រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្រាលកូនរួច ស្ត្រីភាគច្រើនមិនសូវជាខ្វល់ខ្វាយរឿងថែរក្សាសម្រស់ខ្លួននោះទេ ភាគច្រើនយកចិត្តទុកដាក់តែទៅលើការបីបាច់ថែរក្សាកូនច្រើនជាង ជាហេតុធ្វើឲ្យសម្រស់របស់ស្ត្រីមិនអាចវិលទៅរកសភាពស្រស់ស្អាតដូចមុនបាន ។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីគួរគិតគូរពីការថែសម្រស់របស់ខ្លួនផងដើម្បីចងចិត្តស្វាមីកុំឱ្យងាកទៅរកម្ហូបក្រៅផ្ទះ ។ ខាងក្រោមនេះ គឺជាវិធីងាយៗក្នុងការថែរក្សាសម្រស់របស់ស្ត្រីក្រោយពេកសម្រាលកូនរួច ៖
ឆ្ពុង ៖ ការឆ្ពុងទាំងមុខ ទាំងដងខ្លួនជាវិធីដ៏ល្អបំផុតដើម្បីជួយឲ្យស្បែកបានសម្រាកធូរស្បើយពីភាពធុញថប់ក្នុងអំឡុងពេលពពោះ ក៏ដូចជាសម្រាលកូនហើយ ។ ការឆ្ពុងមិនត្រឹមតែជួយបំបាត់នូវភាពតានតឹងប៉ុណ្ណោះទេ ជាពិសេសចំហាយទឹកអាចធ្វើឲ្យស្បែកអ្នកតឹងណែនជាងមុន និងអាចធ្វើឲ្យស្បែកមានក្លិនក្រអូបថែមទៀតផង ដូច្នេះបន្ទាប់ពីសម្រាលកូនរួច ស្ត្រីមិនគួរមើលរំលងចំពោះការឆ្ពុងជាមួយឱសថបុរាណនោះទេ ។
ស្នាមជាំជុំវិញភ្នែក ៖ ការងងុយ ការប្រែប្រួលផ្នែកអ័រម៉ូន ការស្រក់ទម្ងន់ ភាពស្មុគស្មាញតានតឹងក្នុងអារម្មណ៍ គឺជាមូលហេតុដែលធ្វើឲ្យស្ត្រីងាយនឹងមានបញ្ហាស្នាមជាំនៅជុំវិញភ្នែកខ្លាំងណាស់ ដូច្នេះដើម្បីចៀសផុតពីបញ្ហាទាំងនេះ ស្ត្រីគួរតែសម្រាកឲ្យបានច្រើន ធ្វើចិត្តឲ្យសប្បាយជាពិសេសត្រូវជាវផលិតផលមកលាបបំបាត់បញ្ហាជាំទាំងនេះផងដែរ ។
បញ្ហាស្បែក៖ ស្ត្រីភាគច្រើន រមែងតែមានបញ្ហាស្បែកកើតឡើងដូចគ្នានឹងពេលកំពុងពពោះ ទោះបីជាសម្រាលកូនហើយក៏ដោយ។ វិធីល្អបំផុត គួរតែមានក្រែមលាងសម្អាត សាប៊ូ ឬក្រែមផ្តល់សំណើមដល់ស្បែក ដែលមានការណែនាំពីអ្នកជំនាញច្បាស់លាស់ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពទារក ។
ការទទួលទានអាហារ៖ ពេលខ្លះដើម្បីឲ្យស្បែកមានភាពស្រស់ស្អាត ការទទួលទានអាហារដែលសម្បូរដោយវីតាមីនដូចបន្លែផ្លែឈើ ក៏អាចជួយឲ្យស្បែកមានភាពស្រស់ស្អាតឡើងវិញផងដែរ តែបើសិនជាស្ត្រីមានការមមាញឹកច្រើនពេក គួតែទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីជ្រើសរើសវីតាមីនមួយចំនួនដែលមានសារប្រយោជន៍ចំពោះសម្រស់មកទទួលទានក៏ជាការល្អ ៕