បេះដូងរបស់មនុស្សប្រុសមិនខុសគ្នានឹងបេះដូងមនុស្សស្រីឡើយ ប៉ុន្តែវាមានភាពខុសគ្នាច្រើនគួរឲ្យកត់សម្គាល់ដែរ ។ ឧទាហរណ៍ បេះដូងរបស់មនុស្សស្រីច្រើនតែតូចជាង ។ សម្រាប់ជញ្ជាំងសម្រាប់បែងចែកថតនីមួយៗវិញក៏តូចជាងបុរសដែរ ។ ខណៈការច្របាច់បេះដូងរបស់ស្ត្រីលឿនជាងបុរស តែវាក៏ចេញឈាមតិចជាងបុរស ១០ភាគរយដែរ រាល់ពេលច្របាច់ម្តងៗ។

នៅពេលស្ត្រីម្នាក់ស្ត្រេស ជីពចររបស់នាងឡើងខ្ពស់ ហើយបេះដូងច្របាច់ឈាមក៏ច្រើនជាងដែរ។ នៅពេលបុរសស្ត្រេសវិញ សរសៃឈាមអាក់ទែរបស់បេះដូងនឹងរួមតូច ដែលជាហេតុនាំឲ្យសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះហេតុអ្វីបានជាមានរឿងខុសគ្នាទាំងនេះទៅ? បញ្ហានោះដោយសារតែភេទដើរតួនាទីមួយចំពោះរោគសញ្ញា ការព្យាបាល និងលទ្ធផលនៃជំងឺសរសៃឈាមបេះដូង។ ដូច្នេះរវាងបុរស និងស្ត្រី តើមួយណាដែលប្រឈមខ្ពស់ជាងគេនឹងជំងឺគាំងបេះដូងទៅ?

ជំងឺជាច្រើនដែលកើតឡើងតែស្ត្រីដូចជា ជំងឺអង់ដូម៉ែត្រ គីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ទឹកនោមផ្អែម និងលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ សុទ្ធតែធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺសរសៃឈាមបេះដូង និងនាំឲ្យគាំងបេះដូងបាន។ ជំងឺអង់ដូម៉ែត្រត្រូវបានគេរកឃើញថាជាដើមហេតុនាំឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺសរសៃឈាមបេះដូងលើស្ត្រីអាយុក្រោម ៤០ឆ្នាំរហូតដល ៤០០ភាគរយឯណោះ។ ស្ត្រីក៏មានកត្តាប្រឈមមុខជាមួយបុរសទៀតដូចជា លើសសម្ពាធឈាម លើសជាតិស្ករក្នុងឈាម លើសកូឡេស្តេរ៉ុលក្នុងឈាម ជក់បារី និងធាត់ជ្រុលជាដើម។
ស្ត្រីជាទូទៅច្រើនតែមានជំងឺគាំងបេះដូងជាលើកដំបូងនៅពេលអាយុច្រើន
អ័រម៉ូនអេស្ត្រូជែនផ្តល់នូវការការពារដល់ស្ត្រីមួយចំនួនពីជំងឺបេះដូងរហូតដល់ក្រោយរ៉ាំងរដូវ ព្រោះវាជាពេលវេលាដែលអ័រម៉ូនមួយនេះចុះខ្លាំង។ ហេតុដូច្នេះហើយអាយុជាមធ្យមលើស្ត្រីមានជំងឺគាំងបេះដូងច្រើនតែស្ថិតក្នុងអាយុ ៧០ឆ្នាំ តែបុរសវិញអាយុ ៦៦ឆ្នាំ។

