ប្រព័ន្ធតម្រងនោមរួមមាន តម្រងនោម, បំពង់ Ureters, ផ្លោកនោម និងបង្ហួរនោម។ តួនាទីរបស់សរីរាង្គទាំងនេះសុទ្ធតែជួយបញ្ចេញកាកសំណល់ពីក្នុងខ្លួនទាំងអស់។
តម្រងនោម ដែលជាសរីរាង្គដូចគ្រាប់សណ្តែកមួយគូរ ព្រមទាំងស្ថិតនៅផ្នែកខាងក្រោយ និងខាងលើនៃពោះ មាននាទីច្រោះកាកសំណល់ចេញពីឈាម និងកែសម្រួលកំហាប់នៃសារធាតុជាច្រើន។ បំពង់ដែលមានឈ្មោះថា Ureter ជាអ្នកដឹកនាំទឹកនោមចេញពីតម្រងនោមចូលទៅក្នុងផ្លោកនោម ដែលជាកន្លែងស្តុកទឹកនោម និងត្រៀមបញ្ចេញចោលតាមបង្ហួរនោម។
ការរលាកផ្លោកនោមដោយសារបាក់តេរី
ការបង្ករោគលើផ្លូវទឹកមូតជាធម្មតាកើតឡើងនៅពេលបាក់តេរីនៅខាងក្រៅរាងកាយជ្រៀតចូលទៅក្នុងផ្លូវទឹកមូត តាមរយៈបង្ហួរនោម និងចាប់ផ្តើមបំបែកកូនចៅរបស់វា។ ការរលាកផ្លោកនោមភាគច្រើនបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះថា Escherichia Coli (E. coli)។
ចំពោះមនុស្សស្រី ការបង្ករោគក្នុងផ្លោកនោមដោយសារតែបាក់តេរីប្រហែលជាកើតឡើងដោយសារតែការរួមភេទ។ ប៉ុន្តែទោះបីជាស្ត្រីមិនមានសកម្មភាពផ្លូវភេទក៏ដោយ ក៏នាងងាយនឹងមានការបង្ករោគនៅផ្លូវទឹកមូតខាងក្រោមដែរ ដោយសារតែសរីរាង្គផ្លូវភេទរបស់ស្ត្រីច្រើនតែអំណោយផលដល់បាក់តេរីអាចធ្វើអោយរលាកផ្លោកបានតែម្តង។
ការបង្ករោគសំខាន់ៗ
ការបង្ករោគលើផ្លោកនោមដោយសារតែបាក់តេរីសំខាន់ៗមានពីរប្រភេទដូចជា៖
- ការបង្ករោគលើផ្លោកនោមក្នុងសហគមន៍៖ ការបង្ករោគទាំងនេះកើតឡើងនៅពេលអ្នកជំងឺមិននៅក្នុងមន្ទីរពេទ្យតែបែរជាមានជំងឺ។ ការបង្ករោគលើផ្លោកនោមតែងតែកើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស។
- ការបង្ករោគលើផ្លោកនោមក្នុងមន្ទីរពេទ្យ៖ ការបង្ករោគទាំងនេះកើតឡើងលើអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។ ភាគច្រើនវាកើតឡើងទៅលើអ្នកជំងឺងដែលត្រូវការដាក់សុងទឹកនោមជាដើម។
ការរលាកផ្លោកនោមដែលមិនមែនមកពីការបង្ករោគ
ទោះបីជាការបង្ករោគដោយបាក់តេរីច្រើនតែជាមូលហេតុជាញឹកញាប់របស់ជំងឺរលាកផ្លោកនោម ក៏នៅតែមានកត្តាមួយចំនួនទៀតដែរ ដែលវាបង្កឡើងដោយមិនមែនការបង្ករោគ នោះផ្លោកនោមទៅជារលាកទៅវិញ។ ឧទាហរណ៍៖
- ការរលាកផ្លោកនោមប្រភេទ Intersitital៖ មូលហេតុនៃការរលាកផ្លោកនោមរ៉ាំរ៉ៃប្រភេទនេះគឺមិនទាន់ដឹងច្បាស់នោះទេ។ ហើយភាគច្រើនគឺជាមនុស្សស្រីតែម្តង។ ករណីបែបនេះអាចមានការពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល។
- ការរលាកផ្លោកនោមដោយសារប្រើថ្នាំ៖ ថ្នាំមួយចំនួនជាពិសេសថ្នាំព្យាបាលជំងឺមហារីក Cyclophosphamide និង Ifosfamide អាចបង្កការរលាកលើផ្លោកនោមរបស់អ្នកបាន។
- ការរលាកផ្លោកនោមដោយសារការបាញ់កាំរស្មី៖ ការព្យាបាលដោយការបាញ់កាំរស្មីទៅលើតំបន់អាងត្រគៀកអាចបង្កអោយមានការរលាកក្នុងជាលិការផ្លោកនោមបាន។
- ការរលាកផ្លោកនោមដោយជាតិគីមី៖ អ្នកជំងឺខ្លះប្រហែលជាមានប្រតិកម្មជាមួយសារធាតុគីមីដែលមានក្នុងផលិតផលប្រើប្រាស់ដូចជា ពពុះសាប៊ូងូតទឹក, ស្ព្រាយបាញ់សម្អាតអនាម័យផ្លូវភេទស្ត្រី ឬចាហួសសម្លាប់មេជីវិតឈ្មោល ហើយវាប្រហែលជាធ្វើអោយមានប្រតិកម្មអាឡែហ្ស៊ីជាមួយនឹងផ្លោកនោម ទើបចេញជាការរលាកផ្លោកនោមទៅ។
- ការរលាកផ្លោកនោមដែលមានជាប់ទាក់ទងនឹងបញ្ហាផ្សេងៗទៀត៖ ការរលាកផ្លោកនោមពេលខ្លះប្រហែលជាកើតឡើងជាផលរំខានរបស់ជំងឺផ្សេងៗដូចជា ជំងឺមហារីករោគស្ត្រី, ជំងឺរលាកក្នុងអាងត្រគៀក, ជំងឺ Endometriosis, ជំងឺរលាកពោះវៀនប្រភេទ Crohn’s , ជំងឺរលាកពងថ្នកពោះវៀនធំ, ជំងឺ Lupus ឬជំងឺរបេង៕