ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកដែលមានជំងឺហឺត គឺមានហានិភ័យខ្ពស់នៃការគ្រោះថ្នាក់ ជួនកាលត្រូវបានគេហៅថា ការស្ទះនៅក្នុងសួត ។
ការស្ទះនៅក្នុងសួត គឺសំដៅទៅលើការស្ទះនៅក្នុងសរសៃឈាមអារទែនៅនឹងសួត។ ជាធម្មតាការស្ទះត្រូវបានបង្កឡើងដោយឈាមកកដែលធ្វើដំណើរទៅក្នុងសួតក្រោយពីការបំបែកចេញពីសរសៃឈាមវ៉ែនដែលមកពីជើង។ កំណកឈាមទាំងនោះដែលបានបង្កើតនៅនឹងជើង ត្រូវបានគេស្គាល់ថាជា ដុំឈាមនៅក្នុងសរសៃឈាមវ៉ែនជ្រៅ។
ការស្រាវជ្រាវបានមើលទៅលើមនុស្សប្រហែលជា៦៥០នាក់ដែលមានជំងឺហឺតដែលមានអាយុពី១៨ឆ្នាំ ទៅ៨៨ឆ្នាំក្នុងប្រទេសហូឡង់។ អ្នកស្រាវជ្រាវបានរកឃើញថា ធៀបទៅនឹងចំនួនប្រជាជនធម្មតា, អ្នកដែលមានជំងឺហឺតធ្ងន់ធ្ងរ មានការកើនឡើងហានិភ័យនៃការស្ទះសួតនោះដល់ទៅ៩ដង ខណៈពេលដែលអ្នកមានជំងឺហឺតកម្រិតស្រាលទៅមធ្យមមានការកើនឡើងហានិភ័យត្រឹមតែ៣,៥ដងប៉ុណ្ណោះ។
អ្នកស្រាវជ្រាវក៏បានរកឃើញថា ថ្នាំសម្រាប់ជំងឺហឺតដែលត្រូវបានគេស្គាល់ថា ជាថ្នាំករទីកូស្តេរ៉ូអ៊ីតសម្រាប់លេបនោះ គឺជាកត្តាហានិភ័យខ្ពស់ចំពោះការស្ទះសួតនេះ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត European Respiratory Journal។
វេជ្ជបណ្ឌិត គ្រីស្តូហ្វ ម៉ាហ្ស៊ូ (Christof Majoor) ដែលមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Academic ក្នុងទីក្រុងអាស្ទឺដាម បាននិយាយថា នេះគឺជាលើកដំបូងហើយនៃការផ្សារភ្ជាប់គ្នារវាងជំងឺហឺត និងជំងឺស្ទះសួត ហើយយើងជឿថា លទ្ធផលទាំងនេះមានសារៈសំខាន់ខ្លាំងណាស់។
ម៉ាហ្ស៊ូបានបន្ថែមថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា អ្នកដែលមានជំងឺហឺតធ្ងន់ធ្ងរ មានហានិភ័យខ្ពស់នៃជំងឺស្ទះសួត ហើយគ្រូពេទ្យគួរតែបង្កើនការយកចិត្តទុកដាក់នៃការកើតឡើងមានថ្មីៗដើម្បីជួយការពារការកើតមានធ្ងន់ធ្ងរ៕