យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា របបអាហារដែលផ្តល់សុខភាពប្រហែលជាជួយបន្ថយការប្រឈមនឹងការស្តាប់លែងលឺរបស់ស្រ្តីបាន។ អ្នកដឹកនាំការសិក្សានេះឈ្មោះថាវេជ្ជបណ្ឌិត Sharon Curhan មកពីមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុងទីក្រុង Boston បាននិយាយថា យើងបានធ្វើការសង្កេតឃើញថា អ្នកដែលមានរបបអាហារផ្តល់សុខភាពល្អគឺមានការថយចុះនូវការប្រឈមនឹងការស្តាប់លែងលឺ កម្រិតមធ្យម ឬធ្ងន់ធ្ងរបាន។ អ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យជាច្រើនមកពីស្រ្តីជាង ៧១០០០នាក់ និងបានតាមដានរយៈពេល ២២ឆ្នាំ ក្នុង Nurses’ Health Study II។
អ្នកដែលមានទម្លាប់ញ៉ាំអាហារស្ទើរតែដូចរបបអាហារ Alternate Mediterranean Diet (AMED) ឬ Dietary Approaches to Stop Hypertension (DASH) ទំនងជាមិនងាយនឹងកើតបញ្ហាបាត់បង់ការស្តាប់លឺច្រើនជាង អ្នកដែលមានទម្លាប់ញ៉ាំអាហារបែបនេះតិចបំផុត រហូតដល់ ៣០ភាគរយ។
របបអាហារ AMED សម្តៅទៅលើការប្រើប្រាស់ប្រេងអូលីវសុទ្ធ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើ ត្រី និងគ្រឿងស្រវឹងកម្រិតមធ្យម។ របបអាហារ DASH មានដូចជា បន្លែ និងផ្លែឈើ ព្រមទាំងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប ខណៈពេលដែលត្រូវការតមប្រៃដែរ។
របបអាហារផ្តល់សុខភាពស្រដៀងគ្នាមួយទៀតឈ្មោះថា Alternative Healthy Eating Index-2010 ក៏ប្រហែលជាបន្ថយការប្រឈមនឹងការស្តាប់លែងលឺរបស់ស្រ្តីដែរ។
យ៉ាងណាមិញ អ្នកស្រាវជ្រាវមិនបានបង្ហាញនូវទំនាក់ទំនងមូលហេតុ និងឥទ្ធិពលរបស់វាបាននៅឡើយទេ។ ប៉ុន្តែលោក Curhan បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានក្នុងមន្ទីរពេទ្យថា ការញ៉ាំអាហារដែលល្អនឹងជួយពង្រឹងដល់សុខភាពទូទៅល្អ ហើយវាក៏ប្រហែលជាមានប្រយោជន៍ក្នុងការបន្ថយការប្រឈមនឹងការស្តាប់លែងលឺដែរ៕