នរណាៗក៏ចង់បានសម្រស់ស្អាត មានសុខភាពល្អ និងក្មេងជាងវ័យដែរ តែសំខាន់តើយើងចង់ថែរក្សា ឬក៏អនុវត្តឲ្យវាល្អប្រសើរប្រចាំថ្ងៃដែរទេ ។
ប្រសិនបើយើងមិនចង់ឲ្យមុខរបស់យើងចាស់ជាងវ័យទេនោះ ចូរចាប់ផ្ដើមកែប្រែទម្លាប់អាក្រក់ខាងក្រោមនេះចេញ ៖
១. គេងមិនគ្រប់គ្រាន់
ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ទេនោះ ស្បែករបស់យើងនឹងចាប់ផ្ដើមលេចឡើងនូវស្នាមជ្រីវជ្រួញ និងយារធ្លាក់មុនវ័យជាក់ជាមិនខាន ពីព្រោះរាងកាយបញ្ចេញអ័រម៉ូនCortisol ដែលជាអ័រម៉ូនស្ត្រេសច្រើន ហើយវាបានចូលទៅបំផ្លាញជាតិកូឡាជែនដែលជាភ្នាក់ងារជួយធ្វើឲ្យស្បែកទន់ល្មើយ និងយឺតល្អ។ ចូរចាប់ផ្ដើមទម្លាប់គេងឲ្យបានទៀងទាត់ម៉ោងពេល ក៏ដូចជាជៀសវាងញ៉ាំគ្រឿងស្រវឹងលើសកំណត់ ឬកាហ្វេអ៊ីន និងលេងគ្រឿងអេឡិចត្រូនិកផ្សេងៗមុនពេលគេង។
២. ជក់បារី
ការជក់បារីមិនត្រឹមតែបង្កើនឱកាសកើតជំងឺមហារីកប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យយើងកើតមានស្នាមជ្រីវជ្រួញ និងយារធ្លាក់នៅវ័យក្មេងផងដែរ។ ជាក់ស្ដែង ការជក់បារីធ្វើឲ្យលំហូរឈាមដែលផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជាអុកស៊ីសែន នៅលើស្បែករបស់យើងថយចុះ ។ កត្តានេះអាចធ្វើឲ្យរាងកាយផលិតកូឡាជែនយឺតយ៉ាវ។
៣. នៅក្រោមកម្ដៅថ្ងៃច្រើនពេក
ថ្វីត្បិតតែពន្លឺព្រះអាទិត្យអាចផ្ដល់អត្ថប្រយោជន៍ដល់យើងក៏ពិតមែន ប៉ុន្តែប្រសិនបើយើងប៉ះពាល់ផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យខ្លាំងពេក វាក៏អាចបំផ្លាញកូឡាជែននៃស្បែករបស់យើង ព្រមទាំងធ្វើឲ្យរាងកាយផលិតជាតិប្រូតេអ៊ីន ដែលហៅថា អេឡាទីន (Elastin) ច្រើនជ្រុលថែមទៀតផង។ យើងអាចសម្គាល់ឃើញថាស្បែកនឹងចាប់ផ្ដើមក្រាស់ និងមានអារម្មណ៍ឡើងគ្រើម ព្រមទាំងលេចឡើងនូវស្នាមជ្រីវជ្រួញផងដែរ។ នៅក្នុងករណីដែលយើងចាំបាច់ត្រូវប៉ះពាល់ផ្ទាល់ទៅនឹងកម្ដៅថ្ងៃ ចូរពាក់មួក ខោអាវដៃវែង និងវ៉ែនតាការពារពន្លឺថ្ងៃ ព្រមទាំងលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF៣០ ឬខ្ពស់ជាងនេះ។
៤. ញ៉ាំអាហារមិនត្រឹមត្រូវ
ការញ៉ាំអាហារត្រឹមមិនត្រូវ អាចធ្វើឲ្យយើងមានបញ្ហាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត ដែលជាកត្តាជំរុញឲ្យថាមពលនៃយុវវ័យរបស់យើងបាត់បង់។ ចូរញ៉ាំរបបអាហារដែលជំនួយដល់បេះដូង ដែលមានដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្ដែក ស៊ុត និងសាច់ត្រី។ល។ ហើយអាហារប្រភេទនេះ ក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ខួរក្បាលរបស់យើងផងដែរ។
៥. មិនធ្វើលំហាត់ប្រាណគ្រប់គ្រាន់
ការបញ្ចេញសកម្មភាពរាងកាយជាទៀងទាត់ គឺជាអាថ៌កំបាំងដែលធ្វើឲ្យយើងនៅក្មេងជាងវ័យ។ ពិតណាស់ ការហាត់ប្រាណអាចជួយពង្រឹងសាច់ដុំ បង្កើនថាមពលរាងកាយ និងធ្វើឲ្យអារម្មណ៍របស់យើងកាន់តែប្រសើរឡើង។ បន្ថែមពីនេះ ការធ្វើចលនាចុះឡើងនេះ ពិតជាអាចជួយឲ្យខួរក្បាលរបស់យើងមានភាពឆ្លាតវៃ និងកាត់បន្ថយហានិភ័យនៃជំងឺមនុស្សចាស់ ដូចជាជំងឺបេះដូងជាដើម។
ជាងនេះទៀត ចូរធ្វើលំហាត់ប្រាណឲ្យបានប្រហែល៣០នាទីក្នុងមួយថ្ងៃ ដើម្បីទទួលបាននូវសុខភាពល្អ និងថាមពលក្លៀវក្លា ហើយថែមទៀតអារម្មណ៍ស្រស់ស្រាយទៀត ៕