេចចោលនូវការគិតដោយការញ៉ាំស្រា។ ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឱ្យអ្នកឈប់គិតមួយភ្លែតប៉ុន្តែអ្នកប្រឈមនឹងការញៀនស្រានិងការប៉ះពាល់ដល់សុខភាពផ្សេងៗទៀតនៅពេលដែលអ្នកបន្តទម្លាប់នេះរយៈពេលវែង។
៣. ទម្លាប់នៅម្នាក់ឯងខ្លាំងពេក
នៅពេលដែលអ្នកមានអារម្មណ៍ធ្លាក់ចុះ អ្នកចង់នៅម្នាក់ឯងនៅក្នុងបន្ទប់ចាក់សោរចិត្ត ដោយគិតថាមិនមានអ្នកណាបានយកចិត្តទុកដាក់ពេលអ្នកមានរឿងអ្វីៗ។ តែនេះគ្រាន់តែជាអារម្មណ៍នៃបញ្ហាធ្លាក់ទឹកចិត្តតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ទោះជាបែបណាក៏ដោយ ក៏អ្នកនៅតែមានមនុស្សយកចិត្តទុកដាក់ពីអ្នកដែរ គ្រាន់តែភាពស្ងាត់ស្ងៀមរបស់អ្នកមិនអាចឱ្យអ្នកជុំវិញអ្នកជួយអ្នកបាន។
៤. បន្ទោសខ្លួនឯង
ការបន្ទោសខ្លួនឯងក្នុងពេលមានបញ្ហាធ្លាក់ទឹកចិត្តជារឿងដែលឧស្សាហ៍កើតមានញឹកញាប់។ អ្វីដែលគួរគឺពេលខ្លះមិនមែនជាកំហុសអ្នកនោះទេ ហើយបើជាកំហុសក៏វាជារឿងអ្នកអាចដោះស្រាយនិងអធ្យាស្រ័យបានដែរ។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវពង្រឹងឱ្យមានភាពរឹងមាំដើមវិញហើយកែប្រែកំហុសដែលធ្លាប់មាន។
៥. ការមិនយកចិត្តទុកដាក់ពីខ្លួនឯង
បញ្ហាធ្លាក់ទឹកចិត្តអាចឱ្យអ្នកមិនយកចិត្តទុកដាក់ខ្លួនឯង ឃុំខ្លួនឯងក្នុងផ្ទះ ញ៉ាំស្រា ញ៉ាំអាហារ និងមិនធ្វើខ្លួនជាដើម។ ផ្ទុយទៅវិញការយកចិត្តទុកដាក់ពីខ្លួនអ្នក អាចឱ្យអ្នកយកឈ្នះជំងឺធ្លាក់ទឹកចិត្តបានលឿននិងឆាប់ជាសះស្បើយ។ អ្វីដែលគួរធ្វើចំពោះមុខមនុស្សគឺគេងឱ្យឆ្អែតញ៉ាំអាហារអោយទៀងទាត់ហាត់ប្រាណជាជំហានដំបូងម្នាក់គួរធ្វើ។
៦. បោះបង់ចោលនូវក្តីសង្ឃឹម
ចំណុចចុងក្រោយហើយក៏ជាចំនុចដែលសំខាន់ជាងគេដែរ គឺក្ដីសង្ឃឹម។
ការធ្វើសង្គ្រាមយកឈ្នះជំងឺធ្លាក់ទឹកចិត្ត វាជារឿងដែលចំណាយពេលបន្តិចប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចឈ្នះនោះទេ។ យោងតាមការសិក្សានៅឆ្នាំ ២០១៨ ការព្យាបាលបញ្ហាធ្លាក់ទឹកចិត្តបានត្រឹមត្រូវ អាចមានអត្រាជាសះស្បើយរហូតដល់ទៅ ៨០%។
ដូច្នេះប្រសិនជាអ្នកមានបញ្ហាដូចការរៀបរាប់ខាងលើសូមស្វែងរកសេវាកម្មសុខភាពក្នុងការព្យាបាលដើម្បីឱ្យឆាប់ទទួលបានភាពសះស្បើយឡើងវិញ៕