ការមានផ្ទៃពោះដែលបញ្ចប់មុនពេលសប្តាហ៍ទី១២ គឺជាការរលូតកូននៅដំណាក់កាលដំបូង។ វាអាចដោយសារតែគ្រោះថ្នាក់ដោយចៃដន្យ ឬប្រតិកម្មណាមួយដែលធ្វើអោយមានជំងឺ។
មូលហេតុនៃការរលូតកូននៅដំណាក់កាលដំបូងនៃផ្ទៃពោះ:
- ភាពមិនធម្មតារបស់ក្រូម៉ូសូម៖ បើសិនជាមានខូចខាតក្នុងក្រូម៉ូសូមរបស់ឪពុកម្តាយ នោះប្រហែលជាអាននឹងនាំអោយមានការលូតកូនហើយ។ ភាពមិនធម្មតាក្នុងចំនួន ឬរចនាសម្ព័ន្ធរបស់ក្រូម៉ូសូមកូនគឺជាហេតុផលដ៏ធំធេងមួយសម្រាប់ការរលូតកូន។
- បញ្ហាសុខភាពរបស់ម្តាយ៖ ការដែលម្តាយមានបញ្ហាសុខភាពប្រហែលជាធ្វើអោយប្រឈមកាន់តែខ្លាំងនឹងការបាត់បង់កូននៅក្នុងផ្ទៃ។ បញ្ហាមួយចំនួនទាក់ទងនឹងភាពមិនធម្មតារបស់ប្រព័ន្ធភាពស៊ាំដូចជា ជំងឺបេះដូងពីកំណើត, ជំងឺស្បែក Lupus, ជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រង, ជំងឺតម្រងនោមធ្ងន់ធ្ងរ, ការបង្ករោគក្នុងស្បូន និងជំងឺក្រពេញទីរ៉ូអ៊ីត។
- អតុល្យភាពអ័រម៉ូន៖ បើសិនជាស្ត្រីម្នាក់មានខូចខាត ឬបាត់បង់ដំណាក់កាល Luteal Phase ដែលជាហេតុនាំអោយរាងកាយរបស់នាងមិនអាចបញ្ចេញអ័រម៉ូនប្រូហ្សេសស្តេរ៉ូន ( Progesterone) គ្រប់ គ្រាន់សម្រាប់ថែរក្សាកូនទេ នាងប្រហែលជាអាចរលូតកូនហើយ។
- បញ្ហារចនាសម្ព័ន្ធរាងកាយ៖ បើយោងទៅតាមសៀវភៅ The Mother of All Pregnancy Books បានអោយដឹងថា ភាពមិនធម្មតាពីកំណើតរបស់ស្បូន និងមាត់ស្បូន, ជំងឺដុំក្នុងស្បូន, ស្បូនស្អិត, ផលវិបាកផ្សេងៗដែលបណ្តាលមកពីការរំលូតកូនដូចជា ដាច់ដោចលើមាត់ស្បូន និងការបង្ករោគ ព្រមទាំងមាត់ស្បូនបើកជាប់រហូតគឺជាបញ្ហាមួយចំនួនដែលនាំអោយរលូតកូនដែរ។ ក្នុងសៀវភៅនេះបញ្ជាក់ទៀតថា បញ្ហាមួយចំនួនទាំងនេះអាចព្យាបាលបាន។
- ការបង្ករោគដោយបាក់តេរី និងវីរុស៖ ការបង្ករោគមួយចំនួនដែលស្ត្រីជួបប្រភេទក្នុងពេលមានផ្ទៃពោះដូចជា អុតស្វាយ ទំនងជាមិនអាចរំខានដល់ការមានផ្ទៃពោះបានទេ ប៉ុន្តែការបង្ករោគផ្សេងៗទៀតដូចជា Group B Strep ទំនងជាអាចមានបញ្ហាក្នុងដំណាក់កាលយូរនៃការមានផ្ទៃពោះ ឬក្នុងពេលសម្រាល។
- ការប្រើប្រាស់ថ្នាំ និងស្រា៖ ស្ត្រីដែលផឹកស្រាច្រើនៗ ឬប្រើថ្នាំក្នុងពេលមានផ្ទៃពោះមានការប្រឈមមុខកាន់តែខ្ពស់នឹងការរលូតកូន។
- កូនក្រៅស្បូន៖ ការមានផ្ទៃពោះដែលមិនកើតឡើងក្នុងស្បូនហៅថាកូនក្រៅស្បូន។ ពងកូនដែលរលាយចូលគ្នារវាងមេជីវិតញី និងឈ្មោលរួចនឹងត្រូវលូតលាស់កន្លែងផ្សេង ដែលភាគច្រើនគឺនៅក្នុងបំពង់ដៃស្បូនជាងក្នុងស្បូនធម្មតា។ ពងកូនចាប់ផ្តើមលូតលាស់ និងបង្កអោយមានការហូរឈាមក្នុងពោះ ដូច្នេះត្រូវតែធ្វើការរំលូតអោយបានលឿន។
- ស្ត្រេស និងសម្ពាធដែលប៉ះពាល់ទៅលើស្ត្រីក៏ជាហេតុផលដែលអាចអោយរលូតកូនអោយបានដែរ។
- ការប្រឈមនឹងសារធាតុគ្រោះថ្នាក់៖ បើសិនជាស្ត្រីប្រឈមមុខនឹងកាំរស្មី, ថ្នាំព្យាបាលជំងឺមហារីក, សារធាតុគីមី, ជក់បារី និងញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក សុទ្ធតែធ្វើអោយប្រឈមកាន់តែខ្ពស់នឹងការរលូតកូនហើយ៕