ប្រូខូលី ឬផ្កាខាត់ណាខៀវ ជាបន្លែដែលពេញនិយមណាស់ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយអាចយកមកធ្វើម្ហូបបានច្រើនមុខ រួមទាំងអាហារសាឡាដផងដែរ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានផ្កាខាត់ណាខៀវរួចមកហើយ ប៉ុន្តែបើទោះជាចូលចិត្ត ឬឧស្សាហ៍ញ៊ាំយ៉ាងណាក៏ដោយ ក៏ប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃបន្លែមួយប្រភេទនេះចំពោះសុខភាពរាងកាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានផ្កាខាត់ណាខៀវចំពោះសុខភាពទប់ស្កាត់ជំងឺផ្សេងៗ ៖
១. ទប់ស្កាត់ជំងឹមហារីក
ផ្កាខាត់ណាខៀវ មានផ្ទុកសារធាតុដែលជួយបំផ្លាញអ័រម៉ូន estrogens ដោយជាធម្មតាអ័រម៉ូននេះនឹងបង្កជាជំងឺមហារីកក្នុងរាងកាយនៅពេលកើនច្រើនលើស។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ផ្កាខាត់ណាខៀវ គឺជាជម្រើសនៃអាហារដ៏សាកសមបំផុតសម្រាប់ទប់ស្កាត់ជំងឺមហារីកសុដន់ និងមហារីកស្បូន។
២. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ
ផ្កាខាត់ណាខៀវ ជាប្រភពដ៏ប្រសើរនៃជាតិសសៃរលាយដែលមានប្រសិទ្ធិភាពកម្ចាត់កូឡេស្តេរ៉ូលចេញពីរាងកាយ។ នោះក៏ព្រោះតែជាតិសសៃក្នុងផ្កាខាត់ណាខៀវជួយចងភ្ជាប់អាស៊ីតដែលមានក្នុងទឹកប្រម៉ាត់ក្នុងបំពង់រំលាយអាហារធ្វើឲ្យកូឡេស្តេរ៉ូលមិនល្អងាយកម្ចាត់ចេញពីរាងកាយ។
៣. កាត់បន្ថយប្រតិកម្មអាឡែកស៊ី និងការរលាកក្នុងរាងកាយ
ប្រូខូលី ឬផ្កាខាត់ណាខៀវ មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយប្រយុទ្ធប្រឆាំងនឹងការរលាកផ្សេងៗក្នុងរាងកាយ។ បន្លែនេះជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់អ្នកជំងឺរលាកសន្លាក់ ក៏ព្រោះវាមានផ្ទុកសារធាតុ sulforaphane ជួយទប់ស្កាត់អង់ស៊ីមដែលបង្កការរលាកដល់សន្លាក់។ លើសពីនេះទៅទៀត ផ្កាខាត់ណាខៀវក៏ជាប្រភពនៃសារធាតុ kaempferol ដែលជួយកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីប្រតិកម្មអាឡែកស៊ីផងដែរ។
៤. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ប្រូខូលី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើនប្រភេទដែលជួយរាងកាយក្នុងរបៀបផ្សេងៗគ្នាទប់ស្កាត់ជំងឺ។ ម្យ៉ាងវិញទៀត ផ្កាខាត់ណាខៀវ សម្បូរដោយវីតាមីន C ធ្វើឲ្យវាក្លាយជាបន្លែជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
៥. សុខភាពឆ្អឹង
ផ្កាខាត់ណាខៀវ មានផ្ទុកកម្រិតខ្ពស់នៃជាតិកាល់ស្យូម និងវីតាមីន K ដែលចាំបាច់សម្រាប់សុខភាពឆ្អឹងរឹងមាំ ហើយទប់ស្កាត់ជំងឺពុកឆ្អឹង។ ប្រូខូលី ក៏ជាប្រភពនៃសារធាតុចិញ្ចឹមផ្សេងទៀតដូចជា ម៉ាញ៉េស្យូម, ជាតិស័ង្កសី និងផូស្វ័រ ដែលធ្វើឲ្យជាក្លាយជាបន្លែដ៏សាកសមបំផុតសម្រាប់កូនក្មេង, មនុស្សចាស់ និងស្ត្រីកំពុងបំបៅកូន។
៦. សុខភាពបេះដូង
លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃសារធាតុ sulforaphane ក្នុងផ្កាខាត់ណាខៀវអាចជួយទប់ស្កាត់ការខូចខាតនៃសសៃឈាមដែលបង្កមកពីការរលាកដោយសារតែបញ្ហាជាតិស្ករក្នុងឈាមរ៉ាំរ៉ៃ។ ផ្កាខាត់ណាខៀវ គឺប្រសើរបំផុតសម្រាប់សុខភាពបេះដូង ខណៈដែលវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ, អាស៊ីតខ្លាញ់ល្អ និងវីតាមីន ជួយគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយ។ ប្រូខូលី ក៏ជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលអាក្រក់ ហើយរក្សាបាននូវសុខភាពបេះដូងល្អប្រសើរផងដែរ។
៧. សុខភាពភ្នែក
ប្រូខូលី មានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene, វីតាមីន A, ផូស្វ័រ, វីតាមីន B,វីតាមីន C និង E ដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមសំខាន់សម្រាប់សុខភាពភ្នែកល្អប្រសើរមើលឃើញកាន់តែច្បាស់ ជៀសផុតពីជំងឺភ្នែកផ្សេងៗ។
៨. បន្សាបជាតិពុលក្នុងរាងកាយ
ប្រូខូលី ជាប្រភពដ៏សម្បូរបែបនៃជាតិសសៃដែលជួយកម្ចាត់ជាតិពុលចេញពីរាងកាយតាមរយៈបំពង់រំលាយអាហារ។ ផ្កាខាត់ណាស់ខៀវមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស phytonutrients ដែលជួយក្នុងដំណើរការបន្សាបជាតិពុលនៃរាងកាយឲ្យកាន់តែមានលក្ខណៈសកម្មប្រសើរឡើង៕