ភាពជឿជាក់និងជំនឿលើខ្លួនឯង ទាំងនេះគឺជាកត្តាសំខាន់ដែលអ្នកមានអារម្មណ៍ល្អ។ អាថ៌កំបាំងនៃសម្រស់ស្ត្រីក៏បូកបញ្ចូលនឹងកត្តានេះដែរ ប៉ុន្តែចំពោះស្ត្រីដែលធ្លាប់ឈរនៅមុខកញ្ចក់អាចប្រាប់អ្នកពីអាថ៌ កំបាំងនេះបាន។
ទោះជារូបរាងរបស់អ្នកគ្រាន់តែជាផ្នែកមួយដែលបញ្ជាក់ថាអ្នកជា នរណា ប៉ុន្តែវានៅតែជាផ្នែកមួយនៃរាងកាយអ្នក ហើយអារម្មណ៍ដែលអ្នកមើលទៅកាន់ខ្លួនឯងថាអ្នកមានរូបរាងស្អាតអាចជា ការបង្កើនភាពជឿជាក់លើអ្នកផ្ទាល់។
ការមើលឃើញរូបរាងដែលស្អាតមិនមានភាពស្មុគស្មាញឬថ្លៃនោះទេ។ អ្នកជំនាញនិយាយថា យើងគ្រប់គ្នាគ្រាន់តែយកចិត្តទុកដាក់លើអាថ៌កំបាំងសំខាន់ៗមួយចំនួន ដែលមានប្រយោជន៍ជួយអ្នកឱ្យមានរូបរាងស្អាតដោយមិនចំណាយពេលវេលានិង ប្រាក់កាសច្រើន។
អ្នកជំនាញខាងស្បែក និងសម្រស់ ជួយអ្នកក្នុងការស្វែងរកអាថ៌កំបាំងដែលមានប្រសិទ្ធភាព:
អាថ៌កំបាំងទី ១: មិនត្រូវមើលស្រាលអានុភាពនៃជាតិសំណើម (Moisturizer)
អ្នកជំនាញនិយាយថា មិនថាស្បែករបស់អ្នកស្ងួត, ធម្មតា, ឬសម្បូរប្រេងនោះទេ ប្រសិនបើអ្នកអាចត្រឹមតែទិញផលិតផលថែរក្សាស្បែកតែមួយមុខនោះ អ្នកគួរតែចំណាយវាលើផលិតផលជាតិសំណើម។
សាស្ត្រាចារ្យ Rhoda Narins បាននិយាយថា “ពេលខ្លះ អ្វីដែលអ្នកត្រូវការគឺផលិតផលជាតិសំណើមនិងទឹកលាងសម្អាត (cleanser) នោះអ្នកនឹងមានមុខដែលក្មេងជាងវ័យ។ ពេលដែលស្បែកស្ងួត ស្នាមជ្រួញនឹងកាន់តែមើលឃើញច្បាស់ ដែលធ្វើឱ្យអ្នកមើលទៅកាន់តែចាស់”។
គ្រូពេទ្យនិយាយថា ប្រសិនបើអ្នកស្ថិតក្នុងអំឡុងអាយុ ២០ ឬ ៣០ឆ្នាំ ជាតិសំណើមនឹងជួយការពារស្បែករបស់អ្នកពីការចាស់មុនអាយុ។
