ការប្រកាន់មនុស្សធាត់ឬស្គម ថ្វីបើមិនល្អក៏ដោយ តែយើងគួរតែដឹងខ្លួនឯងច្បាស់ថាពិតជាធាត់ដូចគេថាមែនឬអត់។ ការចេះភ្ញាក់ខ្លួន គឺប្រសើរជាងការដើរខឹងគេនៅពេលដែលគេថាខ្លួនធាត់។ នេះមកពីការធាត់ អាចប៉ះពាល់ដល់សុខភាពរបស់អ្នកផ្ទាល់ មិនមែនសុខភាពរបស់អ្នកថាទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់នូវជំងឺមហារីក៣ប្រភេទ ដែលបណ្តាលមកពីការធាត់លើសទម្ងន់។
១. មហារីកថ្លើម
យោងតាមអ្នកជំនាញខាងសុខភាពបានឱ្យដឹងថា កត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម មានដូចជា ការឆ្លងមេរោគថ្លើមរយៈពេលយូរ ភាពធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និង ការទទួលទានគ្រឿងស្រវឹងលើសកម្រិត។ វត្តមាននៃជាតិខ្លាញ់ច្រើនពេកក្នុងថ្លើមអាចបង្កអោយកើតមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើមជាដើម។ ហើយក្រៅពីគ្រឿងស្រវឹង ខ្លាញ់រុំថ្លើមក៏បណ្ដាលមកពីភាពធាត់ជ្រុល ឬលើសទម្ងន់ផងដែរ។
២. មហារីកពោះវៀនធំ
បុរសនិងស្ត្រី ដែលធាត់ជ្រុល ងាយប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំដល់ទៅ ៣០% បើប្រៀបធៀបនឹងអ្នកដែលមានទម្ងន់ត្រឹមត្រូវតាមស្តង់ដា។ អ្នកជំនាញជាច្រើននិយាយថា កោសិកាខ្លាញ់ច្រើនហួសអាចផលិតអរម៉ូនដែលបង្កឱ្យមានការបង្កើតកោសិកាមហារីកពោះវៀនធំ។ ដូចនេះ ចូរសម្រកទម្ងន់របស់អ្នក ដើម្បីសុខភាពពោះវៀនធំអ្នក។
៣. មហារីកសុដន់
ស្ត្រីដែលធាត់ជ្រុលងាយប្រឈមមុខនឹងការកើនឡើងនូវហានិភ័យនៃជំងឺមហារីកសុដន់ក្រោយពេលអស់រដូវ។ ស្ត្រីដែលអស់រដូវ ដែលធាត់លើសទម្ងន់មានហានិភ័យខ្ពស់នឹងជួបបញ្ហានៃជំងឺមហារីកសុដន់ពី ២០% ទៅ ៤០% បើប្រៀបធៀបនឹងស្ត្រីដែលអស់រដូវ តែមានទម្ងន់ធម្មតា៕