រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ បានអំពាវនាវដល់ឱសថស្ថាន កន្លែងលក់ថ្នាំទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ តាមចិត្ត ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ងាយទិញសម្រាប់ព្យាបាល ។
ថ្លែងក្នុងបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ឱសថស្ថានទាំងអស់ កុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ នៅពេលដែលប្រជាពលរដ្ឋកំពុងមានតម្រូវការនោះ ។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងសុខាភិបាល ដែលមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យថ្នាំព្យាបាលកូវីដ១៩ ត្រូវពង្រឹងការត្រួតពិនិត្យជៀសវាងប្រជាពលរដ្ឋទិញប៉ះថ្នាំក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាព និងខាតបង់ថវិកា ។
សូមបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានកើនឡើងច្រើន នាំឲ្យប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញថ្នាំ Molnupiravir សម្រាប់ព្យាបាលខ្លួនឯងនៅតាមផ្ទះ ៕