គ្រូពេទ្យ Darrick Antell និយាយថា “ក្នុងកំឡុងអាយុ ២០ ឬ ៣០ឆ្នាំ អ្នកអាចប្រើផលិតផលជាតិសំណើមសំរាប់ជំនួសផលិតផលផ្សេងទៀតជាច្រើន” ។
តើផលិតផលជាតិសំណើមប្រភេទណាដែលល្អ? គ្រូពេទ្យ Charles E. Crutchfield III បាននិយាយថា “វាគឺជាផលិតផលដែលអាចធ្វើអ្វីបានគ្រប់យ៉ាងចាប់ពីផ្តល់ជាតិសំណើម ទៅដល់ការរក្សាទុកជាតិសំណើម និងជួយឱ្យស្បែករបស់អ្នកផលិតជាតិសំណើមបានកាន់តែច្រើន, ហើយប្រភេទដែលអ្នកគួរជ្រើសរើសគឺស្ថិតនៅលើតម្រូវការនៃស្បែករបស់ មនុស្សម្នាក់ៗ”។
ប្រសិនបើស្បែកស្ងួតធម្មតា អ្នកគួររកផលិតផលជាតិសំណើមណាដែលមានផ្ទុក alpha hydroxy acids។ សាស្ត្រាចារ្យ Crutchfield និយាយថា វាអាចជួយឱ្យស្បែកផលិតជាតិសំណើមដោយខ្លួនឯងបានច្រើនជាងមុន។
គាត់ក៏បានណែនាំឱ្យប្រើផលិតផលដែលប្រើបច្ចេកវិទ្យា ហៅថា vesicular emulsion ចំពោះអ្នកដែលមានស្បែកស្ងួតខ្លាំង។ បច្ចេកវិទ្យានេះប្រើរបស់តូចៗ (microscopic spheres) ដែលនឹងជំនួសឱ្យស្រទាប់ជាតិសំណើមនិងទឹកដែលបញ្ចេញពេញមួយថ្ងៃ ដូច្នេះហើយវាអាចធ្វើឱ្យអ្នកមានជាតិសំណើមជាប់រហូត។
ប្រសិនបើស្បែកសំបូរជាតិប្រេង អ្នកគួរប្រើផលិតផលជាតិសំណើមដែលស្រាល, ប៉ុន្តែមិនត្រូវមិនប្រើសោះនោះទេ។ ទោះអ្នកសម្បូរជាតិប្រេងក៏អ្នកត្រូវការជាតិសំណើមដែរ។
អាថ៌កំបាំងទី ២: ឡេការពារកម្តៅថ្ងៃគឺជាផលិតផលប្រឆាំងភាពចាស់ដ៏ល្អបំផុត
មុននឹងពិភាក្សាជាមួយគ្រូពេទ្យវះកាត់កែសម្ផស្ស, មុននឹងចំណាយលើលើក្រែមប្រឆាំងភាពចាស់ដែលមានតម្លៃថ្លៃ, មុននឹងអ្នកធ្វើអ្វីមួយ អ្នកគួរសាកល្បងប្រើប្រាស់ឡេការពារកម្តៅថ្ងៃ។
ភាគច្រើនយើងបានដឹងថាវាបន្ថយនូវគ្រោះថ្នាក់នៃមហារីកស្បែក ប៉ុន្តែតើអ្នកដឹងឬទេថាវាគឺជាអាថ៌កំបាំងសម្ផស្សដែលជួយរក្សា ស្បែកអ្នកឱ្យនៅក្មេង?
