មិនថា បុរស ឬស្ត្រីឡើយតែងតែចង់បានស្បែកស្អាតរលោងជាពិសេសនោះគឺផ្ទៃមុខតែម្តង ត្បិតតែរូបរាងខាងក្រៅមិនអាចយកឈ្នះសម្រស់ពីខាងក្នុងរបស់យើងបាន តែវាក៏សំខាន់ដែរ បើយើងមានភាពជឿជាក់លើសម្រស់ខាងក្រៅ ។
ជាក់ស្តែងមនុស្សមួយចំនួន បានប្រើប្រាប់ផលិតផងជាច្រើនមុខ តែមានតិចណាស់ដែលប្រើត្រូវ ដោយអ្នកខ្លះទៀតមុខឡើងមុនខ្លាំង ប្រើផលិតផលណាក៏មិនបាត់ទៀត ។
មកដឹងទាំងអស់គ្នាថា ទម្លាប់អាក្រក់តូចតាចដែលយើងធ្វើរាល់ថ្ងៃ ក៏អាចឲ្យមុនកើតម្ដងបន្តិចៗលើមុខដែរ៖
១.ស្ត្រេស
កាលណាយើងស្ត្រេស រាងកាយរបស់យើងនឹងបញ្ចេញអ័រម៉ូនធ្វើឲ្យមានការផលិតប្រេងច្រើនលើស្បែក ដែលជាកត្តាបណ្ដាលឲ្យកើតមុន។
២.គេងទាំងមិនលុបមុខ
បើយើងមិនលុបមុខ ហើយចូលគេងទាំងមុខសុទ្ធតែដី ឬ make up ធូលី ឬគ្រឿងសម្អាងដែលនៅជាប់មុខយើងមួយថ្ងៃហើយនោះ នឹងកកក្នុងរន្ធញើស ហើយកកើតជាបាក់តេរី បណ្ដាលឲ្យមុខឡើងមុន។
៣.ជក់បារី
ការជក់បារីប៉ះពាល់ទៅដល់ Collagen និង Elastin ជាហេតុធ្វើឲ្យស្បែកងាយកើតមុន ឬពិបាកបំបាត់ស្នាមមុនជាដើម។ មួយវិញទៀត ការជក់បារីក៏ឆាប់ឲ្យយើងមានស្នាមជ្រីវជ្រួញលើស្បែក បណ្ដាលឲ្យមើលទៅចាស់ជាងអាយុមិនខាន។
៤.លាងមុខញឹកញាប់ពេក
មួយថ្ងៃៗលាងមុខ ៣-៤ដង ក៏មិនល្អដល់ស្បែកមុខដែរ។ ការលាងមុខច្រើនដងពេកកម្ចាត់ប្រេងល្អៗលើមុខយើង ធ្វើឲ្យស្បែកស្ងួត ហើយមុខកាន់តែផលិតប្រេងច្រើនលើសដើម មកបំពេញប្រេងដែលបាត់បង់ទៅ។ ការដែលយើងដុសមុខខ្លាំងៗ ក៏បង្កជាផលរំខានដល់ស្បែកមុខដែរ។
៥.អត់បោកស្រោមខ្នើយ
យើងមិនសូវចាប់អារម្មណ៍ទេ អារឿងស្រោមខ្នើយនេះ តែស្រោមខ្នើយនឹងអាចផ្ទុកបាក់តេរីកខ្វក់ ហើយពេលយើងគេងលើ បាក់តេរីទាំងនោះ អាចតោងជាប់នឹងស្បែកមុខយើងបង្កជាមុនបាន។ ស្រោមខ្នើយមិនគួរប្រើទាល់តែរាប់ខែបានប្ដូរទេ គួរប្ដូរ២ដង/សប្ដាហ៍។
៦.គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ បង្កើនកម្រិតស្ត្រេសដែលធ្វើឲ្យយើងងាយនឹងកើតមុនលើមុខ ។ មិនតែប៉ុណ្ណោះ បើយើងគេងមិន ៧-៨ម៉ោង/យប់ទេ ភ្នែកនឹងឡើងដក់ ឬអាចឡើងខ្មៅក្រោមភ្នែក ធ្វើឲ្យបាក់សម្រស់មួយកម្រិតថែមទៀត។
៧.របបអាហារប្រចាំថ្ងៃ
ចំពោះចំណីអាហារដែលយើងញ៉ាំរាល់ថ្ងៃ ក៏មានចំណែកក្នុងការបង្កឲ្យកើតមុនបានដែរ ជាពិសេសអាហារដែលធ្វើឲ្យក្ដៅក្នុងខ្លួន។ យកល្អ ក្នុងមួយថ្ងៃៗ យើងត្រូវញ៉ាំអាហារដែលមានជីវជាតិល្អៗស្មើគ្នា ហើយញ៉ាំបន្លែបៃតងឲ្យបានច្រើន ៕