ការរមួលក្រពើអាចកើតឡើងគ្រប់ពេលទាំងអស់ មិនថាឡើយពេលគេងនោះទេ។ អ្នកប្រហែលជាមានអារម្មណ៍ថា សាច់ដុំនៅកំភួនជើងស្រាប់តែតឹងភ្លាមៗតែម្តង។ យ៉ាងណាមិញ បញ្ហានេះទំនងជាកើតឡើងជាញឹកញាប់ចំពោះមនុស្សចាស់អាយុចាប់ពី ៥០ឆ្នាំឡើងទៅ និងស្រ្តីមានផ្ទៃពោះ។ អ្វីដែលជាដំណឹងល្អនោះគឺថា ការរមួលក្រពើបែបនេះមិនមែនជាបញ្ហាដែលគួរបារម្ភឡើយ។ វាមិនមានការព្យាបាលអ្វីពិសេសឡើយដែលគ្រូពេទ្យអាចផ្តល់បាន ប៉ុន្តែខ្ញុំមានគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីកុំឲ្យបញ្ហានេះកើតឡើងទៀត។
ធ្វើចលនារាងកាយ
ការធ្វើចលនារាងកាយបានទៀងទាត់ប្រហែលជាជួយបង្ការការរមួលក្រពើជើងបានទាំងថ្ងៃ និងយប់។ អ្នកអាចសាកល្បងការដើរលឿនៗនៅជុំវិញផ្ទះជាមួយនឹងស្បែកជើងដែលមានការទ្រទ្រង់ជើងល្អ។ អ្នកក៏អាចជ្រើសរើសការជិះកង់ ឬដើរលើម៉ាស៊ីនរត់បានដែរ។
ពុតពែនសាច់ដុំ
ចូរប្រាកដថា អ្នកបានពុតពែនសាច់ដុំនៅជើងបានរាល់ថ្ងៃហើយ ជាពិសេសមុនពេល និងក្រោយពេលបែកញើសខ្លាំង។ បើសិនជាអ្នករមួលក្រពើនៅពេលយប់ ចូរធ្វើការពុតពែនប្រអប់ជើងដោយបង្ខំ តាមរយៈស្រដូងជើងឲ្យត្រង់ ហើយព្យាយាមរុញប្រអប់ជើងឡើងទៅលើ។ ការងូតទឹកក្តៅក៏អាចបំពាត់ការឈឺចាប់នេះបានដែរ។
ពិនិត្យលើស្បែកជើង
ចូរពាក់ស្បែកជើងទ្រទ្រង់ជើងដែលល្អ និងផ្តល់ផាសុកភាព ជាពិសេសបើសិនជាអ្នកត្រូវការដើរច្រើននៅលើផ្ទៃដែលរឹងៗខ្លាំង។
ញ៉ាំទឹកឲ្យបានច្រើន
អ្នកជំនាញបានណែនាំថា បុរសគួរតែញ៉ាំទឹក ១៥.៥ពែង និងស្រ្តី ១១.៥ពែង ជារៀងរាល់ថ្ងៃ។ ការផ្តល់ជាតិទឹកក្នុងខ្លួនគ្រប់ អាចជួយបង្ការការរមួលក្រពើបាន។ អ្វីដែលជារឿងល្អដែលបញ្ជាក់ថា ក្នុងខ្លួនមានជាតិទឹកគ្រប់គឺ ទឹកនោមមានពណ៌ថ្លា ឬលឿងខ្ចី។ បើសិនជាលឿងខាប់ មានន័យថា អ្នកត្រូវការញ៉ាំទឹកមួយកែវទៀតហើយ។
ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់
ចូរធ្វើយ៉ាងណារបបអាហារអ្នកមានតុល្យភាពត្រឹមត្រូវ ព្រមទាំងសម្បូរទៅដោយជីវជាតិដូចជា កាលស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ បើសិនជាញ៉ាំមិនបានគ្រប់ទេ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាល។ គាត់អាចណែនាំឲ្យអ្នកប្រើប្រាស់ថ្នាំបំប៉នបន្ថែមលើករណីកង្វះជីវជាតិណាមួយ ព្រោះ កាលណាកង្វះជីវជាតិទាំងនេះ វាសុទ្ធតែជាដើមហេតុនាំឲ្យរមួលក្រពើបានទាំងអស់។
បន្ថយការញ៉ាំគ្រឿងស្រវឹង
ចូរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងដូចជា ស្រាបៀរ ស្រា និងស្រាក្រឡុក ព្រោះវាអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនបាន។ យ៉ាងណាមិញ គ្រឿងស្រវឹងក៏អាចធ្វើឲ្យខូចសរសៃប្រសាទបានដែរ។
ស្រ្តីមានផ្ទៃពោះ
ចូរឲ្យគ្រូពេទ្យដឹងផងបើសិនជាអ្នកកំពុងតែមានបញ្ហារមួលក្រពើនៅពេលយប់ក្នុងពេលមានផ្ទៃពោះ។ ខណៈពេលដែលការថែទាំសុខភាពជាច្រើនអាចជួយអ្នកបាន ប៉ុន្តែគ្រូពេទ្យអាចផ្តល់នូវការណែនាំបន្ថែមទៀតបាន។ ចូរពុតពែនជើងនៅពេលកើតបញ្ហារមួលក្រពើ និងលើកជើងឲ្យខ្ពស់ដើម្បីកុំឲ្យមានបញ្ហារមួលក្រពើទៀត។ ចូររស់នៅឲ្យមានភាពសកម្ម ម៉ាស្សា និងងូតទឹកក្តៅឧណ្ហៗ។ ការរមួលក្រពើនេះអាចនឹងបាត់ទៅវិញដោយខ្លួនឯងក្រោយពីសម្រាលកូនរួច៕