ការទល់លាមកកើតឡើងនៅពេលដែលអ្នកមិនបានបន្ទោបង់ទៀងទាត់ ឬពិបាកក្នុងការបន្ទោបង់។ បើសិនជាអ្នកមានការបន្ទោបង់តិចជាង ៣ដងក្នុងមួយសប្តាហ៍ អ្នកប្រហែលជាមានបញ្ហាទល់លាមកហើយ។ ករណីភាគច្រើន អ្នកអាចព្យាបាលការទល់លាមកបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ។ ខាងក្រោមនេះគឺជាគន្លឹះក្នុងការបង្ការការទល់លាមក៖
បន្ថែមរបបអាហារសម្បូរជាតិសរសៃ
ចូរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា៖ សណ្តែក គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ។ ជាតិសរសៃនឹងធ្វើឲ្យលាមកធូរ ហើយក៏ជួយបញ្ចេញមកខាងក្រៅកាន់តែងាយស្រួលដែរ។
ញ៉ាំទឹកឲ្យបានច្រើន
ចូរញ៉ាំទឹកធម្មតាឲ្យបានច្រើន។ នៅពេលរាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់ដើម្បីរំលាយអាហារបានល្អ វាក៏អាចធ្វើឲ្យលាមកចេញមកខាងក្រៅកាន់តែងាយស្រួលដែរ។
ហាត់ប្រាណ
ចូរហាត់ប្រាណជាទៀងទាត់ដើម្បីភ្ញោចប្រព័ន្ធរំលាយអាហារ និងពង្រឹងដល់សមត្ថភាពក្នុងការបន្ទោបង់។ ទោះបីជាការដើរទៀងទាត់នៅជុំវិញផ្ទះ ក៏អាចភ្ញោចដល់ការរំលាយអាហារដែរ។
បន្ថយស្រ្តេស
ការដែលមានភាពតានតឹងច្រើន វាពិតជាអាចរំខានដល់ការរំលាយអាហារអ្នកបាន។ ឧទាហរណ៍ ចូរចៀសវាងមូលហេតុនាំឲ្យស្រ្តេសញឹកញាប់ អនុវត្តវិធីសាស្រ្តបន្ធូរអារម្មណ៍ និងប្រើពេលវេលារីករាយឲ្យបានច្រើន។
របៀបរស់នៅដែលផ្តល់សុខភាពអាចជួយអ្នកបង្ការ និងព្យាបាលករណីទល់លាមកបានច្រើនបំផុត។ បើសិនជាអ្នកធ្លាប់មានការទល់លាមកច្រើនជាងមួយសប្តាហ៍ ហើយមិនអាចព្យាបាលតាមរយៈការផ្លាស់ប្តូររបៀបរស់នៅទេ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល៕