ស្នៀតពោត គឺមិនត្រឹមជាបន្លែអាហារដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ទោះបីជាវាមានទំហំតូចក៏ពិតមែន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីសារៈប្រយោជន៍សំខាន់ៗនៃស្នៀតពោតចំពោះសុខភាព ៖
១. វាជួយបន្ថយសម្ពាធឈាម
មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែលមានផ្ទុកក្នុងស្នៀតពោត គឺប៉ូតាស្យូម។ ប៉ូតាស្យូមជាសារធាតុរ៉ែដែលធ្វើឲ្យសម្ពាធឈាមថយចុះ និងមានតុល្យភាព។ ដូច្នេះប្រសិនបើអ្នកមានជំងឺលើសឈាម ហើយចង់គ្រប់គ្រងស្ថានភាពនៃជំងឺនោះ ចូរបន្ថែមស្នៀតពោតក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។
២. ធ្វើឲ្យសុខភាពភ្នែកមានភាពប្រសើរឡើង
អ្នកក៏អាចទទួលបានបរិមាណវីតាមីន A ដ៏ល្អពីស្នៀតពោតផងដែរ ហើយនេះមានន័យថា បន្លែតូចនេះ គឺល្អប្រសើរបំផុតសម្រាប់សុខភាពភ្នែករបស់អ្នក។ អ្នកឯកទេសខាងសុខភាពភ្នែកជាច្រើននិយាយថា វីតាមីន A មិនត្រឹមតែជួយរក្សាឲ្យភ្នែកអាចមើលឃើញបានច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារភ្នែកពីបញ្ហាផ្សេងៗដែលអាចបណ្ដាលឲ្យមើលលែងឃើញផងដែរ។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំ
ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានផ្លែឈើមានជាតិជូរ គឺជាមធ្យោបាយដ៏ល្អដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ក៏ព្រោះតែផ្លែឈើប្រភេទនេះផ្ដល់ឲ្យរាងកាយនូវវីតាមីន C។ ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តទទួលទានផ្លែឈើជូរៗ អ្នកអាចផ្លាស់ប្ដូរមកសាកល្បងទទួលទានស្នៀតពោតវិញ ក៏ព្រោះវាក៏មានផ្ទុកនូវវីតាមីន C ច្រើនផងដែរ។
៤. ការពារអាការៈទល់លាមក
បន្ថែមស្នៀតពោតទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជួយសម្រួលដល់ពោះវៀនឲ្យដំណើរការបានល្អ និងប្រសើរជាងមុន។ នេះក៏ព្រោះតែស្នៀតពោតមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ លើសពីនេះទៅទៀត ចំពោះប្រភេទនៃជាតិកាបូអ៊ីដ្រាតដែលមិនអាចរំលាយបានដោយរាងកាយ នោះជាតិសរសៃនឹងជួយធ្វើឲ្យពោះវៀនមានភាពងាយស្រួលក្នុងការកម្ចាត់ជាតិពុល និងកាកសំណល់ពីការរំលាយអាហារ។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
ការទទួលទានជាតិសសៃដែលមានផ្ទុកក្នុងស្នៀតពោតជារៀងរាល់ថ្ងៃ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ ក្រៅពីជំងឺនេះហើយនោះ វេជ្ជបណ្ឌិតជាច្រើននិយាយថា ជំងឺឬសដូងបាត ក៏ត្រូវបានទប់ស្កាត់តាមរយៈការទទួលទានស្នៀតពោត និងអាហារផ្សេងទៀតដែលជាប្រភពនៃជាតិសសៃ។
៦. ជួយឲ្យស្រកទម្ងន់
ប្រសិនបើរាងកាយមានផ្ទុកនូវជាតិសសៃខ្ពស់គ្រប់គ្រាន់នោះ វានឹងធ្វើឲ្យអ្នកឆ្អែតបានយូរមិនឆាប់ឃ្លាន។ ម្យ៉ាងទៀត ស្នៀតពោត គឺមានផ្ទុកជាតិខ្លាញ់ និងកាឡូរីទាប ដែលល្អប្រសើរចំពោះអ្នកដែលចង់ស្រកទម្ងន់ទទួលទាន៕