អ្នកជំនាញនិយាយថា មូលហេតុគឺមកពីពេលដែលវារារាំងកាំរស្មីព្រះអាទិត្យដែលបំផ្លាញស្បែក វាក៏រារាំងឥទ្ធិពលដែលធ្វើឱ្យស្បែកចាស់ដែរ។
គ្រូពេទ្យ Antell និយាយថា “ព្រះអាទិត្យមានឥទ្ធិពលលើការផលិតនៃ collagen នៃស្បែក, ហើយប្រសិនបើគ្មាន collagen ទេនោះ ស្បែកមិនអាចមានសំណើម ក្មេង និងគ្មានស្នាមជ្រួញនោះទេ។ ការត្រូវកម្តៅព្រះអាទិត្យច្រើន អាចធ្វើឱ្យស្បែកមានស្នាមជ្រួញមុនអាយុ”។
តាមការសិក្សារបស់ American Academy of Dermatology ប្រសិនបើគ្មានការការពារពីឡេការពារកម្តៅថ្ងៃទេ អ្នកនឹងសម្គាល់ឃើញការប្រែប្រួលនៃស្បែកដោយសារការត្រូវនឹង កម្តៅថ្ងៃរយៈពេល ២-៣ នាទី ក្នុងអំឡុងពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។
អ្នកមិនត្រឹមតែមានស្នាមជ្រួញច្រើនទេ អ្នកនឹងមានឡើងអាចម៍រុយ,ស្នាមស្បែកចាស់, និងមានសរសៃរវៀម ។ ស្បែកនឹងទៅជាគគ្រើមនិងគ្មានជីវិតឬរយីករយាក។
ឡេការពារកម្តៅថ្ងៃអាចការពារស្បែករបស់អ្នកពីរស្មីព្រះអាទិត្យ ដូច្នេះទោះបីជាអ្នកចំណាយពេលច្រើននៅទីវាលក៏មុខរបស់អ្នកមិនមាន បញ្ហាដែរ។
សាស្ត្រាចារ្យ Crutchfield ណែនាំឱ្យជ្រើសរើសឡេការពារណាដែលមាន SPF ចាប់ពី ១៥ ឡើងទៅ។ ដោយសារកម្តៅព្រះអាទិត្យនឹងបំផ្លាញប្រសិទ្ធភាពរបស់វាទៅតាមពេលវេលា នោះអ្នកត្រូវលាបវាក្នុងចន្លោះពី ១ ទៅ ២ ម៉ោងម្តង ប្រសិនបើអ្នកនៅក្រោមកម្តៅថ្ងៃផ្ទាល់ក្នុងរយៈពេលយូរ។
ជម្រើសមួយទៀត៖ លាបឡេការពារកម្តៅថ្ងៃមុននឹងប្រើគ្រឿងសម្អាង បន្ទាប់មកប្រើម្សៅស្តើង (light, translucent mineral powder) ដើម្បីបន្ថែមការការពារស្បែកមុខ។
សាស្ត្រាចារ្យ Crutchfield និយាយថា “ម្សៅទាំងនេះមានផ្ទុកជាតិការពារកម្តៅធម្មជាតិ ហើយដោយសារតែវាមិននៅជាប់នឹងស្បែករហូត អ្នកអាចប្រើវាបន្ថែមរហូតបាន”។
អាថ៌កំបាំង ទី ៣: ជ្រើសរើសទឹកសម្អាតមុខឱ្យបានត្រឹមត្រូវ
ប្រសិនបើអ្នកជាអ្នកប្រើប្រាស់សាប៊ូធម្មតានិងទឹក អ្នកគួរតែពិចារណាពីវិធីលាងសម្អាតរបស់អ្នក។ គ្រូពេទ្យជំនាញខាងស្បែកនិយាយថា អាថ៌កំបាំងនៃសម្រស់ដែល្អជាងគេគឺការប្រើទឹកសម្អាតមុខដែលស្រទន់ ជាងគេបំផុតដែលអ្នកអាចរកបាន និងកុំប្រើញឹកញាប់ពេក។
