ប្រសិនបើអ្នកធ្លាប់លឺពីការថែសម្រស់បែបកូរ៉េ ឬ K-Beauty អ្នកប្រហែលជាដឹងហើយថា ជនជាតិកូរ៉េផ្តល់តម្លៃយ៉ាងខ្លាំងលើសម្រស់ និងសុខភាពស្បែកមុខដែលធ្វើឲ្យពួកគេវិនិយោគពេលវេលា និងថវិកាជាច្រើនដូចជា វិធីថែរក្សាសម្រស់១០ជំហាន ដែលពួកគេអនុវត្តជារៀងរាល់ថ្ងៃជាដើម ។
ប៉ុន្តែបើអ្នកមិនមានថវិកា ឬពេលវេលាច្រើនទេនោះក៏មិនមែនមានន័យថា អ្នកមិនអាចទទួលបានស្បែកមុខស្អាតដែរ ព្រោះជំហានខាងក្រោមនេះ អាចជួយឲ្យអ្នកសម្រេចគោលដៅបានដោយគ្រាន់តែធ្វើតាម ៣ជំហានប៉ុណ្ណោះ ។
ជំហានទី១- ដែលអ្នកចាំបាច់ត្រូវតែធ្វើ គឺការលាងសម្អាតមុខឲ្យបានពីរដងរៀងរាល់ពេលអ្នកសម្អាតមុខ ។ អ្នកគួរតែមានទឹកលាងមុខពីរប្រភេទ គឺប្រភេទប្រេង និងប្រភេទទឹក ។ ជាដំបូងអ្នកត្រូវប្រើទឹកលាងមុខប្រភេទប្រេងជាមុនសិន ដោយគ្រាន់តែចាក់វាលើក្រដាស ឬសំឡីនឹងជូតមុខថ្នមៗ ដើម្បីកម្ចាត់ជាតិប្រេងលើមុខរបស់អ្នក និងសម្អាតចេញនូវការផាត់មុខផ្សេងៗ បន្ទាប់មកលាងសម្អាតវាចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ។
ចូរចងចាំថា ទឹកលាងសម្អាតបែបប្រេងនេះមិនធ្វើឲ្យមុខអ្នកកាន់តែឡើងប្រេងឡើយ តែវាគ្រាន់តែកម្ចាត់ធូលី និងបាក់តេរីលើមុខអ្នកប៉ុណ្ណោះ ។ ជាបន្ទាប់អ្នកត្រូវសម្អាតផ្ទៃមុខម្តងទៀតដោយប្រើប្រាស់ទឹកលាងមុខប្រភេទទឹក ឬបែបហ្វូម និងលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗដូចគ្នា ។
គួរបញ្ជាក់ថា ការលាងសម្អាតមុខមិនគួររឹតបន្តឹងស្បែកមុខអ្នកទេ ។ ប្រសិនបើអ្នកមានស្បែកស្ងួត អ្នកអាចជំនួសហ្វូមលាងមុខជាមួយនឹងទឹកលាងមុខបែបក្រែម ឬទឹកលាងមុខសម្រាប់ស្បែកស្ងួតជាដើម ។
ជំហានទី២- ដែលអ្នកត្រូវតែអនុវត្ត គឺការប្រើ Toner ដើម្បីរក្សាលំនឹងសារធាតុ pH របស់អ្នក ។ អ្នកអាចប្រើម្រាមដៃ ដើម្បីតប់ផលិតផលចូលស្បែកមុខ ឬប្រើសំឡីជូតលើមុខក៏បាន ។ ជាទូទៅកម្រិត pH របស់ស្បែកមុខអ្នកនឹងធ្លាក់ចុះ ដូច្នេះអ្នកត្រូវការ Toner ដើម្បីជួយវាឲ្យត្រឡប់មកកម្រិតធម្មតាវិញ ។
ប្រសិនបើអ្នកមានស្បែកស្ងួត អ្នកគួរជ្រើស Toner ដែលមានសារធាតុល្អសម្រាប់ស្បែកមុខអ្នកដូចជា Hyaluronic Acid ជាដើម ។
ជំហានចុងក្រោយ គឺការលាបក្រែម Moisturizerដើម្បីរក្សាសំណើមស្បែកមុខ និងស្បែកករបស់អ្នករាល់ពេលព្រឹក និងមុនពេលចូលដំណេក ។ ប្រសិនបើអ្នកមានស្បែកស្អួត អ្នកអាចជ្រើសរើសក្រែមលាបមុខដែលមានសារធាតុ Glycerin, Urea, Aloe Vera និង Hyaluronic Acid ។
លើសពីនេះទៅទៀត គឺអ្នកមិនគួរភ្លេចឡើយក្នុងការប្រើឡេការពារកម្តៅថ្ងៃប្រសិនបើអ្នកត្រូវចេញក្រៅផ្ទះព្រោះវាជាកត្តាការពារភាពចាស់វ័យដែលមានប្រសិទ្ធិភាពជាងគេ ៕