រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចូលមកកម្ពុជាពី១៤ថ្ងៃ មកត្រឹមតែ៧ថ្ងៃ ។
យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លើលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដូចជាកែសម្រួលរយៈពេលធ្វើចត្តាឡីស័កពីរយៈពេល១៤ថ្ងៃ មកនៅត្រឹមរយៈពេល៧ថ្ងៃ» ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា កែសម្រួលរយៈពេលធ្វើចត្តាឡីស័កពីរយៈពេល១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃ ។ កែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័កដោយ អ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក ។ ចំពោះអ្នកដំណើរមកពីបរទេសតាមព្រំដែនគោក ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក ។
លើសពីនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់ដូសទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចាក់ដូសទី២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះ ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចាកចេញ ពីមណ្ឌលចត្តាឡីស័ក ៕