បើសិនជាអ្នកកំពុងតែរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែម ការប្រឈមនឹងជំងឺបេះដូង គឺកើនឡើងទ្វេរដង។ យ៉ាងណាមិញ ការថែរក្សាខ្លួនឯងបានត្រឹមត្រូវ នោះអ្នកនឹងអាចបន្ថយការប្រឈមនឹងកត្តាជាច្រើនដែលនាំឲ្យកើតជំងឺបេះដូងបាន។ ខាងក្រោមនេះខ្ញុំសូមណែនាំទម្លាប់ ៦យ៉ាង ដែលអ្នកគួរតែបញ្ចូលក្នុងជីវិតប្រចាំថ្ងៃដើម្បីការពារកុំឲ្យកើតជំងឺបេះដូង និងជំងឺធ្ងន់ធ្ងរជាច្រើនផ្សេងទៀតដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមបាន៖
ញ៉ាំអាហារផ្តល់សុខភាព
វាគឺជាជំហានដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបានដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន និងបន្ថយការប្រឈមនឹងជំងឺបេះដូង។ បើសិនជាអាច ចូរកាត់បន្ថយការញ៉ាំជាតិប្រៃ Trans Fat, Saturated Fat និងការថែមស្ករលើអាហារ។ ចូរប្រាកដថា រាល់អាហារមួយពេលៗដែលអ្នកញ៉ាំគឺមានតុល្យភាពនៃបន្លែ ផ្លែឈើ ខ្លាញ់ និងប្រូតេអ៊ីន។ ចំពោះសាច់ យកល្អគួរតែជ្រើសរើសត្រី និងសាច់បក្សីដែលគ្មានស្បែក។
រស់នៅឲ្យសកម្ម
CDC បានណែនាំថា មនុស្សពេញវ័យគួរទែហាត់ប្រាណបែបអ៊ែរ៉ូបិក កម្រិតមធ្យមទៅខ្លាំងក្លា យ៉ាងហោចណាស់ ២ម៉ោងកន្លែងជារៀងរាល់សប្តាហ៍។ រឿងនេះក៏រាប់បញ្ចូលទាំងការដើរលឿនៗ ឬជិះកង់ផងដែរ។ ចូរប្រាកដថា ដៃជើង សន្លាក់ត្រគាក ស្មា ទ្រូង ខ្នង និងពោះ សុទ្ធតែធ្វើការទាំងអស់។ ចូរពិគ្រោះជាមួយគ្រូពេទ្យផងថាតើលំហាត់ប្រាណបែបណាស័ក្តិសមនឹងអ្នក។
បំបាត់ស្រ្តេស
ការដែលស្រ្តេសខ្លាំងគឺប្រឈមនឹងជំងឺលើសសម្ពាធឈាម ហើយក៏ងាយនឹងកើតជំងឺបេះដូងដេរ។ ដូច្នេះដើម្បីបំបាត់ស្រ្តេស ក្រៅពីហាត់ប្រាណ អ្នកក៏អាចប្រើវិធីសម្រួលអារម្មណ៍ផ្សេងៗទៀតបានដូចជា ការដកដង្ហើមជ្រៅៗ តាំសមាធិ ឬប្រើវិធីបន្ធូរសាច់ដុំ។
តាមដានជាតិស្ករ និងសម្ពាធឈាម
ចូរចំណាយពេលពីរបីនាទីរាល់ថ្ងៃ ដើម្បីពិនិត្យជាតិស្ករក្នុងឈាម និងសម្ពាធឈាម ហើយកត់ត្រាវាជាប្រចាំ។ ការតាមដាននៅផ្ទះដោយខ្លួនឯងបែបនេះគឺមានផលល្អច្រើនសម្រាប់ការណាត់ជួបគ្រូពេទ្យនៅថ្ងៃក្រោយ ហើយក៏អាចឲ្យគ្រូពេទ្យវាយតម្លៃទៅលើសុខភាពអ្នកផងដែរ។
តាមដានទម្ងន់
ភាពធាត់ជ្រុលគឺជាកត្តាប្រឈមមុខដ៏ញឹកញាប់មួយនៃជំងឺបេះដូង។ វាមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងការលើសសមញពាធឈាម និងមិនអាចគ្រប់គ្រងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាមបាន។ ដើម្បីកុំឲ្យធាត់ជ្រុល យកល្អគួរតែធ្វើយ៉ាងណាឲ្យសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI) អ្នកស្ថិតនៅ ១៨.៥ ទៅ ២៥។ ដើម្បីសម្រកទម្ងន់បានល្អ និងត្រឹមត្រូវ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។
ធ្វើទំនាក់ទំនងជាមួយគ្រូពេទ្យ
គ្រូបេទ្យគឺជាប្រភពដ៏មានតម្លៃបំផុតដែលអ្នកអាចទទួលបានព័ត៌មាន និងដំបូន្មានទៅលើរបៀបគ្រប់គ្រងជំងឺទឹកនោមផ្អែមអ្នកបានយ៉ាងល្អបំផុត ហើយក៏បន្ថយការប្រឈមនឹងជំងឺបេះដូងដែរ។ យកល្អគួរតែមានទម្លាប់ធ្វើការណាត់ជួបជាមួយគ្រូពេទ្យយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ ដោយមិនគិតថាអ្នកមានអារម្មណ៍ថាចាំបាច់ឬអត់ឡើយ។ ការពិនិត្យសុខភាពទៀតទាត់នឹងជួយឲ្យគ្រូពេទ្យអាចតាមដានជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុល និងសម្ពាធឈាមបាន។ វាក៏ផ្តល់ឱកាសដល់អ្នកក្នុងការសួរសំណួរអំពីជំងឺទឹកនោមផ្អែម និងជំងឺបេះដូងដែរ៕