មានចលនា ឬសកម្មភាពមួយចំនួនដែលអ្នកមិនគួរធ្វើឡើយក្រោយពេលដែលអ្នកមានផ្ទៃពោះរួច ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងពោះ និងអ្នកម្តាយខ្លាំងណាស់ ដូចនេះតើអ្នកគួរតែចៀសវាងកុំប្រព្រឹត្តចលនាអ្វីខ្លះទៅ?

- នៅពេលដែលអ្នកឈូងដៃយករបស់ដែលខ្ពស់មិនបាន អ្នកមិនត្រូវចង្អើតជើងយកនោះទេ ព្រោះវាប៉ះពាល់ដល់អ្នក និងកូនខ្លាំងណាស់នៅពេលដែលអ្នកដួល ដោយសារតែនៅពេលដែលអ្នកចង្អើត ខ្លួនអ្នកគ្មានលំនឹងហើយ ដូចនេះចូលអ្នកកុំប្រព្រឹត្តសកម្មភាពដែលគ្រោះថ្នាក់បែបនេះ។
- អ្នកមិនត្រូវវាលឡើងខ្ពស់ដើម្បីបោសសម្អាតនោះទេ ព្រោះវាងាយនឹងធ្វើឲ្យប៉ះត្រូវពោះរបស់អ្នកដែលអាចធ្វើឲ្យប៉ះពាល់ដល់កូន ជាងនេះទៅទៀតបើអ្នកមិនប្រយត្ន័ ឬរអិលជើង នោះអ្នកអាចធ្លាក់ចុះមកក្រោមបាន។
- អ្នកមិនត្រូវអង្គុយតងទាក់ខ្លាឡើយនៅពេលដែលអ្នកមានផ្ទៃពោះ ព្រោះវាអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល ជាហេតុដែលអាចធ្វើឲ្យជើងអ្នកហើមបានគ្រប់ពេល ដូចនេះអ្នកគួរតែអង្គុយដាក់ជើងធម្មតាទៅបានហើយ។
- អ្នកមិនត្រូវយួររបស់ដែលធ្ងន់ ឬពរកូនឡើយ ព្រោះវាអាចធ្វើឲ្យពោះអ្នកមានសំពាធកាន់តែខ្លាំង ជាហេតុដែលងាយធ្វើឲ្យអ្នករលូតកូន និងកើតមុនខែបាន។
- អ្នកមិនត្រូវអង្គុយយូរ និងឈរយូរនោះទេ ព្រោះវានឹងងាយធ្វើឲ្យអ្នកមានអាការៈហើមជើង ថែមទាំងអាចធ្វើឲ្យអ្នកឈឺចង្កេះទៀត ដោយសារតែស្បូនអ្នកកំពុងដែលរីកធំ ដូចនេះនៅពេលដែលអ្នកអង្គុយយូរ ចាបពី៣០នាទី ដល់៦០នាទីអ្នកអាចងើបឡើងមកដើរបាន។
- អ្នកមិនត្រូវឱនទៅរើសរបស់នៅក្រោមដីនោះទេ ព្រោះនៅពេលដែលអ្នកឱន វាអាចប៉ះពាល់ដល់ចង្កេះអ្នកបាន ជាពិសេសអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៀត ហើយនៅពេលដែលអ្នកងើបមកវិញ អ្នកនឹងអាចមានអាការៈវិលមុខជាមិនខាន។
- នៅក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនត្រូវរត់ និងលោតនោះទេ អ្នកត្រូវតែដើរយឺតៗទើបល្អចំពោះកូនក្នុងផ្ទៃ។
- នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរប្រើចលនាហាត់ប្រាណផ្សេងៗដែលអាចធ្វើឲ្យអ្នក និងកូនមានគ្រោះថ្នាក់ឡើយអ្នកគួរតែជ្រើសរើសសកម្មភាពមួយចំនួនដែលងាយស្រួល ហើយសាមញ្ញៗមកហាត់ទៅបានហើយ។
- អ្នកមិនត្រូវអង្គុយច្រហោង ឬលុតជង្គង់មកធ្វើការងារផ្ទះនោះទេ ព្រោះនៅពេលដែលអ្នកងើបឡើង អ្នកនឹងអាចមានអាការៈវិលមុខ ជាងនេះទៅទៀតវានឹងប៉ះពាល់ដល់កូនខ្លាំងណាស់ ដោយសារតែអ្នកអង្គុយកៀបពោះអ្នកក្នុងរយៈពេលយូរ វានឹងប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃខ្លាំងណាស់៕