ការគាំងបេះដូងច្រើនតែបណ្តាលមកពីជំងឺបេះដូង ដូច្នេះការអនុវត្តជំហ៊ានដើម្បីបន្ថយ ឬបង្ការជំងឺCoronary Artery Disease អាចជួយការពារការគាំងបេះដូងបាន ។ ជំងឺបេះដូងគឺជាឃាតករលេខមួយរបស់មនុស្សប្រុសស្រីក្នុងសហរដ្ឋអាមេរិក ដូច្នេះមធ្យោបាយបង្ការ ទាំងនេះគឺមានសារៈសំខាន់សំរាប់មនុស្ស គ្រប់គ្នា ។
ដើម្បីពង្រឹងសុខភាពបេះដូង អ្នកគប្បី៖
- ផ្តាច់បារី និងចៀសវាងការស្រូបផ្សែងបារី ។ ឈប់ជក់បារីអាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូងម្តងទៀត ឬស្លាប់បានយ៉ាងលឿន ។
- បរិភោគរបបអាហារដែលមានសុខភាពក្នុងនោះមានត្រី ផ្លែឈើ បន្លែ សណ្តែក អាហារសរសៃ និងប្រេងអូលីវ ។
- ហាត់ប្រាណអោយទៀងទាត់ ។ គ្រូពេទ្យអាចណែនាំអោយធ្វើលំហាត់ប្រាណណាដែលមានសុវត្ថិភាពសម្រាប់អ្នក ។
- គ្រប់គ្រងកំរិតកូឡេស្តេរ៉ុល និងសម្ពាធឈាម
- គ្រប់គ្រងជំងឺទឹកនោមផ្អែម
- បន្ថយភាពតានតឹង ។ ភាពតានតឹងអាចបំផ្លាញបេះដូងរបស់អ្នកបាន ។
- ប្រើថ្នាំ Aspirin ជារៀងរាល់ថ្ងៃប្រសិនបើគ្រូពេទ្យអោយប្រើ
- ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយជារៀងរាល់ឆ្នាំ
- ប្រើថ្នាំអោយបានត្រឹមត្រូវ ។ ការប្រើថ្នាំអាចបន្ថយការប្រឈមនឹងការកើតគាំងបេះដូងម្តងទៀត ឬស្លាប់ដោយសារជំងឺ Coronary Artery Disease ។
- ចូរស្វែករកជំនួយដើម្បីគ្រប់គ្រងរោគសញ្ញានៃការបាក់ទឹកចិត្ត ៕