ជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លាគឺជាជំងឺគាមរោគ ដែលបង្កឡើងដោយបាក់តេរី។ វាច្រើនតែឆ្លងតាមរយៈការរួមភេទតាមាត់ ប្រដាប់ភេទ ឬរន្ធគូថ។ អាការៈរបស់ជំងឺកាមរោគទាំងពីរនេះ ច្រើនតែច្របល់ចូលគ្នា ដូច្នេះពេលខ្លះ វាក៏អាចពិបាកក្នុងការកំណត់ថា មានជំងឺណាមួយឲ្យប្រាកដដែរ ដោយសារតែអាការៈរបស់វាស្រដៀងគ្នា។
ទាំងបុរស និងស្រ្តី សុទ្ធតែអាចឆ្លងជំងឺប្រមេះទាំងពីរនេះ និងមិនមានរោគសញ្ញាអ្វីទាំងអស់។ សម្រាប់ជំងឺប្រមេះទឹកថ្លា អាការៈរបស់វាប្រហែលជាមិនកើតឡើងរយៈពេលពីរបីសប្តាហ៍ក្រោយពីឆ្លងរួចឡើយ ខណៈពេលដែលប្រមេះទឹកបាយអាចមិនមានរោគសញ្ញាទាំងអស់លើមនុស្សស្រី តែអាចមានតិចតួចប៉ុណ្ណោះ ចំណែកឯបុរសវិញទំនងជាមានអាការៈធ្ងន់ធ្ងរជាង។ ចំពោះអាការៈរួមដែលកើតឡើងលើបុរស និងស្រ្តីមានដូចជា៖
- នោមក្រហាយ
- មានហូរទឹករំអិលមិនធម្មតាចេញពីទ្វារមាស ឬលិង្គ
- ហូរទឹករំអិលចេញពីរន្ធគូថ
- ឈឺចាប់ក្នុងរន្ធគូថ
- មានឈាមចេញពីរន្ធគូថ
សម្រាប់ជំងឺប្រមេះទាំងពីរ អាចធ្វើឲ្យបុរសមានការហើមពងស្វាសខុសធម្មតា និងមានការឈឺចាប់ពេលបាញ់ទឹកកាមចេញ។ អ្នកក៏ប្រហែលជាមានអាការៈជាច្រើនទៀតដែលប៉ះពាល់ល់បំពង់ករបើសិនជាអ្នករួមភេទតាមមាត់ដូចជា ឈឺបំពង់ករ និងក្អក។
រោគសញ្ញាជំងឺប្រមេះទឹកថ្លា
ស្រ្តីប្រហែលជាមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរបើសិនជាការបង្ករោគនេះរាលដាលដល់ស្បូន និងបំពង់ដៃស្បូន។ រឿងនេះអាចធ្វើឲ្យមានការរលាកក្នុងអាងត្រគាកបាន ដែលមានសញ្ញាដូចជា៖
- ក្តៅខ្លួន
- មានអារម្មណ៍មិនស្រួលខ្លួន
- ធ្លាក់ឈាមតាមទ្វារមាស ដែលវាមិនមែនជាឈាមរដូវទេ
- ឈឺចាប់ខ្លាំងក្នុងតំបន់អាងត្រគាក
រោគសញ្ញាជំងឺប្រមេះទឹកបាយ
ជំងឺនេះ អាចធ្វើឲ្យអ្នកអាចសម្គាល់ដឹងរោគសញ្ញានៅក្នុងរន្ធគូថដូចជា រមាស់ ដំបៅ និងឈឺចាប់ពេលបន្ទោបង់។ ស្រ្តីក៏ប្រហែលជាមានអាការៈ ធ្លាក់ឈាមរដូវច្រើនៗ និងឈឺចាប់ក្នុងពេលរួមភេទ។
ជំងឺទាំងពីរនេះបង្កឡើងដោយការលូតលាស់ខ្លាំងរបស់បាក់តេរី ដោយជំងឺប្រមេះទឹកថ្លាបង្កឡើងដោយបាក់តេរីឈ្មោះ Chlamydia Trachomatis និងជំងឺប្រមេះទឹកបាយបង្កឡើងដោយបាក់តេរីឈ្មោះ Neisseria Gonorrhea៕