មានវិធី៣យ៉ាងដែលអ្នកអាចប្រើបានដើម្បីលាងសម្អាតពោះវៀនធំ ធ្វើឱ្យមានសុខភាពល្អ។
ក- តាមរយៈចំណីអាហារ
១- ញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃ
ជាតិសរសៃអាចប្រៀបបានទៅនឹងអំបោសដែលអ្នកប្រើដើម្បីបោសសម្អាតប្រព័ន្ធរំលាយអាហារអីចឹងដែរ។ វាជាសារជាតិចិញ្ចឹមរាងកាយដែលមិនត្រូវបានរំលាយទេ ក៏ប៉ុន្តែវាជួយឱ្យពោះវៀនកន្ត្រាក់បានល្អ និងជួយសម្អាតពោះវៀន។ ការញ៉ាំជាតិសរសៃអាចជួយលាងសម្អាតពោះវៀនធំបាន។
ជាតិសរសៃមាននៅក្នុងគ្រាប់ធញ្ញជាតិ ផ្លែស្ត្រប៊ែរី ផ្លែប៉ោម សណ្តែក និងបន្លែស្រស់។ អ្នកត្រូវញ៉ាំជាតិសរសៃឱ្យបានពី២០ទៅ៣៥ក្រាមក្នុង១ថ្ងៃៗ។ វាមិនគ្រាន់តែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ គឺវាក៏ជួយធ្វើឱ្យមានសុខភាពល្អ និងជួយឱ្យស្រកទម្ងន់ទៀតផង។
២- ផឹកទឹកឱ្យច្រើន
ទឹកសំខាន់ណាស់ វាធ្វើឱ្យសរីរាង្គទាំងអស់មានដំណើរការបានល្អ។ អ្នកបានឮហើយ ថាគេឱ្យផឹកទឹកឱ្យបាន៨កែវក្នុង១ថ្ងៃ៖ តាមពិតទៅ បរិមាណទឹកប៉ុនណាមិនសំខាន់ទេ សំខាន់គឺកាលណានោមទៅ ទឹកនោមមានពណ៌លឿងខ្ចីនិងថ្លា នោះគឺល្អហើយ។ បើទឹកនោមពណ៌រាងក្រម៉ៅ អ្នកត្រូវផឹកទឹកថែមទៀត។
និយាយពីផឹកទឹកនេះ សុរានិងកាហ្វេមិនចាត់បញ្ចូលជាមួយផងទេ ព្រោះវាធ្វើឱ្យរាងកាយខ្សោះជាតិទឹកទៅវិញទេ។ ផឹកទឹកច្រើន វាជួយមិនឱ្យទល់លាមកផងដែរ។
៣- ញ៉ាំចំណីជូរផ្អូម
ដូចជាជ្រក់ យ៉ាអួរ គឹមឈី ។ល។ ព្រោះវាជួយធ្វើសំយោគសារជាតិចិញ្ចឹមមួយចំនួន រំលាយជាតិពុល និងបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន។
៤- ញ៉ាំបន្លែបៃតងឱ្យច្រើន
ជាតិក្លរ៉ូហ្វ៊ីលដែលធ្វើឱ្យបន្លែមានពណ៌បៃតង ក៏ជួយលាងសម្អាតនិងបន្ធូរជាលិកានៅក្នុងប្រព័ន្ធរំលាយអាហារ ផងដែរ។
ខ- តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ
១- ការធ្វើសកម្មភាពរាងកាយ
ការនៅស្ងៀមមិនបញ្ចេញកម្លាំងកាយសោះអាចធ្វើឱ្យមានបញ្ហាក្នុងការរំលាយអាហារ ដូចជាទល់លាមកជាដើម។ ការហាត់ប្រាណ ដោយគ្រាន់តែដើរត្រឹមតែកន្លះម៉ោងរាល់ថ្ងៃ អាចជួយឱ្យចលនារំលាយអាហារមានដំណើរការល្អ និងធ្វើឱ្យមានសុខភាពល្អបាន។
២- ប្រើថ្នាំបញ្ចុះ
មានថ្នាំបញ្ចុះ៣ប្រភេទ៖
- ថ្នាំជាជាតិសរសៃ ញ៉ាំសម្រាប់បង្គ្រប់ជាតិសរសៃ ដូចជាMetamucil និង Citrycel
- ថ្នាំដែលជួយធ្វើឱ្យមានការកន្ត្រាក់សាច់ដុំនៃប្រព័ន្ធរំលាយអាហារ ដូចជា Dulcolax និងSenokot
- និងថ្នាំព្យាបាលការទល់លាមក ដូចជា Milk of Magnesia Haley’s M-O។
មុននឹងប្រើ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន។
គ- ដោយរកគ្រូពេទ្យ
១- ការបូមលាមក
អ្នកប្រហែលធ្លាប់បានជួបហើយ កាលណាកូនក្មេងមិនជុះ គេចិតសាប៊ូឱ្យតូច រួចយកទៅសុលនៅរន្ធគូថ បំបែកលាមកឱ្យវាបែកចេញមក។ ជួនកាលគេបាញ់ប្រេងបន្តិចតាមរន្ធគូថ ក៏មាន។
ក៏ប៉ុន្តែសូមប្រើវិធីនេះតែកាលណាអ្នកបានអនុវត្តវិធីទាំងពីរខាងលើរួចហើយ នៅតែគ្មានប្រសិទ្ធភាព។
២- ការបាញ់ទឹកលាង
នៅពេលខ្លះ ដែលអ្នកមានការទល់លាមកខ្លាំង អ្នកអាចទៅរកគ្រូពេទ្យឱ្យគេជួយបាញ់ទឹកលាងពោះវៀនធំតែម្តង។ ក៏ប៉ុន្តែគេមិនសូវប្រើវិធីនេះទេ ព្រោះការបូមលាមកច្រើនតែគ្រប់គ្រាន់ហើយ។
ការលាងពោះវៀនធំតាមវិធីទី១និងទី២ជាវិធីល្អ។ វិធីទី៣ ដែលត្រូវអនុវត្តតែនៅក្នុងករណីទល់លាមកធ្ងន់ធ្ងរ អាចមានផលវិបាកបន្ទាប់បន្សំមួយចំនួន ដូចជាធ្វើឱ្យវិលមុខ ក្អួតចង្អោរ ហើយក៏អាចធ្វើឱ្យមានការបង្ករោគផងដែរ។ ចំពោះវិធីចុងក្រោយគេបង្អស់វិញ វាអាចធ្វើឱ្យបាត់បង់បាក់តេរីល្អដែលជួយដល់ការរំលាយអាហារ ដូច្នេះត្រូវអនុវត្តតែក្នុងករណីចាំបាច់បំផុតបានហើយ។