អាហារដែលធ្លាប់ស្គាល់ និងតម្លៃថោកទាំងនេះ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពទូទៅ ជាពិសេសគឺ សួត។
ផ្លែប៉ោម
ផ្លែប៉ោមមានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជាពិសេសវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយឱ្យប្រព័ន្ធផ្លូវដង្ហើមមានសុខភាពល្អ។ លើសពីនេះទៀតសារធាតុ quercetin នៅក្នុងផ្លែប៉ោមក៏មានប្រសិទ្ធភាពការពារសួតពីការបំពុលពីខ្យល់ផងដែរ។
ការស្ទង់មតិមួយដោយគេហទំព័រសុខភាព Healthline បានបង្ហាញថា អ្នកដែលញ៉ាំផ្លែប៉ោមទៀងទាត់កាត់បន្ថយហានិភ័យនៃការថយចុះមុខងារសួត។ លើសពីនេះ ការទទួលទានផ្លែប៉ោម ៥ផ្លែក្នុងមួយសប្តាហ៍ ក៏ជួយកែលម្អសុខភាពសួត កាត់បន្ថយហានិភ័យនៃជំងឺហឺត។
តែ
តែបៃតងមិនត្រឹមតែជួយឱ្យមនុស្សនៅក្មេងបានយូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលខ្លាំងដល់សួតផងដែរ ។ ភេសជ្ជៈនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង epigallocatechin gallate (EGCG)។ EGCG ជួយឱ្យសួតជួសជុលខ្លួនដោយរារាំងសរសៃ ឬស្នាមនៅក្នុងជាលិកាសួត។ លើសពីនេះ Theophylline ក្នុងតែបៃតងក៏មានប្រសិទ្ធភាពពង្រីកទងសួត ធ្វើអោយមុខងារផ្លូវដង្ហើមប្រសើរឡើង កាត់បន្ថយការដកដង្ហើមខ្លីៗ។ការសិក្សាជាច្រើនទៀតបានបង្ហាញថាការផឹកតែបៃតងជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺសួតស្ទះរ៉ាំរ៉ៃ។
អ្នកគួររក្សាទម្លាប់ផឹកតែបៃតង ១-២ ពែងក្នុងមួយថ្ងៃ ហើយគួរផឹកនៅពេលព្រឹកដើម្បីរក្សាចិត្តឱ្យភ្លឺថ្លា។
ចេក
ប៉ូតាស្យូមក្នុងផ្លែចេកមានប្រសិទ្ធភាពជួយឱ្យសួតកន្ត្រាក់ និងពង្រីក ការពារបញ្ហាផ្លូវដង្ហើម ។ លើសពីនេះ ចេកក៏ជួយរក្សាមុខងារសួត កាត់បន្ថយហានិភ័យនៃការដកដង្ហើមដោយជំងឺហឺតចំពោះកុមារ។
អ្នកគួរតែញ៉ាំចេកនៅពេលព្រឹក ឬក្រោយអាហារសំខាន់ប្រហែល 1-2 ម៉ោង ដើម្បីលើកកំពស់ប្រព័ន្ធរំលាយអាហារ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ អ្នកអាចញ៉ាំចេកជាមួយទឹកដោះគោជូរ ទឹកឃ្មុំ ដើម្បីកាត់បន្ថយជាតិអាស៊ីត និងជំរុញរាងកាយឱ្យផលិតសារធាតុ Melatonin ដើម្បីជួយឱ្យគេងលក់ស្រួល។
ប៉េងប៉ោះ
ប៉េងប៉ោះមិនត្រឹមតែល្អសម្រាប់ស្បែកប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់សួតទៀតផង។ ផ្លែឈើនេះមានផ្ទុកសារធាតុ Lycopene យ៉ាងច្រើន ដែលជួយប្រឆាំងនឹងការរលាក និងកាត់បន្ថយរោគសញ្ញានៃជំងឺហឺត។ លើសពីនេះ សារធាតុនេះក៏ជួយកម្ចាត់ស្លេស្មក្នុងផ្លូវដង្ហើម ធ្វើឱ្យងាយស្រួលដកដង្ហើម។
ទឹកដោះគោជូរ
ទឹកដោះគោជូរ មិនត្រឹមតែជួយកែលម្អប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធផ្លូវដង្ហើម ធ្វើអោយប្រសើរឡើងនូវមុខងារសួត។ ទឹកដោះគោជូរសម្បូរជាតិកាល់ស្យូម ប៉ូតាស្យូម និងផូស្វ័រ ដើម្បីជួយលើកកម្ពស់សុខភាពសួត និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃ។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុង Journal of the American Medical Association បានឱ្យដឹងថា ការទទួលទានទឹកដោះគោជូរអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតបាន 33% បើប្រៀបធៀបទៅនឹងអ្នកដែលមិនទទួលទានទឹកដោះគោជូរ។
ចំណាំ៖ អ្នកគួរតែញ៉ាំទឹកដោះគោជូរនៅសីតុណ្ហភាពធម្មតា ចៀសវាងការញ៉ាំទឹកដោះគោជូរត្រជាក់ ឫកក ព្រោះវាអាចធ្វើឲ្យរលាកបំពង់ក ក្អក និងបង្កើតក្លិនមាត់៕