សញ្ញានៃជំងឺថ្លើមច្រើនតែមិនច្បាស់លាស់។ ប៉ុន្តែប្រសិនបើថ្លើមមានសុខភាពល្អ អ្នកក៏អាចសម្គាល់វាតាមរយៈការផ្លាស់ប្តូរមួយចំនួននៅក្នុងរាងកាយបន្ទាប់ពីភ្ញាក់ពីគេង។
សញ្ញាបីបង្ហាញថាថ្លើមមានសុខភាពល្អ
មិនមានអាចម៍ភ្នែក
ប្រសិនបើមុខងារថ្លើមមានលក្ខណៈធម្មតា នោះបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក អ្នកនឹងមិនមានអារម្មណ៏ថាស្ងួតភ្នែក និងមិនមានអាចម៍ភ្នែកឡើយ។
ថ្លើមគឺជាសរីរាង្គដ៏សំខាន់សម្រាប់ភ្នែក។ នេះមានន័យថា មុខងារថ្លើមប៉ះពាល់ដោយផ្ទាល់ដល់ស្ថានភាពភ្នែក។ ប្រសិនបើអ្នកភ្ញាក់ឡើងដោយមានអាចម៍ច្រើននៅជ្រុងភ្នែក ស្ងួត ឬមិនស្រួល ចូរប្រយ័ត្ន នេះជាសញ្ញានៃបញ្ហាថ្លើម។
ហើយបើអ្នកភ្ញាក់ពីគេងតែភ្នែកមិនស្ងួត គ្មានអាចម៍ភ្នែកច្រើន អ្នកអាចធានាបាននូវសុខភាពថ្លើមរបស់អ្នក។
អារម្មណ៍ស្រស់ស្រាយ
ជាធម្មតានៅពេលយើងសម្រាក ថ្លើមនឹងបំបែកជាតិពុលក្នុងខ្លួន ហើយបណ្តេញវាចេញ។ ដូច្នេះហើយ នៅពេលដែលអ្នកក្រោកពីដំណេក រាងកាយនឹងបានធូរស្រាល ស្រួលខ្លួន ស្មារតីក៏រំភើប និងងាយស្រួលក្នុងការផ្តោតអារម្មណ៍លើការងារ។
ប្រសិនបើអ្នកក្រោកពីដំណេកនៅពេលព្រឹកជាមួយនឹងរាងកាយដែលមានសុខភាពល្អ ពោរពេញដោយថាមពល នោះមានន័យថា មុខងាររបស់ថ្លើមនៅតែធម្មតា ថ្លើមមិនមានគ្រោះថ្នាក់នោះទេ។
គេងលក់ស្រួល
អ្នកដែលមានមុខងារថ្លើមមានស្ថេរភាព ច្រើនតែមានគុណភាពដំណេកប្រសើរជាងមុន។ ជាពិសេសអ្នកដែលថ្លើមមានសុខភាពល្អ ទំនងជាមិនសូវមានបញ្ហាគេងមិនលក់ ហើយអាចគេងរហូតដល់ភ្ញាក់ពីដំណេកតាមធម្មជាតិ។
ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ភ្ញាក់ពីគេងនៅម៉ោងមួយ ឬពីរព្រឹក ហើយមានបញ្ហាក្នុងការចូលគេងវិញវាអាចមានបញ្ហាជាមួយនឹងមុខងារថ្លើមរបស់អ្នក។ ការគេងមិនលក់ក៏កាន់តែអាក្រក់ទៅៗ។
សញ្ញាពីរព្រមានពីការខូចខាតថ្លើម
ដង្ហើមមិនល្អ
មនុស្សភាគច្រើនសន្មត់ថាក្លិនមាត់មិនល្អគឺបណ្តាលមកពីអនាម័យមាត់មិនត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាសញ្ញានៃមុខងារថ្លើមខ្សោយផងដែរ។
ដោយសារតែការថយចុះសមត្ថភាពរបស់ថ្លើមក្នុងការបន្សាបជាតិពុល រាងកាយរបស់យើងប្រមូលផ្តុំជាតិពុលជាច្រើន។ នេះជាមូលហេតុនៃក្លិនមាត់មិនល្អ។
ជាពិសេស ចំពោះអ្នកដែលមានជំងឺថ្លើម ទឹកប្រមាត់ត្រូវបានកាត់បន្ថយជាញឹកញាប់ រារាំងដល់ដំណើរការបញ្ចេញចោល នាំឱ្យនៅទ្រឹង ហើយជាតិពុលក្នុងរាងកាយមិនអាចកម្ចាត់ចោលបានឡើយ។ ជាលទ្ធផល ក្លិនមាត់អាក្រក់កាន់តែធ្ងន់ធ្ងរទៅៗ។
ដូច្នេះ ប្រសិនបើអ្នកសម្គាល់ឃើញថា ដង្ហើមរបស់អ្នកមានក្លិនមិនល្អខ្លាំង ដែលមិនមានភាពប្រសើរឡើង ទោះបីជាអ្នកដុសធ្មេញហើយក៏ដោយនោះ សូមទៅពិនិត្យថ្លើមរបស់អ្នកភ្លាមៗ។
ជូរចត់មាត់
រសជាតិជូរចត់នៅក្នុងមាត់របស់អ្នក នៅពេលអ្នកក្រោកពីដំណេកនៅពេលព្រឹក អាចបណ្តាលមកពីកង្វះជាតិទឹកនៅក្នុងខ្លួន។ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍មានអារម្មណ៍ថាមានរសជាតិល្វីង ជូរនៅក្នុងមាត់ វាអាចនឹងមានភាពខុសប្រក្រតីនៅក្នុងថ្លើម ដែលបណ្តាលឱ្យទឹកប្រមាត់ដែលលាក់ដោយថ្លើម ហៀរចូលទៅក្នុងមាត់ នាំឱ្យជូរចត់ក្នុងមាត់។
ក្រៅពីនេះ អ្នកដែលមានជំងឺរលាកថ្លើម ងាយនឹងស្ងួតមាត់ សូម្បីតែភ្ញាក់ពីគេងពាក់កណ្តាលយប់ ដោយសារតែស្រេកទឹកក៏ដោយ។
ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញាខាងលើណាមួយ អ្នកគួរតែស្វែងរកការព្យាបាលភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវមានវិធានការការពារថ្លើមផងដែរ ដូចជាកុំពិសារគ្រឿងស្រវឹង ត្រូវមានរបបអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ប្រយ័ត្នជាមួយថ្នាំមួយចំនួន និងការពារជំងឺរលាកថ្លើមប្រភេទវីរុស ពិនិត្យជំងឺរលាកថ្លើមដោយមេរោគ កុំប៉ះ ឬធុំក្លិនសារធាតុពុល។ ប្រយ័ត្នពេលប្រើឱសថ និងអាហារដែលមានសារជាតិបន្ថែម។ល៕