ក្លិនខ្យល់ដង្ហើមមិនល្អ ជាបញ្ហាទូទៅគួរឲ្យរំខានបំផុតមួយដែលកើតឡើងមិនថាចំពោះមនុស្សប្រុស ឬស្រីទេ។ ក្លិនមាត់មិនល្អជារឿងគួរឲ្យខ្មាសមួយដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្តមិនសូវហ៊ាននិយាយជាមួយអ្នកដទៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មូលហេតុបង្កក្លិនមាត់មានច្រើនណាស់ ប៉ុន្តែជាទូទៅការមិនសម្អាតអណ្ដាតឲ្យបានស្អាតជាហេតុចម្បងបំផុត។ អណ្ដាតជាផ្នែកមួយក្នុងមាត់ដែលមានផ្ទុកមេរោគបាក់តេរីដល់ទៅ ៩០ ភាគរយ។ ទោះជាយ៉ាងណាក្លិនមាត់អាចបាត់ទៅវិញជាមួយនឹងវិធីធម្មជាតិងាយៗមួយចំនួន ប្រសិនបើហេតុបង្កនៃបញ្ហានេះមិនមែនបណ្ដាលមកពីជំងឺណាមួយ។ ថាតើមានវិធីអ្វីខ្លះទៅដើម្បីដោះស្រាយបញ្ហាក្លិនមាត់មិនល្អ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់បញ្ហាក្លិនមាត់ ៖
១. តែបៃតង ឬតែខ្មៅ
តែខ្មៅ ឬបៃតង មានផ្ទុកនូវសារធាតុ polyphenols ជួយកម្ចាត់បាក់តេរីក្នុងមាត់ដែលបង្កឲ្យមានក្លិនខ្យល់ដង្ហើមមិនល្អ។ ព្យាយាមទទួលទានតែក្ដៅៗមួយពែងនៅពេលព្រឹក ហើយបើសិនជាអាចទទួលទានតែខ្មៅ ឬបៃតងឲ្យបាន ៣ ដងក្នុងមួយថ្ងៃ។
២. ទឹក
ការទទួលទានទឹកធម្មតា ក៏អាចជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតបំបាត់បញ្ហាក្លិនមាត់មិនល្អផងដែរ! បាក់តេរីដែលមានវត្តមានក្នុងមាត់នឹងត្រូវកម្ចាត់ចេញ ដោយការទទួលទានទឹកច្រើនក្នុងមួយថ្ងៃ។ ហើយកុំភ្លេចទទួលទានទឹកនៅរាល់ពេលអ្នកភ្ញាក់កំឡុងពេលយប់ផង។ វិធីនេះជួយផ្ដល់ឲ្យអ្នកនូវខ្យល់ដង្ហើមស្រស់ថ្លាពេលក្រោកឡើងនៅព្រឹកបន្ទាប់។
៣. ក្រូច
ក្រូច មានផ្ទុកសម្បូរទៅដោយជាតិអាស៊ីត citrus ដែលសម្លាប់បាក់តេរីមិនល្អក្នុងមាត់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែក្រូច ឬទឹកក្រូចច្របាច់ស្រស់ជាការស្រេច។
៤. ផ្លែត្របែក
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនហើយនោះ ត្របែកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ tannic, ផូស្វ័រិក, និងអាស៊ីត malic ជួយកម្ចាត់បាក់តេរីក្នុងមាត់ និងរក្សាសុខភាពអញ្ចាញល្អប្រសើរផងដែរ។ ព្យាយាមទទួលទានផ្លែត្របែកខ្ចី ដើម្បីជៀសផុតពីបញ្ហាក្លិនមាត់មិនល្អ។
៥. ទឹកខ្មេះផ្លែប៉ោម
អ្នកអាចប្រើវាជាទឹកខ្ពុរមាត់! ការសម្អាតមាត់ជាមួយទឹកខ្មេះផ្លែប៉ោមអាចជួយកម្ចាត់មេរោគឆ្លងជាច្រើនក្នុងមាត់បាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកខ្មេះផ្លែប៉ោមប៉ុន្មានដំណក់ក្នុងទឹកធម្មតាមួយកែវ។ កូរឲ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឲ្យបាន ២ ដងក្នុងមួយថ្ងៃ៕