រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋ មុននឹងទិញឱសថ Molnupiravir ព្យាបាលជំងឺកូវីដ១៩ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងប៉ះឱសថក្លែងក្លាយ ឬឱសថគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ខណៈដែលបច្នុប្បន្នមានការចែកចាយឱសថនេះយ៉ាងច្រើននៅលើទីផ្សារ ។ នេះបើយោងតាមផេកក្រសួងព័ត៌មានបានបង្ហោះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ តាមការសង្កេតរបស់ក្រសួងឃើញថា ប្រជាពលរដ្ឋមួយចំនួនជ្រួលច្របល់ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺកូវីដ១៩ Molnupiravi ដែលធ្វើឱ្យជនឆ្លៀតឱកាសបានចែកចាយ និងផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ពុំមានលេខទិដ្ឋាការ ឬបញ្ចិកាពីក្រសួងសុខាភិបាលកំពុងចរាចរនៅលើទីផ្សារ ។
ដូច្នោះលោកជំទាវ អំពាវនាវប្រជាពលរដ្ឋទាំងអស់ នៅពេលដែលទិញឱសថនេះយកទៅប្រើប្រាស់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លេខទិដ្ឋាការ ឬបញ្ជិកាដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលពីព្រោះឱសថក្លែងក្លាយ និងគ្មានលេខបញ្ជិកា គឺមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង ។
«សូមប្រជាពលរដ្ឋយើងទាំងអស់ទិញ ឬប្រើប្រាស់តែឱសថព្យាបាលជំងឺកូវីដ១៩ ណាដែលមានចុះបញ្ជិកានៅក្រសួងសុខាភិបាល ដោយពិនិត្យនៅលើប្រអប់ថ្នាំ ដោយមានបិទលេខបញ្ជិកាត្រឹមត្រូវ ។ ព្រោះក្រសួងសុខាភិបាលបានតាមដានប្រភេទឱសថគ្មានបញ្ជិកា ដោយដាក់លក់នៅលើទីផ្សារ ហើយក៏បានជូនព័ត៌មានស្ដីពីការហាមប្រើប្រាស់នៅមុខឱសថដែលខុសច្បាប់ទាំងនោះផងដែរ ។ ហើយបច្ចុប្បន្ននេះមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងសុខាភិបាល ក៏កំពុង អធិការកិច្ចត្រួតពិនិត្យការងារទាំងអស់នេះនៅតាមទីតាំងដាក់លក់និងផ្សព្វផ្សាយឱសថមិនមានច្បាប់ទម្លាប់ ហើយនឹង ឈានទៅរកការអនុវត្តន៍ច្បាប់ជាធរមានផងដែរ។»
លោកជំទាវក៏បានស្នើឱ្យអ្នកទទួលខុសត្រូវ និងម្ចាស់ឱសថស្ថាននានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា លើការធ្វើអាជីវកម្មលក់ដូរឱសថ គ្រឿងសម្អាង និងគ្រឿងបរិក្ខារពេទ្យរបស់ខ្លួន ដោយមិនត្រូវឆ្លៀតកេងចំណេញច្រើនហួសហេតុពេក ដោយដំឡើងថ្លៃមុខឱសថ និងបរិក្ខារសម្រាប់ការការពារ និងព្យាបាលជំងឺកូវីដ១៩នោះ ។ ហើយអ្នកដែល ប្រព្រឹត្តល្មើសនឹងច្បាប់គ្រប់គ្រងឱសថរបស់ព្រះរាជាណាចក្រកម្ពុជានឹងត្រូវទទួលទោសតាមច្បាប់ ដែលមានជាធរមាន ៕