អាហារមួយចំនួនអាចធ្វើអោយរាគឬក៏ស្ថានភាពរាគកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ អ្នកត្រូវប្រយ័ត្នហើយស្គាល់អំពីអាហារទាំងអស់នេះ។
បង្កការរាគ៖ អាហារឆា ឬចៀន
ការញ៉ាំអាហារឆា ឬចៀន ដែលមានជាតិខ្លាញ់ខ្ពស់ អាចធ្វើអោយរាគបាន។ ទឹកជ្រលក់ច្រើន, សាច់ជាប់ខ្លាញ់ និងបង្អែមមានជាតិក្រែមច្រើនអាចធ្វើអោយគ្រោះថ្នាក់ដែរ។ ចូរជ្រើសរើសអាហារបែបអាំង ឬដុត និងមានទឹកជ្រលក់តិចតួចបានហើយ ជាពិសេសបន្លែតែម្តង។
គ្រោះថ្នាក់ដល់ពោះវៀន៖ ផ្លែឈើមានជាតិជូរ
ដោយសារតែផ្លែឈើមានជាតិជូរសម្បូរជាតិសរសៃ ដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់ពោះវៀនលើមនុស្សមួយចំនួនបាន។ ចូរញ៉ាំផ្លែក្រូច, និងផ្លែឈើជូរៗផ្សេងទៀតតិចតួចបានហើយបើសិនជាអ្នកមានអារម្មណ៍ថាចង់ក្អួត។
រាគរូស និងឈឺចាប់បែបរមួល៖ ស្ករសម្បនិមិត្ត
ការទំពារស្ករកៅស៊ូគ្មានជាតិស្ករដែលធ្វើពីសារធាតុ Sorbitol ច្រើនពេកត្រូវបានគេរកឃើញថា ជាអ្នកបង្កអាការៈរាគរូស និងឈឺចាប់បែបរមួល។ ការទទួលទានសារធាតុ Sorbitol ច្រើនជាង ៥០ក្រាមក្នុងមួយថ្ងៃប្រហែលជាធ្វើអោយអ្នកមានបញ្ហាពោះវៀនបាន។ វាមិនមែនមានតែស្ករកៅស៊ូទេ ប៉ុន្តែអាហារទាំងឡាយណាក៏ដោយអោយតែមានជាតិស្ករសប្បនិមិត្តច្រើនសុទ្ធតែអាចធ្វើអោយអ្នករាគបានទាំងអស់។ ចំពោះហេតុផលនោះគថា រាងកាយរបស់យើងមិនអាចរំលាយសារធាតុ Sorbitol បានទេ។
ផោមច្រើន និងហើមពោះ៖ ជាតិសរសៃច្រើនពេក
អាហារដែលមានជាតិសរសៃច្រើនដូចជា បន្លែ និងគ្រាប់ធញ្ញជាតិគឺជាអាហារដ៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែបើសិនជាអ្នកចាប់ផ្តើមញ៉ាំអាហារទាំងនេះច្រើនពេក ប្រព័ន្ធរំលាយអាហារប្រហែលជាមានបញ្ហាក្នុងការផ្លាស់ប្តូរជាមិនខាន ដែលវាជាហេតុនាំអោយហើមពោះ និងផោមច្រើន។
ផោម និងឈឺចាប់បែបរមួល៖ សណ្តែក
ប្រភពបញ្ហាដែលគេជួបប្រទះជាញឹកញាប់នោះគឺថា សណ្តែកផ្ទុកទៅដោយជាតិស្ករដែលមិនអាចរំលាយបាន ដូច្នេះវានឹងធ្វើអោយផោម និងឈឺចាប់បែបរមួលបាន។ រាងកាយមនុស្សខ្វះអង់ស៊ីមសម្រាប់បំបែកជាតិស្ករទាំងនេះដូច្នេះ បាក់តេរីក្នុងពោះវៀនជាអ្នករ៉ាប់រងរឿងនេះ ទើបធ្វើអោយចេញជាជាតិខ្យល់ច្រើន។
ក្រហាយដើមទ្រូង និងក្រពះមិនកិនអាហារ៖ អាហារហឺរ
អ្នកខ្លះធ្លាប់មានបញ្ហាក្រពះមិនកិន ឬក្រហាយដើមទ្រូងក្រោយពីញ៉ាំអាហារហឺររួច ជាពិសេសក្រោយពីញ៉ាំឆ្អែតពេក។ អ្នកស្រាវជ្រាវមួយចំនួនបានអោយដឹងថា សារធាតុធ្វើអោយហឺរដែលមានក្នុងម្ទេស ឈ្មោះថា Capsaicin ប្រហែលជាធ្វើអោយក្រហាយដើមទ្រូងបាន៕