អ្នកដែលចំណាយពេលយ៉ាងតិច ២ម៉ោង មើលអេក្រង់កុំព្យូទ័រ អាចប៉ះពាល់ដល់ភ្នែក ដែលធ្វើឱ្យស្រវាំងភ្នែក, មើលឃើញព្រាលៗ, ឈឺក្បាល, និងភ្នែកស្ងួត។ ភ្នែករបស់អ្នកមិនមែនបង្កើតឡើងសម្រាប់ការមើលរយៈពេលយូររាប់ម៉ោងយ៉ាងនេះនោះទេ។ ប្រសិនបើអ្នកចាប់អារម្មណ៍ថា ភ្នែករបស់អ្នកស្រវាំង ឬ ព្រាលមើលមិនច្បាស់ពេលអ្នកខំព្យាយាមមើលអេក្រង់កុំព្យូទ័រ អ្នកអាចសាកអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោមដើម្បីជួយសម្រួលភ្នែករបស់អ្នក៖

សម្រាកភ្នែក៖ ក្រុមអ្នកជំនាញនិយាយថា នេះគឺជាវិធីល្អបំផុតក្នុងការព្យាបាលភ្នែកស្រវាំង និងជាវិធីមួយដែលងាយស្រួលជាងការគិតរបស់អ្នក។ គ្រូពេទ្យ Samuel L. Guillory និយាយថា “អ្នកអាចឱ្យភ្នែករបស់អ្នកសម្រាកនៅពេលដែលអ្នកនិយាយទូរស័ព្ទ ឬពេលដែលអ្នកមិនត្រូវអានឬសរសេរ។ អ្នកដែលធ្លាប់បានអនុវត្តយុទ្ធសាស្ត្រនេះនិយាយថា វាពិតជាមានប្រសិទ្ធភាពមែន ព្រោះវាជួយបំបាត់ភាពស្រវាំងភ្នែករបស់ពួកគេបាន ហើយភ្នែករបស់ពួកគេមានភាពប្រសើរជាង។
យកចិត្តទុកដាក់លើពន្លឺ៖ គ្រូពេទ្យ Guillory បន្តថា “វាមិនធ្វើឱ្យភ្នែករបស់អ្នកឈឺនោះទេ នៅពេលដែលអ្នកអាននៅក្រោមពន្លឺភ្លើងព្រឹមៗ ប៉ុន្តែអ្នកអាចធ្វើឱ្យវាស្រវាំងបាន ប្រសិនបើវាមិនផ្តល់ពន្លឺគ្រប់គ្រាន់។ អ្នកគួរប្រើពន្លឺល្មមដែលមិនចាំងពេក និងចៀសវាងប្រើអំពូលភ្លើងដែលជះពន្លឺចំភ្នែករបស់អ្នក”។
បង្អាក់ការងាររបស់អ្នក៖ គ្រូពេទ្យ Guillory និយាយថា “បើសិនជាអ្នកត្រូវធ្វើការមុខកុំព្យូទ័ររយៈពេលពី ៦ ទៅ ៨ម៉ោង អ្នកត្រូវសម្រាកក្នុងចន្លោះពី ២ ទៅ ៣ម៉ោងម្តង។ ក្នុងចន្លោះពេលសម្រាកនោះ អ្នកអាចធ្វើការងារអ្វីផ្សេង ដូចជា ឆុងកាហ្វេ ឬ ទៅបន្ទប់ទឹក ធ្វើយ៉ាងណាឱ្យភ្នែករបស់អ្នកគេចចេញពីអេក្រង់កុំព្យូទ័របាន ១០ ទៅ ១៥នាទី”។
បន្ថយពន្លឺអេក្រង់៖ វាមិនត្រឹមតែជាអក្សរនិងតួលេខប៉ុណ្ណោះទេដែលនៅលើអេក្រង់របស់អ្នក វាគឺជាអំពូលដែលជះពន្លឺចំកែវភ្នែករបស់អ្នក។ ដូច្នេះអ្នកត្រូវបន្ថយពន្លឺអេក្រង់ឱ្យល្មមនឹងភ្នែករបស់អ្នកដែលអាចមើលបាន។
ឆុងទឹកតែ៖ ក្រោយពីឆុងតែហើយអ្នកទុកវាត្រជាក់បន្តិចហើយយកកន្សែងជ្រលក់ក្នុងទឹកតែក្តៅឧណ្ហៗនោះ។ គេងនិងបិតភ្នែករបស់អ្នក ហើយយកកន្សែងទទឹកនោះមកគ្របពីលើភ្នែករយៈពេល ១០ ទៅ ១៥នាទី។ វាជួយធ្វើឱ្យភ្នែករបស់អ្នកបាត់ស្រវាំង។ ប៉ុន្តែអ្នកត្រូវប្រយ័ត្ន មិនត្រូវឱ្យទឹកតែហូរចូលភ្នែករបស់អ្នកនោះទេ។
ការសហការរបស់ដៃនិងភ្នែក៖ ត្រដុសដៃរបស់អ្នកទាំងសងខាងឱ្យក្តៅឧណ្ហៗ បន្ទាប់មកបិតភ្នែកហើយយកដៃរបស់អ្នកទាំងពីរមកគ្របពីលើភ្នែក ដោយមិនត្រូវសង្កត់ភ្នែកនោះទេ។ ដកដង្ហើមវែងៗនិងយឺតៗ រយៈពេល ២០នាទី។
ការព្រិចភ្នែក៖ ព្រិចភ្នែករបស់អ្នកយ៉ាងតិចឱ្យបាន ៣០០ដងក្នុងមួយថ្ងៃ។ ការព្រិចភ្នែកម្តងៗ អាចជួយលាងសម្អាតភ្នែករបស់អ្នកនិងជួយម៉ាស្សាភ្នែករបស់អ្នក។