បើយោងទៅតាមសមាគមជំងឺភ្នែកអាមេរិក (American Optometric Association) នៅលើពិភពលោកនេះ មានមនុស្សប្រមាណជាង ២៥លាននាក់ហើយដែលមានជំងឺខូចភ្នែកប្រភេទ Macular Degeneration និងជំងឺភ្នែកឡើងបាយដោយសារតែការចាស់ទៅតាមអាយុ។
ជំងឺទាំងនេះកំពុងក្លាយទៅជាមូលហេតុដែលធ្វើអោយមនុស្សខ្វាក់ភ្នែកនៅពេលអាយុចូលខ្ទង់ ៥៥ឆ្នាំ។ ជំងឺទាំងនេះច្រើនតែបណ្តាលមកពីអុកស៊ីតកម្ម និងការរលាកលើគ្រាប់ភ្នែក ប៉ុន្តែការស្រាវជ្រាវបានរកឃើញថា អាហារដែលសម្បូរទៅដោយជីវជាតិ Lutein និង Zeaxanthin អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺភ្នែករ៉ាំរ៉ៃបាន។
ការសិក្សាផ្សេងៗទៀតបានរកឃើញថា របបអាហារដែលសម្បូរវីតាមីន C និង E, Beta Carotene, ស័ង្គសី និងខ្លាញ់អូមេហ្គាបីក៏ជួយការពារកុំអោយមានជំងឺភ្នែកពេលអាយុកាន់តែច្រើនដែរ។ ខាងក្រោមនេះគឺជាប្រភពអាហារចំបងទាំងប្រាំដែលអ្នកគួរតែចាប់ផ្តើមញ៉ាំនៅពេលឥឡូវនេះដើម្បីជំនួយដល់គំហើញភ្នែករបស់អ្នក។
ពោត
វាមិនត្រឹមតែជាហារដែលមានរស់ជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែពោតក៏ផ្ទុកទៅដោយសារធាតុ Lutein និង Zeaxanthin មួយចំនួនដែរ។ អ្នកស្រាវជ្រាវក្នុងសារព័ត៌មាន Jounal of Agricultural Food and Chemistry បានរកឃើញថា ការញ៉ាំអាហារនេះដោយចំអិនធ្វើអោយចំនួនរបស់សារធាតុ Lutein និងកម្រិតអង់ទីអុកស៊ីដង់កើនឡើងបានរយៈពេលយូរ។
ស្ពៃបៃតងចាស់
ស្ពៃបៃតងចាស់ក៏មានសារធាតុ Lutein និង Zeaxanthin មួយចំនួនដែរ។ ដូច្នេះចូរបន្ថែមបន្លែមួយប្រភេទនេះទៅក្នុងអាហារណាមួយដែលជាចំណង់ចំណូលចិត្តរបស់អ្នកទៅ។ ចំណាំ៖ ការចំអិនបន្លែពណ៌បៃតងជួយអោយរាងកាយរបស់អ្នកបឺតស្រូបសារធាតុ Lutein កាន់តែល្អ។
បន្លែប្រូខូលី
បន្លែសម្បូរជាតិសរសៃមួយនេះក៏សម្បូរទៅដោយវីតាមីន C, សារធាតុជំនួយភ្នែក Beta-carotene ព្រមទាំង Lutein និង Zeaxanthinផងដែរ។
ស៊ុត
មធ្យោបាយដ៏ល្អបំផុតដើម្បីចាប់ផ្តើមថ្ងៃថ្មី ស៊ុតដែលផ្ទុកទៅដោយប្រូតេអ៊ីនច្រើនក៏ផ្តល់ជាជីវជាតិដូចជា Lutein, វីតាមីន E និងអូមេហ្គាបីផងដែរ។
ក្រូច
ផ្លែឈើជូរៗទាំងនេះសម្បូរវីតាមីន C ណាស់ សម្រាប់ជួយពង្រឹងដល់ជាលិការភ្នែកអោយមានសុខភាពល្អ។ នេះបើយើងយោងទៅតាមការសិក្សាទៅលើជំងឺភ្នែកដែលទាក់ទងនឹងការចាស់ទោតាមអាយុ ដែលឧបត្ថម្ភដោយវិទ្យាស្ថានភ្នែកជាតិ។ ក្នុងភ្នែក វីតាមីន C ប្រហែលជាជួយធ្វើអោយសារធាតុអង់ទីអុកស៊ីដង់សំខាន់ៗផ្សេងទៀតកើតឡើងវិញដូចជាវីតាមីន E ជាដើម៕