សម្ពាធឈាមឡើងខ្ពស់ ឬជំងឺលើសឈាម ជាបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភមួយដែលធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើនដូចជា ខ្សោយតម្រងនោម, ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ ប្រសិនបើសម្ពាធឈាមឡើងដល់ 140/90 mm Hg ឬខ្ពសជាងនេះ វាក្លាយជាសញ្ញាគ្រោះថ្នាក់ហើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺទាក់ទឹងនឹងក្រពេញលើតម្រងនោម, ជំងឺតម្រងនោម, ថ្នាំបំបាត់ការឈឺចាប់, ថ្នាំពន្យារកំណើត, ស្ត្រេស, មិនសូវហាត់ប្រាណ, ទទួលទានអាហារមានជាតិប្រៃ ឬអំបិលច្រើន, ទទួលទានគ្រឿងស្រវឹងច្រើនលើសពេក, កត្តាហ្សែន និងជំងឺធាត់ជ្រុល សុទ្ធតែជាមូលហេតុដែលបង្កឲ្យកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ប៉ុន្តែទោះជាយ៉ាងណា អ្នកមិនចាំបាច់ត្រូវខ្ជះខ្ជាយលុយ និងពេលអស់ច្រើនទេ ក៏ព្រោះរូបមន្តបែបធម្មជាតិមួយចំនួនអាចដោះស្រាយបញ្ហានៃសម្ពាធឈាមឡើងខ្ពស់ និងជួយទប់ស្កាត់ជំងឺនេះបានយ៉ាងមានប្រសិទ្ធិភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីងាយៗព្យាបាល ក៏ដូចជាទប់ស្កាត់ជំងឺលើសឈាម ៖
១. ទឹកដូង
ភេសជ្ជៈធម្មជាតិនេះត្រូវបានណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ទឹកដូងមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់។ ចូរទទួលទានទឹកដូងឲ្យបានយ៉ាងហោចណាស់ពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ។
២. បន្លែភ្លៅកង្កែប
បន្លែនេះមានផ្ទុកសមាសធាតុម្យ៉ាងហៅថា phytochemical 3-N-butylphthalide ជួយគ្រប់គ្រងកម្រិតសម្ពាធឈាម។ វាក៏ជួយសម្រួលចរន្តឈាមក្នុងរាងកាយផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានភ្លៅកង្កែបឲ្យបានច្រើន ឬរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៣. ផ្លែចេក
ចេក ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយកម្រិតនៃជាតិសូដ្យូមក្នុងរាងកាយ ក៏ដូចជាសម្ពាធឈាម។ អ្នកអាចបង្កើតភេសជ្ជៈឆ្ងាញ់មួយផ្សំឡើងពីផ្លែចេកដើម្បីកាត់បន្ថយ និងព្យាបាលជំងឺលើសឈាម ដោយគ្រាន់តែយកចេកទុំ ២ ផ្លែ បកសំបកចេញ រួចដាក់វាចូលក្នុងម៉ាស៊ីនក្រឡុក ហើយចាប់ផ្ដើមកិនក្រឡុកផ្លែចេក និងបន្ថែមទឹកដោះគោមួយពែងចូល។ បន្តកិនក្រឡុកសម្រាប់រយៈពេលប៉ុន្មាននាទីសិន សឹមចាក់ចេញដាក់កែវទទួលទានជាការស្រេច។
៤. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកខ្ទឹមសពី ៣ ទៅ ៥ កំពឹស មកបកសំបកចេញ។ បន្ទាប់មកទទួលទានវាទាំងឆៅនៅពេលព្រឹកមិនទាន់ទទួលទានអ្វីផ្សេងឲ្យទៀងទាត់ជាការស្រេច។ ប្រសិនបើអ្នកមិនចេះទទួលទានបែបនេះ អ្នកអាចបន្ថែមខ្ទឹមសដែលបុកម៉ដ្ឋក្នុងទឹកដោះគោ ឬទឹកធម្មតាកន្លះពែង ហើយកូរឲ្យសព្វសិន សឹមទទួលទានរាល់ថ្ងៃជាការស្រេច។
៥. ក្រូចឆ្មារ
វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់គួរឲ្យភ្ញាក់ផ្អើលដើម្បីកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នោះ គឺការប្រើប្រាស់ទឹកក្រូចឆ្មារជាប្រចាំ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកក្រូចឆ្មារស្រស់ ១ ផ្លែ មកកាត់ជាចំណិតៗ រួចច្របាច់យកទឹក។ បន្ទាប់មកលាយទឹកក្រូចឆ្មារស្រស់នេះក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ កូរឲ្យសព្វ សឹមទទួលទានរាល់ព្រឹកពេលពោះទទេមិនទាន់ទទួលទានអ្វីផ្សេង៕