តើអ្នកកំពុងតែមានអាការៈឈឺបំពង់ករមែនទេ? តើវាពិបាកក្នុងការលេបទឹកមាត់ណាស់មែនទេ? អាការៈនេះអាចជាសញ្ញាដំបូងនៃជំងឺផ្តាសាយហើយ។
រោគសញ្ញានៃអាការៈឈឺបំពង់ករដែលកើតមានជាញឹកញាប់នោះមានដូចជា ក្រហាយ, រមាស់ និងឈឺចាប់ក្នុងបំពង់ករដែលអាចអោយពិបាកដល់ការលេបទឹកមាត់ និងនិយាយ។ មានមូលហេតុច្រើនណាស់ដែលបណ្តលអោយមានបញ្ហានេះកើតមានឡើង ហើយក្នុងនោះភាគច្រើនបំផុតគឺមានវត្តមានបាក់តេរី ឬវីរ៉ុសជាអ្នកបង្ករោគ។ បញ្ហាផ្សេងៗទៀតមានដូចជា បំពង់ករស្ងួតពេក និងជក់បារីជាដើម។ វាក៏ប្រហែលជាអាចទាក់ទងនឹងប្រតិកម្មអាឡែហ្ស៊ីមួយចំនួនទៀតផងដែរ។
សព្វថ្ងៃនេះ មានថ្នាំប្រើប្រាស់សម្រាប់ព្យាបាលអាការៈឈឺបំពង់ករដែលមិនចាំបាច់មានវេជ្ជបញ្ជាមួយចំនួនធំ ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺមនុស្សយើងអាចបំបាត់រោគសញ្ញានេះបានដោយការព្យាបាលបែបធម្មជាតិទៅវិញដូចជា៖
ទឹកអំបិល
នៅពេលអ្នកចង់បំបាត់បញ្ហានៃការឈឺបំពង់ករ អ្វីដែលល្អបំផុតសម្រាប់ព្យាបាលដោយខ្លួនឯង និងមានអាយុកាលចាស់កម្រិលជាងគេនោះគឺការប្រើទឹកអំបិល។ ប្រហែលជាជីដូនរបស់អ្នកធ្លាប់ប្រាប់អ្នកអំពីរឿងនេះហើយមើលទៅ។ ម្យ៉ាងវិញទៀត ចូរយកទឹកក្តៅឧណ្ហៗមួយកែវលាយជាមួយនឹងអំបិលកន្លះសម្លាបព្រាកាហ្វេ ហើយច្របល់វាអោយសប់។ ចូរខ្ពុលមាត់ជាមួយទឹកនេះមួយថ្ងៃអោយបាន ៤ ទៅ ៥ដង ជាពិសេសមុនពេលចូលដេក។ ទឹកអំបិលនេះដើរតួនាទីជាថ្នាំសម្លាប់មេរោគ និងជួយសម្អាតស្លេសក្នុងបំពង់ករទៀតផង។ ទឹកអំបិលក៏ជួយសម្រួលដល់ការឈឺចាប់ក្នុងបំពង់ការបានដែរ។
ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេស្គាល់ថាមានសមាធាតុជាថ្នាំប្រឆាំងនឹងបាក់តេរី។ ចូរលាយទឹកឃ្មុំក្តៅឧណ្ហៗមួយស្លាបព្រាបាយជាមួយម្រេចខ្មៅ បន្ទាប់មកបន្តក់ទឹកខ្ជីពីរបីដំណកជាមួយផង។ ចូរទទួលទានវាទាំងនៅក្តៅឧណ្ហ។ ការប្របល់ចូលគ្នាបែបនេះនឹងជួយបំបាត់ការឈឺចាប់ ព្រមទាំងអោយអាការៈឈឺបំពង់ករឆាប់ជាទៅវិញដែរ។ ទឹកឃ្មុំមានប្រសិទ្ធភាពក្នុងការទាញទឹកចេញពីជាលិការដែលរលាក ដែលជាហេតុនាំអោយកាត់បន្ថយការរហើមបាន។
តែ
តែអាចជួយរាងកាយរបស់អ្នកប្រឆាំងនឹងការបង្ករោគជាច្រើនប្រភេទ ព្រោះស្លឹកតែផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់ដ៏សំខាន់សម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ អ្នកកាច់ស្លឹកតែគ្រប់ប្រភេទដើម្បីទទួលទានសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការឈឺបំពង់ករទាំងអស់។ ជម្រើសដ៏ល្អបំផុតនោះគឺតែបៃតងយកមកច្របល់ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។
ស៊ុបមាន់
អ្នកប្រហែលជាធ្លាប់ព្យាយាមប្រើវិធីព្យាបាលបែបនេះច្រើនដងហើយសម្រាប់ព្យាបាលជំងឺផ្តាសាយ ហើយអ្នកត្រូវតែដឹងការពិតរបស់វាថា វាមានប្រសិទ្ធភាពខ្លាំងក្លាប៉ុណ្ណា នោះគឺអ្នកក៏អាចទទួលបានអត្ថប្រយោជន៍ពីវាសម្រាប់អាការៈឈឺបំពង់ករដូចផ្តាសាយដែរ។ គន្លឹះដ៏សំខាន់នោះគឺថាស៊ុបមាន់ដែលរំងាស់នោះគឺជាជាតិសូដ្យូមដែលដើរតួនាទីជាសារធាតុប្រឆាំងនឹងការរលាក។ ស៊ុបមាន់ក្តៅៗជួយសម្រួលដល់បំពង់ករ ព្រមទាំងអោយរាងកាយមានថាមពលប្រឆាំងនឹងការបង្ករោគទៀតផង។
ក្រូចឆ្មារ
ក្រូចឆ្មាគឺជាថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពមួយសម្រាប់អាការៈឈឺបំពង់ករ ព្រោះវាមានសារធាតុប្រឆាំងនឹងបាក់តេរី។ វីតាមីន C ដែលមានក្នុងក្រូចឆ្មាជួយព្យាបាលការបង្ករោគ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ នេះគឺជាមធ្យោបាយមួយចំនួនដែលអ្នកអាចសាកល្បងបាន។ ចូរកាត់ក្រូចឆ្មាមួយកំណត់, រោយអំបិលលើសាច់របស់វា ហើយលិឍវាតិចៗ។ អ្នកក៏អាចញ៉ាំទឹកក្រូចឆ្មាក្តៅឧណ្ហដើម្បីព្យាបាលអាការៈនេះបានដែរ។ គ្រាន់តែបន្ថែមទឹកក្រូចឆ្មាមួយក្តៅឧណ្ហៗមួយកែវជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាបាយគឺជាការស្រេច។ ការព្យាបាលដោយខ្លួនឯងបែបនេះនឹងជួយអោយអ្នកឆាប់ជាលឿន។អ្នកក៏អាចទទួលបានប្រយោជន៍ដូចគ្នាពីផ្លែឈើជូផ្សេងៗទៀតដែរ។
បើសិនអាការៈនេះមិនបានធូរស្រាលក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីធ្វើដូចវិធីខាងលើរួចហើយទេ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែមទៀតទៅ៕