ធ្មេញពុកគឺជាមូលហេតុដំបូងដែលបណ្តាលអោយមានការឈឺធ្មេញចំពោះកុមារ និងមនុស្សពេញវ័យភាគច្រើន។ បាក់តេរីដែលរស់នៅក្នុងមាត់របស់អ្នកនឹងលូតលាស់ល្អពេលដែលមានស្ករ និងសំណល់នៃអាហារដែលអ្នកបរិភោគ។ បាក់តេរីទាំងនេះបង្កើតជាទម្រង់ជាបន្ទះស្អិតមួយដែលតោងជាប់ទៅនឹងផ្ទៃនៃធ្មេញរបស់អ្នក។
ជាតិអាស៊ីតដែលត្រូវបានផលិតដោយបាត់តេរីនៅក្នុងបន្ទះស្អិតនេះអាចស៊ីស្រទាប់ដ៏រឹងនៃផ្នែកខាងក្រៅនៃធ្មេញ(ស្រទាប់សខាងក្រៅនៃធ្មេញ) ដោយបង្កើតបានជាក្រហោងធ្មេញ។ សញ្ញាដំបូងនៃការពុកធ្មេញអាចលេចឡើយជាអារម្មណ៍ឈឺនៅពេលដែលអ្នកញុំាអ្វីដែលផ្អែម, ញុំាអ្វីដែលត្រជាក់ពេក ឬក្តៅពេក។ ការឈឺធ្មេញជារឿយៗតែងតែដើរតួជាសញ្ញាដាស់តឿនក្នុងការស្វែងរកការពិនិត្យពីសំណាក់ពេទ្យធ្មេញ។
មុននឹងឈានទៅដល់ការពិនិត្យដោយពេទ្យធ្មេញ, សូមព្យាយាមដោយការថែទាំដោយខ្លួនឯងសំរាប់ការឈឺធ្មេញដូចជាៈ
• លាងមាត់របស់អ្នកជាមួយទឹកក្តៅអ៊ុនៗ
• ប្រើប្រាស់នូវសរសៃអំបោះសំរាប់ដើម្បីជំរះនូវកម្ទេចកម្ទីអាហារដែលបានជាប់នៅចន្លោះធ្មេញ
• សាកល្បងលេបថ្នាំបំបាត់ការឈឺចាប់ ដើម្បីបន្ថយនូវការឈឺចាប់
• ប្រើប្រាស់ថ្នាំសំលាប់មេរោគដែលផ្ទុកនូវ benzocaineដោយផ្ទាល់ទៅលើធ្មេញ និងអញ្ចាញដែលឈឺ ដើម្បីបន្ថយនូវការឈឺចាប់ជាបណ្តោះអាសន្ន។ benzocaineអាចនឹងបង្កអោយមានផលវិបាកដ៏កម្រប៉ុន្តែដែលធ្ងន់ធ្ងរ និងដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយសារវាបន្ថយនូវបរិមាណអុកស៊ីសែនដែលឈាមអាចដឹកនាំ។ ហាមប្រើប្រាស់នូវ benzocaineចំពោះក្មេងដែលមានអាយុក្រោម២ឆ្នាំ ដោយគ្មានការគ្រប់គ្រងពីសំណាក់អ្នកជំនាញសុខភាពមាត់ធ្មេញអោយសោះ ដោយសារតែវ័យនេះ គឺជាវ័យដែលនឹងទទួលរងនូវផលប៉ះពាល់បំផុត។
ប្រសិនបើអ្នកជាមនុស្សពេញវ័យ ហាមប្រើប្រាស់ benzocaine លើសពីកំរិតថ្នាំដែលបានណែនាំ ហើយត្រូវចេះពិគ្រោះជាមួយនឹងទន្តបណ្ឌិតជាមុនសិន។ ការប្រើប្រាស់ដោយផ្ទាល់នូវប្រេង(eugenol)ក៏អាចជួយអ្នកផងដែរ។ ហាមប្រើប្រាស់ថ្នាំអាស្ពីរីន ឬក៏ថ្នាំបំបាត់ការឈឺចាប់ណាផ្សេងទៀតដោយផ្ទាល់ទៅលើអញ្ចាញរបស់អ្នក ដោយសារតែវាអាចនឹងធ្វើអោយរលាកនូវជាលិកានៃអញ្ចាញធ្មេញរបស់អ្នក។
សូមទាក់ទងទៅនឹងទន្តបណ្ឌិតប្រសិនបើៈ
• អ្នកមានរោគសញ្ញានៃការឆ្លងមេរោគដូចជាហើម, ឈឺនៅពេលដែលអ្នកខាំ ឬទំពារ
• ការឈឺចាប់នៅតែបន្តលើសពី១ ឬ២ថ្ងៃ
• អ្នកមានគ្រុនក្តៅស្របពេលដែលអ្នកឈឺធ្មេញ
• អ្នកមានបញ្ហានៃការដកដង្ហើម ឬការលេប