សាស្ត្រាចារ្យ Crutchfield និយាយថា “ក្នុងខណៈដែលការលាងមុខច្រើនដងក្នុងមួយថ្ងៃវាល្អ ប៉ុន្តែការលាងដោយប្រើទឹកសម្អាតវាមិនត្រឹមតែមិនអាចជួយអ្នកបាន ទេ វាថែមទាំងធ្វើឱ្យខូចស្បែករបស់អ្នកទៀត ប្រសិនបើអ្នកប្រើផលិតផលដែលអាចរោល”។
ការលាងមុខញឹកញាប់ពេក (ច្រើនជាង ២ ដងក្នុងមួយថ្ងៃ) អាចបំផ្លាញរបាំងការពារជាតិលីពីត (lipid barrier) ដែលរក្សាស្បែកឱ្យនៅក្មេង។
សាស្ត្រាចារ្យ Crutchfield និយាយថា “នៅពេលដែលបាត់បង់ការការពារនេះ ហើយរបាំងការពារស្បែកខូចទៀតនោះ ស្បែកនឹងស្ងួត នោះមានន័យថា វាអាចនឹងប្រេះ, របក, រមាស់, រោល, និងផ្សា ដែលធ្វើឱ្យអ្នកចាស់ជាងអាយុ”។
ដំណោះស្រាយ៖ មិនត្រូវលាងមុខច្រើនជាង ២ ដងក្នុងមួយថ្ងៃ និងប្រើទឹកលាងសម្អាតឱ្យបានត្រឹមត្រូវ។
អាថ៌កំបាំង ទី ៤: ប្រើរបស់ឱ្យត្រូវតាមមុខងាររបស់វា
អ្នកអាចទិញសំរាប់គូភ្នែកដែលថ្លៃបំផុតនិងរបស់ផ្សេងៗទៀតដែល ថ្លៃៗ ប៉ុន្តែប្រសិនបើអ្នកគ្មានឧបករណ៍ត្រឹមត្រូវសំរាប់លាបវានោះទេ គុណប្រយោជន៍របស់វានឹងត្រូវបាត់បង់។
តើអ្វីជាឧបករណ៍ដែលត្រឹមត្រូវ? ជក់ត្រូវតែទន់និងមានលក្ខណៈស្រទន់ពេលដាក់នៅលើស្បែក ប៉ុន្តែត្រូវមានទម្ងន់ដើម្បីយកម្សៅលាបនៅលើស្បែក។ អ្នកជំនាញនិយាយថា ប្រសិនបើនោះជ្រុះហើយម្សៅនៅលើជក់នោះជ្រុះអស់ វាមិនមែនជាជក់ល្អនោះទេ។
អាថ៌កំបាំង ទី ៥: ផ្លាស់ប្តូរម៉ូតសក់ និង គ្រឿងសម្អាង ២ ឆ្នាំ ម្តង
ប្រសិនបើ អ្នកចូលរួមកម្មវិធីជួបជុំមិត្តកាលពីរៀនវិទ្យាល័យ ហើយឮគេនិយាយថា អ្នកមិនមានប្រែប្រួលអ្វីសូម្បីតែបន្តិច នោះអ្នកគួរតែមើលខ្លួនឯងឡើងវិញ។
អ្នកជំនាញនិយាយថា វាយឺតពេលហើយប្រសិនបើអ្នកមិនចាំពេលដែលអ្នកប្តូរម៉ូតសក់ឬរបៀប តុបតែងខ្លួនលើកចុងក្រោយបង្អស់នោះ។
Nick Chavez អ្នកជំនាញខាងសក់ នៅ Beverly Hills hair និយាយថា “ភាពល្អឥតខ្ចោះនៃរូបរាងរបស់អ្នក រួមទាំងសក់និងការតុបតែងខ្លួន គួរតែមានការផ្លាស់ប្តូរយ៉ាងតិច ២ ឆ្នាំម្តង ឬ ញឹកញាប់ជាងនេះប្រសិនបើស្ទីលរបស់អ្នកផ្លាស់ប្តូរញឹកញាប់”។ គាត់និយាយទៀតថា “ការរក្សារូបរាងរបស់អ្នកឱ្យទាន់សម័យនឹងធ្វើឱ្យអ្នកមើលទៅក្មេង ជាងវ័យ។ គ្មានអ្វីបង្ហាញពីអាយុពិតរបស់ស្ត្រីជាងម៉ូតសក់និងរបៀបតែងខ្លួន ដែលហួសសម័យនោះទេ”។
ប្រសិនបើអ្នកផ្លាស់ប្តូរខ្លួនឯងលើកចុងក្រោយយូរមកហើយនោះ អ្នកគួរទៅហាងលក់គ្រឿងសម្អាង ហើយសុំយោបល់ពីពួកគេ។