រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជាបានមានប្រសាសន៍ថា ទោះបីប្រឈមការផ្ទុះឡើងវិញនៃវីរុសប្រភេទថ្មីអូមីក្រុងក្តី ក៏គ្មានការបិទប្រទេសឡើងវិញឡើ ។
ថ្លែងក្នុងបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំ ពេញនា ព្រឹកថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២២ ។
សម្តេចតេជោ ៖ «ខ្ញុំសូមបញ្ចប់ពាក្យចចាមអារ៉ាម ដែលថានឹងមានការបិទក្រុង បិទខេត្តជាថ្មី! ការសម្រេចចិត្តបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីលើកមុន គឺជាការសម្រេចដ៏លំបាក ប៉ុន្តែត្រឹមត្រូវ ព្រោះពេលហ្នឹងយើងមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ ដោយឡែកពេលនេះ គឺយើងបានចាក់វ៉ាក់សាំងគ្របដណ្តប់ពេញផ្ទៃប្រទេសហើយ ដូច្នេះមិនមានមូលហេតុអ្វីដែលត្រូវបិទទៀតនោះទេ» ។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ៗថា បើមានករណីផ្ទុះកូវីដ-១៩ នៅក្នុងផ្សារ ឬកន្លែងណាមួយនោះ ក៏មិនបិទទីតាំងនោះទាំងស្រុងទៀតដែរ ពោល គឺមានន័យថា បើមានអាជីវករក្នុងផ្សារមានកូវីដ-១៩ គឺត្រូវឱ្យអាជីវករនោះ ទៅសម្រាកព្យាបាលឱ្យបានត្រឹមត្រូវ ហើយផ្សារទាំងមូលត្រូវដំណើរការលក់ដូរធម្មតា៕