ក្រុមអ្នកស្រាវជ្រាវជនជាតិ Swedish និយាយថា ស្ត្រីដែលទទួលទានកាហ្វេក្នុងកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ អាចកាត់បន្ថយគ្រោះថ្នាក់ការវិវត្តន៍នៃមហារីកសុដន់។
ការសិក្សារបស់ពួកគេបានភ្ជាប់ការទទួលទានកាហ្វេ ចាប់ពីប្រាំពែងឡើងទៅក្នុងមួយថ្ងៃ ទៅនឹងការបន្ថយនៃជំងឺដែលមិនមានប្រតិកម្មនឹងអរម៉ូនដែលហៅថា មហារីកសុដន់ ER-negative។ ប៉ុន្តែការទទួលទានកាហ្វេហាក់ដូចជាមិនកាត់បន្ថយការវិវត្តន៍នៃគ្រោះថ្នាក់មហារីសុដន់ ER-positive ដែលជាជំងឺដែលមានប្រតិកម្មនឹងអរម៉ូន (hormone-responsive estrogen receptor form of the disease)។
វេជ្ជបណ្ឌិត Per Hal សាស្ត្រាចារ្យនៅ Karolinska Instituteក្នុងទីក្រុងស្តុកហូមនិយាយថា ការទទួលទានកាហ្វេរៀងរាល់ថ្ងៃអាចការពារនឹងមហារីកសុដន់ ER-negative។
គាត់ដាស់តឿនថា “ឥឡូវយើងមិនមានព័ត៌មានលម្អិតទេ។ ឧទាហរណ៍ យើងមិនដឹងថាកាហ្វេប្រភេទណាដែលយើងកំពុងតែពិភាក្សា។ ប៉ុន្តែអ្វីដែលយើងដឹងគឺប្រសិទ្ធភាពនៃការការពារគឺគួរឱ្យចាប់អារម្មណ៍ និងហើយវានៅតែមានទោះជាបន្ទាប់ការកែប្រែកត្តាដែលសំខាន់ដែលមានប្រយោជន៍ក្នុងការការពារក៏ដោយ។
ហើយយើងដឹងថាយើងកំពុងនិយាយពីអ្វីដែលយើងហៅថាការទទួលទានកាហ្វេចំនួនធម្មតា។ ពិតណាស់ យើងមិនមែននិយាយពីការទទួលទានកាហ្វេចំនួនច្រើនលើសលប់នោះទេ។ ដូច្នេះ នេះគឺជាការរកឃើញក៏គួរឱ្យចាប់អារម្មណ៍មួយ”។
ការសិក្សានេះបានផ្សាយលើគេហទំព័រ ការស្រាវជ្រាវមហារីកសុដន់ (Breast Cancer Research) នៅថ្ងៃទី ១១ ឧសភា ដែលមានការចូលរួមពីស្ត្រី ស៊ុយយអែតចំនួន ៥៩២៩ នាក់ អាយុពី ៥០ ទៅ ៧៤ ឆ្នាំ។ ស្ត្រីប្រហែលពាក់កណ្តាលដែលមានមហារីកសុដន់។
គេប្រើកម្រងសំណួរដើម្បីស្មានមើលពីអាកប្បកិរិយានិងសុខភាព រួមមាន ការជក់បារីនិងការទទួលទានសុរា, ទម្លាប់ការហាត់ប្រាណ, ប្រវត្តិមហារីកសុដន់របស់គ្រួសារ, វិធីសាស្ត្រការព្យាបាលអរម៉ូន, ការទទួលសារធាតុចិញ្ចឹម,សន្ទស្សម៉ាសខ្លួនធៀបនឹងកម្ពស់( body mass index), កម្រិតអប់រំនិងទម្លាប់ការទទួលទានកាហ្វេ។ ស្ថានភាពរបស់សាច់ដុះនិងប្រភេទមហារីកសុដន់ក៏ត្រូវបានកត់សម្គាល់ដែរ។
ក្រុមអ្នកស្រាវជ្រាវសរសេរថា ចំណុចសំខាន់នៃការរកឃើញ៖ ការទទួលទានកាហ្វេអាចជួយបន្ថយគ្រោះថ្នាក់នៃមហារីកសុដន់ ER-negative។ ស្ត្រីដែលទទួលទានកាហ្វេ ៥ ពែង ក្នុងមួយថ្ងៃ បន្ថយគ្រោះថ្នាក់នៃ មហារីកសុដន់ ER-negative ពី ៣៣ ទៅ ៥៧ ភាគរយ ទាបជាងអ្នកដែលទទួលទានតិចជាង ១ ពែង ក្នុងមួយថ្ងៃ។
ការសិក្សាបានបង្ហាញពីទំនាក់ទំនងរវាងការទទួលទានកាហ្វេនិងការបន្ថយគ្រោះថ្នាក់មហារីកសុដន់ តែមិនមែនទំនាក់ទំនងមូលហេតុនិងលទ្ធផល។
វេជ្ជបណ្ឌិត Hal មិនចង់ឱ្យអ្នកទទួលទានប្រញាប់សន្មតពេកនោះទេ។
គាត់រំឮកថា “មានការសិក្សាមួយឬពីរផ្សេងទៀតដែលបានបង្ហាញដូចគ្នានឹងការសិក្សារបស់យើង ប៉ុន្តែមិនច្រើនទេ គឺខ្លះប៉ុណ្ណោះ។ ដូច្នេះមុននឹងប្រាប់អ្នកជិតខាងឱ្យចាប់ផ្តើមទទួលទានកាហ្វេច្រើនជាងចំនួនដែលពួកគាត់ទទួលទានរាល់ដង ខ្ញុំចង់ដឹងចង់ដឹងអំពីយន្តការជីវសាស្ត្រដែលមានប្រសិទ្ឋភាពសិន។ វាមិនទាន់ច្បាស់នោះទេ”។