មូលហេតុទូទៅបំផុតនៃការឈឺពោះ និងទល់លាមកមាន ២ គឺទីមួយ បញ្ហាអារម្មណ៍ ឬផ្លូវចិត្តដូចជា ថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។ ទីពីរ គឺបណ្ដាលមកពីការទទួលទានថ្នាំណាមួយដែលបណ្ដាលឲ្យរលាក ឬក្រហាយក្រពះ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! ហើយនេះជាដំណោះស្រាយ)នោះមានន័យថាភាគច្រើននៃពួកយើងកំពុងប្រឈមមុខនឹងហានិភ័យនៃបញ្ហាដូចនេះ។ ពួកយើងរស់នៅពោរពេញទៅដោយភាពតានតឹង និងចូលចិត្តទទួលទានថ្នាំបំបាត់ការឈឺចាប់ដើម្បីបំបាត់រោគសញ្ញានៃបញ្ហា ជំនួសឲ្យការព្យាបាលតាមមូលហេតុពិតប្រាកដនៃជំងឺ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh ចង់បំបាត់ការឈឺចាប់របស់អ្នក និងណែនាំរូបមន្តបែបធម្មជាតិងាយៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាពិបាករំលាយអាហារដែលបង្កឲ្យឈឺពោះ និងទល់លាមក បានប្រសើរជាងការប្រើប្រាស់ថ្នាំពេទ្យ ឬថ្នាំបំបាត់ការឈឺចាប់ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពផ្សេងទៀត ៖
១. ប្រើប្រាស់កម្ដៅដើម្បីបំបាត់ការឈឺចាប់
ការស្អំកម្ដៅអាចជួយបំបាត់ការឈឺចាប់ដែលបណ្ដាលមកពីរោគសញ្ញារលាកពោះវៀនបានយ៉ាងមានប្រសិទ្ធិភាព។ ទោះជាយ៉ាងណា អ្នកមិនគួរស្អំកម្ដៅផ្ទាល់លើស្បែកតែម្ដងឡើយ ចូរប្រើប្រាស់ក្រណាត់មកទ្រាប់មួយជាន់សិនជៀសវាងការរលាក។ ហើយដើម្បីដោះស្រាយបញ្ហាទល់លាមកបានលឿន ចូរងូតទឹកក្ដៅលាយជាមួយអំបិល Epsom។
២. ទទួលទានទឹក baking soda
Baking soda មានផ្ទុកសូដ្យូម bicarbonate ដែលជួយព្យាបាលបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ វាបន្សាបជាតិអាស៊ីត និងបំបាត់រោគសញ្ញាក្រហាយទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយម្ស៉ៅ baking soda ចំនួន ១/៤ ឬចុងស្លាបព្រាកាហ្វេ ក្នុងទឹកធម្មតា ១ កែវ។ កូរឲ្យសព្វ រួចទទួលទានឲ្យអស់។ ប៉ុន្តែត្រូវចាំថា មិនគួរលាយម្ស៉ៅ Baking soda ជាមួយថ្នាំណាមួយឡើយសម្រាប់រយៈពេលយ៉ាងហោចណាស់ ២ ម៉ោង។
៣. គេងលើកខ្លួនឲ្យខ្ពស់
ការគេងរាបស្មើនៅលើគ្រែ មិនមែនជាជម្រើសដ៏ល្អបំផុតឡើយនៅពេលអ្នកឈឺពោះ។ ក្នុងទីតាំងបែបនេះ បំពង់ក និងក្រពះស្ថិតក្នុងកម្រិតដូចគ្នា ហើយទឹកក្រពះងាយអាចហូរបានយ៉ាងងាយបង្កឲ្យកើតមានអាការៈក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ។ ដូច្នេះគួរគេងកល់ខ្នើយក្បាល និងខ្លួនផ្នែកខាងលើឲ្យខ្ពស់ត្រឹមពី ៦ ទៅ ១០ អ៊ីញ។
៤. ទទួលទានអាហារសម្បូរដោយជាតិសសៃ
ជាតិសសៃ ជួយធ្វើឲ្យមុខងារនៃពោះវៀនកាន់តែប្រសើរឡើង។ អ្នកទទួលទានជាតិសសៃច្រើនប៉ុណ្ណា លាមករបស់អ្នកកាន់តែទប់ប៉ុននោះដែរ ហើយរាងកាយអាចបញ្ចេញវាបានយ៉ាងងាយជៀសផុតពីបញ្ហាទល់លាមក។ ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃ គឺផ្លែឈើ និងបន្លែ។
៥. ទទួលទាន probiotics និង prebiotics
Prebiotics ជាផ្នែកនៃអាហារដែលមិនរំលាយបាន។ ឧទាហរណ៍ សំបកផ្លែឈើ និងបន្លែ។ ចំណែកឯ probiotics វិញ ជាបាក់តេរីល្អដែលមាននៅក្នុងអាហារដូចជា យ៉ាអួរ។ បាកតេរីល្អ Probiotics ជាទូទៅរស់នៅក្នុងពោះវៀនរបស់អ្នក ប៉ុន្តែដោយសារបរិយាកាស, របៀបរបបនៃការរស់នៅមិនល្អ និងថ្នាំអង់ទីប៊ីយោទិក បានកាត់បន្ថយបរិមាណនៃបាក់តេរីល្អនេះ។ បាក់តេរីល្អចាំបាច់ណាស់សម្រាប់ដំណើរការនៃការរំលាយអាហារ និងជួយបំបាត់រោគសញ្ញាមួយចំនួនដូចជា ឈឺចាប់ក្នុងពោះ, ហើម និងរាគ។
៦. ទទួលទានតែរុក្ខជាតិ
តែផ្កា Chamomile និងខ្ញីក្រៀម គឺប្រសើរណាស់សម្រាប់ដោះស្រាយបញ្ហាឈឺពោះ, ចង្អោរចង់ក្អួត និងទល់លាមក។ ផ្កា Chamomile មានប្រសិទ្ធិភាពដូចទៅនឹងថ្នាំអាស្ពីរីន ឬ ibuprofen អញ្ចឹង។ ខ្ញីវិញមានប្រសិទ្ធិភាពបំបាត់អាការៈចង្អោរចង់ក្អួត ហើយថែមទាំងជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម និងបញ្ចេញអង់ស៊ីមរំលាយអាហារ។ ទោះជាយ៉ាងណា ត្រូវប្រាកដថាអ្នកឆុងតែនេះសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទីសិន សឹមទទួលទាន។
ត្រូវចាំក្នុងចិត្តផងដែរថា ប្រសិនបើអ្នកនៅតែឈឺពោះ និងទល់លាមកមិនព្រមបាត់ បើទោះជាបានអនុវត្តតាមគន្លឹះមួយចំនួនខាងលើហើយនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ក៏ព្រោះអាការៈនេះអាចជារោគសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ៕