ទាំងបុរស និងស្ត្រី សុទ្ធតែចង់បានផ្ទៃមុខភ្លឺរលោងស្អាត និងក្មេងជាងវ័យ ជាពិសេសស្ត្រីៗ ។ មុខស្អាត ដើរទៅណាមកណាក៏មានភាពជឿជាក់លើខ្លួនឯងដែរ ព្រោះភាគច្រើនមនុស្សគេមើលផ្ទៃមុខមុនគេ បន្ទាប់មករាង ដូច្នេះអ្វីដែលអ្នកត្រូវធ្វើមុនគេនោះគឺ សំអាងផ្ទៃមុខអ្នកឲ្យបានស្អាត និងអនុវត្តវីធីសាមញ្ញងាយៗនេះ បើចង់បានផ្ទៃមុខរលោងស្អាត ។
ចង់បានស្បែកមុខស្អាត សូមមកដឹងពីតិចនិកសាមញ្ញៗ ដែលអ្នកគួរធ្វើតាម ៖
១. ដំឡូងបារាំង
ដំឡូងបារាំងមានផ្ទុកអង់ហ្ស៊ីមម្យ៉ាងហៅថា Catecholase ដែលជួយធ្វើឲ្យពណ៌ស្បែក និងស្នាមខ្មៅលើស្បែកមានសភាពភ្លឺថ្លាឡើងវិញ។ បន្ថែមពីនេះដំឡូងបារាំងក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយស្បែកប្រឆាំងនឹងការខូចខាតផ្សេងៗ បង្កដោយពពួករ៉ាឌីកាល់សេរី ព្រោះត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំងពេក។
ដូចនេះ ស្រីៗយើងអាចយកសាច់ដំឡូងមកម៉ាស្សាលើមុខ ឬលាបលើមុខថ្នមៗ នោះយើងនឹងឃើញលទ្ធផលក៏គួរឲ្យភ្ញាក់ផ្អើលមិនខាន។
២. ប៉េងប៉ោះ
ស្រីៗយើងអាចសាកយកជាតិរម្អិលក្នុងផ្លែប៉ែងប៉ោះជាប់មានទាំងគ្រាប់ផងនោះទៅលាបលើមុខរបស់យើងឲ្យបាន១០នាទី នោះវានឹងជួយកម្ចាត់ស្នាមខ្មៅស្រអាប់នៅលើមុខយើងបាន។ ជាតិអាស៊ីដធម្មជាតិស្រាលនៅក្នុងផ្លែប៉េងប៉ោះនឹងជួយកម្ចាត់កោសិកាស្បែកងាប់នៅលើមុខ ហើយនឹងជួយបង្កើតឡើងវិញនូវភាពភ្លឺរលោងរបស់ស្បែក ដែលពីមុនបានបំផ្លាញដោយពន្លឺព្រះអាទិត្យ។
៣. ផ្លែល្ហុងទុំ
ផ្លែល្ហុងទុំមានផ្ទុកអង់ហ្ស៊ីមម្យ៉ាងហៅថា papain ដែលអាចជួយឲ្យស្បែកភ្លឺ ជួយកម្ចាត់ស្នាមស្រអាប់នៅលើស្បែក និងជួយកាត់បន្ថយស្នាមនៅលើផ្ទៃមុខផងដែរ។ អង់ហ្ស៊ីមមួយចំនួនមាននៅក្នុងផ្លែល្ហុងក៏ជួយដល់ការបង្កើតស្បែកថ្មី ជម្រុះស្បែកងាប់ និងជួយឲ្យស្បែកមានជាតិទឹក និងសំណើម។ ដូចនេះស្រីៗយើងអាចសាកយកសាច់ល្ហុងមកម៉ាស្សាលើមុខ ដើម្បីជួយកម្ចាត់ស្នាមស្រអាប់លើស្បែកនេះបាន ។
ទន្ទឹមនឹងនេះដែរ មិនថាមេឃបើកថ្ងៃ ឬមេឃស្រទុំទេ ឲ្យតែយើងត្រូវចេញពីផ្ទះ មិនត្រូវភ្លេចឡើយរឿងលាបឡេការពារកម្ដៅថ្ងៃ ព្រោះវាអាចការពារស្បែកមុខពីពន្លឺ UVB និង UVA បានល្អ ហើយរៀងរាល់ ២ម៉ោង/ម្ដង យើងគួរលាបឡេការពារកម្ដៅថ្ងៃមួយជាន់ទៀត ៕