ទឹកដោះគោ គឺជាប្រភេទភេសជ្ជះម្យ៉ាង ដែលផ្តល់អោយយើងនូវ អត្ថប្រយោជន៍ច្រើនរាប់មិនអស់ នៅក្នុងទម្រង់ផ្សេងៗរបស់វា។ មិនថា អ្នកស្ថិតនៅក្នុងអាយុកាលប៉ុនណាក៏ដោយ ទឹកដោះគោនៅតែ រួមចំណែក នៅក្នុងសុខភាពរបស់អ្នក រាល់ដំណាក់កាលនីមួយៗ នៅក្នុងជីវិតអ្នក។
វាគឺជា អាហារដ៏ចាំ បាច់បំផុត ដែលមិនអាចចៀសវាងបាន សម្រាប់ទារក និង កុមារតូចៗ ។ មនុស្សភាគច្រើន គឺបានដឹងពី អត្ថប្រយោជន៍ជាទូទៅរបស់វាហើយ ។ តែទោះជាយ៉ាងណាក៏ដោយ វានៅមានគុណសម្បត្តិជាច្រើន ផ្សេងៗទៀត ដែលអ្នកគួរធ្វើការសិក្សាបន្ថែម ។
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួន ដែលអ្នកនឹង អាចទទួលបានពីការផឹកទឹកដោះគោជាប្រចាំ ៖
១. ទឹកដោះគោគឺផ្ទុកទៅដោយសារជាតិចិញ្ចឹម
ទឹកដោះគោ មានរួមបញ្ចូលគ្នារវាង សារធាតុជាច្រើនមានដូចជាៈ ប្រូតេអ៊ីន, ឡាក់តូស,កាល់ស្យូម , វីតាមីន D, វីតាមីន A, វីតាមីន B12 និង សារជាតិ riboflavin ។ ដោយសារតែ ជាតិប្រូតេអ៊ីន ដែលមាននៅក្នុង ទឹកដោះគោ ទើបបានជាធ្វើអោយវាក្លាយជា អាហារមួយដ៏ពេញលេញបាន ដោយមិន ចាំបាច់ ត្រូវការការរួមបញ្ចូលនូវអាហារផ្សេងទៀត ធ្វើជាប្រភពដើម។ សម្រាប់អ្នកដែលតមសាច់ វាគឺជា ប្រភពដ៏ល្អបំផុត នៃសារជាតិប្រូតេអ៊ីនចំពោះពួកគេ ។ វីតាមីន A ជម្រុញដល់ប្រព័ន្ធភាពសាំ,ការពារ ដល់ ការចុះខ្សោយនៃការមើលឃើញ និង ភាពពិការភ្នែក។ ជាតិកាល់ស្យូម ដែលមានវត្តមាននៅក្នុង ទឹកដោះគោ គឺអាចពង្រឹងទៅដល់ សុខភាពឆ្អឹង និង ការពារបាននូវ ការបាត់បង់ឆ្អឹង ក្នុងអំឡុងពេល មជ្ឈឹមវ័យ ។
២. ទឹកដោះគោលើកស្ទួយដល់ថាមពល និង មុខងាររបស់រាងកាយ
សារធាតុផ្សំដែលមាន នៅក្នុងទឹកដោះគោ ជួយនៅក្នុង ការផលិតថាមពល, ធ្វើអោយប្រព័ន្ធប្រសាទ មានដំណើរការបានត្រឹមត្រូវល្អ, ការពារបេះដូង ដោយការរក្សានូវ សម្ពាធឈាមអោយស្ថិតនៅក្នុង កម្រិតល្អ ។
៣. ទឹកដោះគោមានអត្ថប្រយោជន៍ជាពិសេស សម្រាប់ស្ត្រី
ស្ត្រីត្រូវធ្វើការផឹកទឹកដោះគោ អោយបានច្រើនជាពិសេស ដើម្បីរក្សាបាន នូវ កំហាប់ឆ្អឹង និង សុខភាព ទូទៅក្នុងរយៈពេលយូរ ។ ស្ត្រីដែលមិនសូវបានទទួលទានទឹកដោះគោ គឺងាយនឹងទទួលរងនូវ បញ្ហាទាក់ ទងនឹងឆ្អឹងមានដូចជា ជំងឺពុកឆ្អឹង នៅក្នុងដំណាក់កាលក្រោយនៃជីវិតរបស់ពួកគេ។ ដោយសារតែស្ត្រី គឺហាក់នឹង ងាយរងឱកាស នូវការប្រឈមទៅនឹង ជំងឺមហារីកច្រើនជាង បើធ្វើការប្រៀបធៀបនឹងបុរស ដូច្នេះការទទួលទានទឹកដោះគោ អោយបានជាប្រចាំ ត្រូវបានគេណែនាំជាពិសេស ចំពោះស្ត្រី ដើម្បីកាត់ បន្ថយបាននូវឱកាស នៃការកើតមានជំងឺមហារីកសុដន់ និង ជំងឺមហារីកពោះវៀន ។
៤. ទឹកដោះគោគឺល្អប្រសើរសម្រាប់ ស្ត្រីមានផ្ទៃពោះ និង ស្ត្រីដែលបំបៅកូនដោយទឹកដោះ
ក្នុងអំឡុងពេល និង ក្រោយពេលនៃការមានផ្ទៃពោះ ស្ត្រីត្រូវការផឹកទឹកដោះគោ ក្នុងបរិមាណកំណត់ មួយ ដើម្បីទទួលបាននូវសារជាតិកាល់ស្យូម គ្រប់គ្រាន់ ចំពោះទាំងម្តាយ និង ទារក។ ម្តាយដែលបំបៅ ដោះកូន ត្រូវការ ទទួលនូវជាតិទឹកដោះគោ ក្នុងទម្រង់ផ្សេងៗគ្នា ដើម្បី អាចបង្កើនបរិមាណនៃការ បញ្ចេញទឹកដោះអោយបានគ្រប់គ្រាន់ សម្រាប់ទារក ។
ទឹកដោះគោ អាចត្រូវបានគេយកមកទទួលទាន ក្នុងទម្រង់ជាធម្មជាតិរបស់វា ឬ ក្នុងលក្ខណៈនៃការ កែឆ្នៃផ្សេងៗទៀតមានដូចជា ទឹកដោះគោយ៉ាអួ ឬ ហ្វ្រូម៉ាស់ជាដើម ។ វាសម្បូរទៅដោយសារជាតិ ចិញ្ចឹមបំប៉ន និង មានតុល្យភាពជាពិសេស ជាមួយនឹង កាបូអ៊ីដ្រាត និង ប្រូតេអ៊ីន ។ ទឹកដោះមិនត្រឹមតែ អាចជួយ រក្សាអោយអ្នកមានសុខភាពល្អនោះទេ ប៉ុន្តែវាពិតជាល្អបំផុត សម្រាប់សុខភាពស្បែក និង សក់ របស់អ្នកផងដែរ ៕