អាការៈជំងឺគាំងបេះដូងអាចមានលក្ខណៈខុសគ្នាលើមនុស្សស្រី
បុរសច្រើនតែប្រាប់អំពីការឈឺចាប់នៅទ្រូងក្នុងពេលគាំងបេះដូង។ ស្ត្រីខ្លះក៏ប្រាប់អំពីការឈឺនៅទ្រូងដែរ ប៉ុន្តែទំនងជាមានលក្ខណៈខុសគ្នា អាការៈផ្សេងទៀតដែលពិបាកវិភាគរយៈពេលបីទៅបួនសប្តាហ៍មុនគាំងបេះដូង។ អាការៈដែលជាភ្លើងក្រហមនោះមានដូចជា៖
• អស់កម្លាំងថ្មី ឬជាប់រហូត
• ពិបាកដកដង្ហើម ឬបែកញើស
• ឈឺចាប់នៅក ខ្នង ឬថ្គាម
ពេលខ្លះជំងឺសរសៃឈាមបេះដូងលើស្ត្រីពិបាកកំណត់រោគវិនិច្ឆ័យណាស់
ការថតសរសៃឈាមដែលធ្វើក្នុងពេលចាក់ម្ជុរតាមសរសៃចូលបេះដូង ឬហៅថា Cardiac Catheterization គឺជាតេស្តស្តង់ដាមួយសម្រាប់រកមើលការស្ទះ ឬរួមតូចរបស់សរសៃឈាមធំៗរបស់បេះដូង។ ប៉ុន្តែសម្រាប់ជំងឺសរសៃឈាមបេះដូងលើស្ត្រីវិញច្រើនតែកើតឡើងលើសសរសៃឈាមតូច ដែលមិនអាចមើលឃើញច្បាស់តាមរយៈការថតសរសៃឈាមឡើយ។ ហេតុដូច្នេះហើយទើបស្ត្រីទាំងអស់ដែលមានអាការៈច្បាស់លាស់ហើយក្រោយថតសរសៃឈាម និងនៅតែបន្តមានរោគសញ្ញាបន្ថែមទៀតដដែល។
ការគាំងបេះដូងលើស្ត្រីមានលក្ខណៈពិបាកជាងបុរស
ស្ត្រីមិនធ្វើអ្វីច្រើនដូចបុរសឡើយក្រោយគាំងបេះដូងរួច។ ពួកគេច្រើនតែត្រូវការសម្រាកក្នុងមន្ទីរពេទ្យរយៈពេលយូរជាង និងទំនងជាស្លាប់មុនពេលចេញពីមន្ទីរពេទ្យ។ រឿងនេះដោយសារតែការពិតមួយត្រង់ថា ស្ត្រីដែលមានជំងឺគាំងបេះដូង គឺមានកត្តាប្រឈមមុខដែលមិនបានព្យាបាលដូចជា ទឹកនោមផ្អែម ឬលើសសម្ពាធឈាម។ ពេលខ្លះ វាអាចដោយសារតែកត្តាគ្រួសារ និងមិនយកចិត្តទុកដាក់ចំពោះខ្លួនឯង។
ស្ត្រីមិនមែនតែងតែប្រើថ្នាំបានត្រឹមត្រូវក្រោយគាំងបេះដូងឡើយ
ក្រោយគាំងបេះដូងរួច ស្ត្រីទំនងជាមានការប្រឈមខ្ពស់នឹងការកើតជាកំណកឈាមដែលអាចបណ្តាលឲ្យគាំងបេះដូងម្តងទៀត។ ដោយសារតែយើងមិនដឹងមូលហេតុ វាក៏មិនទំនងថាត្រូវឲ្យថ្នាំលេបដើម្បីបង្ការការកំណកឈាមនេះដែរ។ រឿងនេះអាចពន្យល់បាននូវមូលហេតុដែលស្ត្រីទំនងជាអាចមានជំងឺគាំងបេះដូងម្តងទៀតក្នុងរយៈពេល១២ខែ ជាងបុរស។
ការពារខ្លួនឯង
មិនខ្វល់ថាអ្នកជាបុរស ឬស្ត្រីឡើយ វាមិនដែលយឺតពេលទេក្នុងការបន្ថយឱកាសនៃការកើតជំងឺគាំងបេះដូង។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវធ្វើ៖
• ឈប់ជក់បារី ឬកុំចាប់ផ្តើមជក់បារី
• ហាត់ប្រាណទៀងទាត់ យ៉ាងហោចណាស់ ដើរ ៣០នាទីក្នុងមួយថ្ងៃ
• ចូរញ៉ាំអាហារមានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងត្រីឲ្យបានច្រើន តែបន្ថយការញ៉ាំសាច់ និងអាហារកៃឆ្នៃ
• រក្សាទម្ងន់ឲ្យមានសុខភាពល្អ សម្ពាធឈាម ខ្លាញ់ក្នុងឈាម និងជាតិស្ករក្នុងឈាមឲ្យនៅមានសុខភាពល្អ៕