ការគេង គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងភាពតានតឹង និងដើម្បីមានសុខភាពល្អ។ ដើម្បីទទួលបានដំណេក ប្រកបដោយការសម្រាកគ្រប់គ្រាន់ សូមអនុវត្តតាមគន្លឹះទាំងនេះ។
ការគេង គឺជាពេលវេលាដែលខួរក្បាល និងរាងកាយបង្កើតថាមពលឡើងវិញ សម្រាប់ថ្ងៃថ្មីមួយផ្សេងទៀត។ មនុស្សភាគច្រើន មិនបានគេងគ្រប់គ្រាន់ឡើយ។ ភាពតានតឹង និងតម្រូវការជារៀងរាល់ថ្ងៃ អាចមានផលប៉ះពាល់អវិជ្ជមានដល់ការគេងរបស់អ្នក។ ទាំងការគេងតិចពេក ឬច្រើនពេក អាចធ្វើអោយលំបាកណាស់ក្នុងដំណើរការមុខងាររាងកាយបានល្អបំផុត។ ការគេងបានល្អប្រសើរ ហើយក្រោកឡើងដោយមានអារម្មណ៍ថា បានសម្រាកគ្រប់គ្រាន់ គឺត្រូវអនុវត្តតាមដំបូន្មានដូចខាងក្រោមនេះ ៖
- បរិភោគអាហារ (ជាពិសេសអាហារពេលល្ងាច) នៅពេលដូចគ្នា ជារៀងរាល់ថ្ងៃ ហើយយ៉ាងហោចណាស់ពីរទៅបីម៉ោង មុនពេលចូលគេង។
- គេងថ្ងៃអោយមានកំណត់ត្រឹម ៣០ នាទី ដែលយ៉ាងហោចណាស់ប្រាំមួយទៅប្រាំបីម៉ោង មុនពេលចូលគេងពេលយប់។
- រស់នៅអោយបានសកម្ម ព្រោះសកម្មភាពណាមួយក៏ដោយ គឺសុទ្ធតែល្អ។ ចំពោះលទ្ធផលដ៏ល្អបំផុត គឺត្រូវមានសកម្មភាពពី ២០ ទៅ ៣០ នាទីក្នុងមួយថ្ងៃយ៉ាងហោចណាស់បួនទៅប្រាំមួយម៉ោង មុនពេលចូលគេង។
- បន្ថយការទទួលទានជាតិកាហ្វេអ៊ីន និងជៀសវាងវា បន្ទាប់ពីថ្ងៃត្រង់។ ដូចគ្នានេះផងដែរ សូមជៀសវាងថ្នាំ ដូចជាថ្នាំផ្តាសាយ និងជាតិនីកូទីន។
- ចូលគេងនៅពេលដូចគ្នា ជារៀងរាល់យប់ ហើយក្រោកឡើង ក៏នៅពេលវេលាដូចគ្នាជារាល់ព្រឹក សូម្បីតែនៅថ្ងៃចុងសប្តាហ៍។
រយៈពេលនៃការគេងមានសុខភាពល្អ សម្រាប់មនុស្សពេញវ័យគឺ ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។ ប្រសិនបើបច្ចេកទេសទាំងនេះ មិនអាចជួយអ្នកបាន សូមពិភាគ្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ សូមចងចាំថា បញ្ហានៃការគេង គឺអាចព្យាបាលបាន៕