ពិតណាស់ ផ្លែឈើ គឺល្អចំពោះសុខភាព ដោយវាមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិសរសៃ, វីតាមីន និងសារធាតុរ៉ែ ជាច្រើនប្រភេទ។ សំខាន់ជាងនេះទៅទៀត ផ្លែឈើ គឺគ្មានផ្ទុកជាតិខ្លាញ់មិនល្អ និងកូលេស្តេរ៉ុលអាក្រក់ឡើយ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) ដូច្នេះហើយទើបការរួមបញ្ចូលពួកវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺប្រសើរបំផុតសម្រាប់សុខភាព។ ប៉ុន្តែប្រសិនបើអ្នកគិតថា ការទទួលទានតែផ្លែឈើ ដោយមិនទទួលទានអ្វីផ្សេងសោះនឹងធ្វើឲ្យអ្នកមានសុខភាពល្អនោះ ចូរគិតឡើងវិញម្ដងទៀត។ គ្រាន់តែផ្លែឈើមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន គឺមិនមែនមានន័យថាវាអាចផ្គត់ផ្គង់នូវសារធាតុចិញ្ចឹមគ្រប់ប្រភេទពេញលេញដែលរាងកាយត្រូវការចាំបាច់រៀងរាល់ថ្ងៃបានឡើយ។ គួរចាំថា របបអាហារដែលផ្សំឡើងពីប្រភេទនៃអាហារខុសៗគ្នាទើបអាចផ្ដល់នូវសារធាតុចិញ្ចឹមល្អៗច្រើនប្រភេទផ្សេងៗគ្នា។ ខាងក្រោមវេបសាយសុខភាព Health.com.kh បញ្ហាមួយចំនួនដែលអាចកើតឡើងចំពោះសុខភាពប្រសិនបើអ្នកទទួលទានតែផ្លែឈើ ៖
១. ជំងឺពុកឆ្អឹង
កាល់ស្យូម គឺជាសារធាតុរ៉ែដែលជួយធ្វើឲ្យឆ្អឹងរឹងមាំ។ ប្រភពដ៏ល្អបំផុតនៃកាល់ស្យូម គឺទឹកដោះគោ, ឈីស, យ៉ាអ៊ួរ, ត្រីសាឌីន, ត្រីសាលម៉ុន, គ្រាប់ធញ្ញជាតិ, សណ្ដែក និងបន្លែមានស្លឹកពណ៌បៃតង។ ដូច្នេះប្រសិនបើអ្នកទទួលទានតែផ្លែឈើនោះ អ្នកនឹងមិនទទួលបាននូវជាតិកាល់ស្យូមគ្រប់គ្រាន់ឡើយ ហើយវីតាមីន D ក៏ត្រូវការចាំបាច់ដូចគ្នាសម្រាប់រាងកាយដើម្បីអាចស្រូបយកកាល់ស្យូមបានត្រឹមត្រូវ។
២. កង្វះអាហារូបត្ថម្ភ
ជាថ្មីម្តងទៀត ផ្លែឈើ គឺមិនមានផ្ទុកនូវសារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយត្រូវការប្រចាំ ថ្ងៃដើម្បីរក្សាបានរូបរាង និងសុខភាពល្អប្រសើរឡើយ។ ដូច្នេះប្រសិនបើអ្នកទទួលទានតែផ្លែឈើនោះ អ្នកប្រាកដជានឹងជួបប្រទះនូវបញ្ហាកង្វះអាហារូបត្ថម្ភជាមិនខាន។ នៅមានបញ្ហាជាច្រើនទៀតដែលអាចកើតឡើងចំពោះអ្នក ប្រសិនបើរាងកាយមិនទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់គ្រប់គ្រាន់ ហើយភាគច្រើននៃបញ្ហាទាំងនោះអាចធ្ងន់ធ្ងរណាស់។
៣. ភាពស៊ាំនឹងមេរោគត្រូវថយចុះ
ទោះបីជាផ្លែឈើភាគច្រើនមានផ្ទុកនូវវីតាមីន C ដែលល្អ ហើយជួយពង្រឹងប្រព័ន្ធភាពស៊ាំក៏ដោយ ប៉ុន្តែប្រសិនបើរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺមានតែផ្លែឈើ នោះប្រព័ន្ធក៏អាចនឹងប្រែជាចុះខ្សោយបានដែរ។ វា គឺដោយសារតែផ្លែឈើមិនផ្តល់ឱ្យរាងកាយនូវជាតិខ្លាញ់ ហើយអ្នកត្រូវការជាតិខ្លាញ់តិចតួចដើម្បីឱ្យរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមមួយចំនួនដែលភាគច្រើននៃសារធាតុចិញ្ចឹមទាំងនោះជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
៤. រាងកាយចុះខ្សោយ
វាជាការពិតដែលផ្លែឈើភាគច្រើន គឺជាប្រភពដ៏ល្អបំផុតនៃកាឡូរី។ ប៉ុន្តែប្រសិនបើរបបអាហាររបស់អ្នកមានតែផ្លែឈើសុទ្ធនោះ វានឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្សោយគ្មានកម្លាំងធ្វើសកម្មភាពរាងកាយផ្សេងៗជាក់ជាមិនខាន។ នោះក៏ព្រោះតែផ្លែឈើ គឺមិនផ្ដល់ឲ្យរាងកាយនូវជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់ពង្រឹងសាច់ដុំ។ វាអាចនឹងទៅរួចដែលសាច់ដុំប្រែជារួមតូច ប្រសិនបើអ្នកមិនបន្ថែមជាតិប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃ។
៥. ធាត់ជ្រុល
អ្នកជំនាញជាច្រើននិយាយថា វាអាចទៅរួចដែលអ្នកនឹងកើនទម្ងន់តាមរយៈការទទួលទានផ្លែឈើទោះបីជាវាគ្មានផ្ទុកនូវជាតិខ្លាញ់មិនល្អក៏ដោយ។ មូលហេតុនោះ គឺផ្លែឈើភាគច្រើនមានផ្ទុកនូវកាឡូរីខ្ពស់។ ជាតិកាឡូរីដែលមិនត្រូវបានរាងកាយប្រើប្រាស់នឹងត្រូវរក្សាទុកជាជាតិខ្លាញ់។
៦. ឈឺចាប់ក្នុងពោះ
យើងត្រូវការជាតិសសៃសម្រាប់ការពារបញ្ហាទល់លាមក។ ទោះជាយ៉ាងណាក៏ដោយនេះមិនមែនមានន័យថា អ្នកអាចរក្សាទុកជាតិសសៃជាច្រើនតាមដែលអ្នកចង់ឡើយ ហើយបញ្ហានេះអាចកើតឡើងប្រសិនបើអ្នកទទួលទានតែផ្លែឈើជាអាហារប្រចាំថ្ងៃ។ ជាតិសសៃច្រើនហួសនឹងធ្វើឲ្យមានផលវិបាកចំពោះប្រព័ន្ធរំលាយអាហារជាលទ្ធផលអ្នកនឹងឈឺចាប់ក្នុងពោះ។ អ្នកជំនាញជាច្រើននិយាយថា ជាតិសសៃច្រើនពេកអាចបណ្ដាលឲ្យមានបញ្ហាទាក់ទងនឹងការរំលាយអាហារ!