មិនថាតែស្ត្រីទេ បុរសៗក៏ចង់បានស្បែកមុខស្អាតដែរ ការថែទាំស្បែកឲ្យស្អាតដូចតារាអាចជាឧបសគ្គ សម្រាប់គ្នាមនុស្សមួយចំនួន ព្រោះស្បែកយើងម្នាក់ៗមិនដូចគ្នាទេ ។ ណាមួយយើងមិនសូវជាជំនាញ រឿងជ្រើសរើសផលិតផលដែលត្រូវនឹងស្បែកមុខ ហើយទម្លាប់ថែទាំស្បែកមុខ ក៏ធ្វើបានមិនសូវជាត្រឹមត្រូវប៉ុន្មានដែរ ។
ចង់បានស្បែកមុខស្អាត សូមមកដឹងពីតិចនិកសាមញ្ញៗ សម្រាប់ស្បែកមុខគ្រប់ប្រភេទគួរធ្វើតាម៖
ទី១- លាងសម្អាតមុខ
ពេលព្រលឹមឡើង យើងគួរប្រើហ្វូមលាងមុខដែលស្រទន់ មិនមានជាតិកាត់ច្រើន ហើយបើសិនជាយើងឃើញថា មុខនៅប្រេង ឬជិតឡើងមុន១-២គ្រាប់លើមុខ យើងអាចលាងមុខ២ដងបាន។ ពេលលាងមុខត្រូវប្រើទឹកក្ដៅឧណ្ហៗ ហើយដាក់មុខ និងដៃឲ្យសើមសិន បន្ទាប់មកញីហ្វូមលើបាតដៃឲ្យឡើងពពុះ រួចម៉ាស្សាថ្នមៗលើមុខ សឹមលាងចេញ។
ទី២- ប្រើសេរ៉ូមមុខ
ក្រោយលាងមុខរួច យើងអាចប្រើសេរ៉ូមមុខ តែបើយើងមិនដឹងថាត្រូវប្រើមួយណា គ្នាយើងអាចជ្រើសរើសសេរ៉ូមដែលផ្ទុក អាស៊ីដ hyaluronic ព្រោះវាមិនផ្ដល់ផលរំខាន និងជួយផ្ដល់សំណើមបានល្អសម្រាប់ស្បែកគ្រប់ប្រភេទទៀត ។ បើយើងបន្ថែមសេរ៉ូមចូលទៅក្នុង Skincare វានឹងជួយឲ្យស្បែកមានសំណើម និងមើលទៅភ្លឺថ្លាជាងមុន។
ទី៣- បន្ថែមគ្រីមផ្ដល់សំណើម
ដូចនឹងការលាងមុខដែលអត់ធ្វើមិនបានដែរ ការប្រើគ្រីមផ្ដល់សំណើមដល់មុខ ត្រូវប្រើជាប្រចាំគ្រប់ពេលក្នុងការថែទាំស្បែកមុខយើង មិនថាស្បែកមុខបែបណាក៏ដោយ។ ក្រោយប្រើសេរ៉ូមហើយ គ្នាយើងគួរថែមគ្រីមផ្ដល់សំណើមមួយតង់ពីលើទៀត។
ទី៤-បូកបញ្ចូលតំបន់ភ្នែក
យើងម្នាក់ៗផ្ដោតសំខាន់ណាស់លើផ្ទៃមុខ ចុះតំបន់ភ្នែកម៉េចបានមិនខ្វល់ជាមួយ? ជារឿយៗ ស្បែកនៅតំបន់ភ្នែកយើង ជាកន្លែងដំបូងគេដែលបង្ហាញឲ្យឃើញពីការវិវត្តទៅរកភាពចាស់របស់យើងដូចជា ស្នាមជ្រួញកន្ទុយភ្នែក ដក់ភ្នែក ភ្នែកឡើងខ្មៅ។ល។ ដើម្បីទប់ស្កាត់បញ្ហានោះ បូកបញ្ចូលគ្រីមលាបភ្នែក រឹតតែល្អ ព្រោះវាអាចជួយបំបាត់ស្នាមដក់ ឬស្នាមជ្រីវជ្រួញបានល្អ។
ទី៥- ថែមឡេការពារកម្ដៅថ្ងៃ
មិនថាមេឃបើកថ្ងៃ ឬមេឃស្រទុំទេ ឲ្យតែយើងត្រូវចេញពីផ្ទះ មិនត្រូវភ្លេចឡើយរឿងលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF១៥ ឬលើនេះឡើងទៅ ព្រោះវាអាចការពារស្បែកមុខពីពន្លឺ UVB និង UVA បានល្អ ហើយរៀងរាល់ ២ម៉ោង/ម្ដង យើងគួរលាបឡេការពារកម្ដៅថ្ងៃមួយជាន់ទៀត។
លើសពីនេះ យើងក៏ត្រូវខាត់មុខ ដោយប្រើscrubbមុខ ១-២ដង/ថ្ងៃ បានដែរ ដោយសារវាជួយកម្ចាត់ស្បែកចាស់ និងសម្អាតធូលីដែលកប់ជ្រៅក្នុងផ្ទៃមុខបានល្អផងដែរ ៕