គ្រូពេទ្យគួរតែមើលអោយបានដិតដល់ទៅលើសុខភាពទូទៅរបស់អ្នកជំងឺ ជាពិសេសបុរសដែលងាប់លិង្គតែម្តង។ បុរសដែលមានបញ្ហាងាប់លិង្គបន្តិចបន្តួច (មិនដឹងថាមានបញ្ហាបេះដូង) មានការប្រឈមមុខដ៏ធំមួយទៀតគឺជំងឺបេះដូង-សរសៃឈាមនៅពេលអនាគត។ នៅពេលដែលអាការៈងាប់លិង្គមានការកើតឡើងកាន់តែច្រើន នោះសញ្ញាអាថ៌កំបាំងរបស់ជំងឺបេះដូង និងការប្រឈមនឹងការស្លាប់ក៏កើតមានដែរ។
អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី បានរកឃើញថា គ្មានអ្វីភ្ញាក់ផ្អើលទេដែលថា មនុស្សប្រុលធ្លាប់ដឹងរួចទៅហើយដែលពួកគេនឹងអាចមានជំងឺបេះដូងជាមួយគ្នានឹងការងាប់លិង្គធ្ងន់ធ្ងរ។
បើយោងទៅតាមការវិភាគបានអោយដឹងថា ក្នុងចំណោមបុរសអាយុចាប់ពី ៤៥ឆ្នាំឡើងទៅដែលមិនមានជំងឺបេះដូង ពួកគេអាចនឹងមានបញ្ហាងាប់លិង្គពីកម្រិតមធ្យមទៅធ្ងន់ធ្ងររហូតដល់ ៥០ភាគរយ ហើយទំនងជាត្រូវសម្រាកក្នុងមន្ទីរពេទ្យទៀតដោយសារតែបញ្ហាបេះដូង។ ការងាប់លិង្គទៅបង្កើនការប្រឈមនឹងការសម្រាកក្នុងមន្ទីរពេទ្យកាន់តែច្រើននៅពេលពួកគេមានប្រវត្តកើតជំងឺបេះដូង-សរសៃឈាមពីមុនមក។
បញ្ហានៃការឡើងរឹងរបស់លិង្គដែលកើតមានច្រើនតែលើបុរសវ័យចំណាស់មិនអាចធានាថាមិនមានបញ្ហាបេះដូងឡើយ។ ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត អ៊ីមីលី បេង (Dr. Emily Banks) ប្រធានការសិក្សាស្រាវជ្រាវ និងជាសាស្ត្រាចារ្យខាងផ្នែកជំងឺរាតត្បាតនៅឯ Australian National University’s National Center For Epidemiology and Population Health បាននិយាយថា “បុរសដែលងាប់លិង្គគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ និងសុំអោយគាត់ពិនិត្យលើបញ្ហាបេះដូងផង។ បុរសដែលងាប់លិង្គត្រូវតែធ្វើការវាយតម្លៃរកមើលការប្រឈមនឹងជំងឺបេះដូង-សរសៃឈាមនៅពេលអនាគត ហើយការវាយតម្លៃនៃការប្រឈមមុខទាំងអស់ត្រូវតែមានការគ្រប់គ្រងអោយបានល្អ”។
វេជ្ជបណ្ឌិត បេង បានបន្ថែមទៀតថា តាមការប៉ាន់ស្មាន ៦០ភាគរយនៃបុរសដែលមានវ័យចាប់ពី ៧០ឆ្នាំឡើងទៅនឹងមានបញ្ហាងាប់លិង្គពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ។ បញ្ហានេះអាចធ្វើអោយថយចុះដល់សកម្មភាពផ្លូវភេទ និងទាមទាអោយមានការប្រើប្រាស់ថ្នាំដូចជា Viagra ដែលវាអាចនឹងកើតមានផលរំខាន និងមានការលំបាកនៅពេលកំណត់ចំនួនប្រើប្រាស់។
មូលហេតុមួយចំនួនអាចនាំអោយងាប់លិង្គបាន ប៉ុន្តែវេជ្ជបណ្ឌិត បេង និយាយថា “វាគឺជាចំណេះដឹងទូលំទូលាយមួយដែលការងាប់លិង្គគឺជាលទ្ធផលដ៏ខ្លាំងក្លាមួយនៃជំងឺបេះដូង-សរសៃឈាម”។
វេជ្ជបណ្ឌិតធ្លាប់ជឿជាក់ថា ការងាប់លិង្គគឺជាសញ្ញាដំបូងគេនៃបញ្ហាបេះដូង ប៉ុន្តែវាមិនទាន់ច្បាស់អំពីមូលហេតុនៅឡើយទេ។ វេជ្ជបណ្ឌិត បេង និយាយថា វាអាចទៅរួចដែលថា សរសៃឈាមអាក់ទែរបស់លិង្គមានលក្ខណៈតូចជាងសរសៃឈាមនៅផ្នែកផ្សេងៗនៃរាងកាយ ហើយទំនងជាអាចរកឃើញបញ្ហាជាច្រើនទៀតនៅពេលដែលសរសៃឈាមទាំងអស់នោះមានការខូចខាត ឬចុះខ្សោយ។
ការសិក្សាថ្មីសំដៅទៅលើការបង្កើននូវភាពច្បាស់លាស់ចំពោះភាពធ្ងន់ធ្ងរនៃការងាប់លិង្គធ្វើអោយប្រឈមមុខកាន់តែខ្ពស់នឹងជំងឺបេះដូង-សរសៃឈាម។ អ្នកស្រាវជ្រាវបានតាមដានទៅលើបុរសប្រមាណជាង ៩៥០០០នាក់ដែលមានអាយុចាប់ពី ៤៥ឆ្នាំឡើយទៅ និងធ្វើការបៀបធៀបទៅនឹងទិន្នន័យដែលប្រមូលបាននៅចន្លោះពីឆ្នាំ ២០០៦ និង ២០០៩រហូតដល់ឆ្នាំ ២០១០។
អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលមានអាការៈងាប់លិង្គធ្ងន់ធ្ងរទំនងជាមានការប្រឈមនឹងការកើតជំងឺខ្សោយបេះដូងរហូតដល់ ៨ដង, មានជំងឺបេះដូងច្រើនរហូតដល់ ៦០ភាគរយ និងអាចស្លាប់ដោយសារតែមូលហេតុផ្សេងៗរហូតដល់ពីរដងឯណោះ នេះបើយើងប្រៀបនឹងបុរសដែលគ្មានបញ្ហា៕