ក្រៅពីបង្កឡើងដោយអាស៊ីតក្រពះរំលាយអាហារច្រើនពេកហើយនោះ បញ្ហាដំបៅក៏អាចកើតមានព្រោះបាក់តេរី ការទទួលទានថ្នាំ និងការទទួលទានគ្រឿងស្រវឹងហួសកម្រិតផងដែរ ។ ថា តើនៅពេលមានបញ្ហាដំបៅក្រពះយើងអាចដឹងបានដូចម្ដេច? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើង ប្រសិនបើអ្នកមានបញ្ហាដំបៅក្រពះ ៖

១. ឈឺចាប់ក្នុងពោះ
នេះក៏ព្រោះតែដំបៅ គឺមានវត្តមាននៅស្រទាប់នៃក្រពះ។ ដូច្នេះអ្នកប្រាកដជាជួបប្រទះអាការៈឈឺចាប់ ឬអាចក្រហាយៗក្នុងពោះចន្លោះទ្រូងនិងផ្ចិត។ ជាញឹកញាប់អាការៈឈឺចាប់កើតឡើងនៅពេលអ្នកឃ្លាន ឬក្រោយពេលទទួលទានអាហាររួច។
២. បាត់បង់ចំណង់អាហារ
មួយក្នុងចំណោមរោគសញ្ញា ឬអាការៈទូទៅបំផុតនៃបញ្ហាដំបៅក្រពះ គឺបាត់បង់ចំណង់អាហារ។ ការរំលងមិនទទួលទានអាហារ គឺមិនល្អសោះឡើយក៏ព្រោះវាអាចបណ្ដាលឱ្យដំបៅកាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើង។ នេះហើយក៏ជាមូលហេតុដែលបណ្ដាលឱ្យអ្នកមានជំងឺដំបៅក្រពះស្រកទម្ងន់ខ្លាំង។

៣. ឃ្លានញឹកញាប់ហួស
នេះក៏ជាអាការៈគួរឱ្យកត់សម្គាល់ផងដែរ ក៏ព្រោះអ្នកជំងឺដំបៅក្រពះមួយចំនួនហាក់ដូចជាមានអារម្មណ៍ឃ្លានសឹងគ្រប់ពេល។ ទោះជាយ៉ាងណាអារម្មណ៍ឃ្លានដែលជាអាការៈនៃបញ្ហាដំបៅក្រពះ គឺមិនធម្មតា ឬឃ្លានខ្លាំងឡើយដោយហាក់ដូចជាមានអារម្មណ៍ថាឈឺចាប់ច្រើនជាង។
៤. ចង្អោរចង់ក្អួត ឬក្អួតតែម្ដង
អាការៈនេះច្រើនកើតឡើងជាពិសេសនៅពេលព្រឹក។ អ្នកមានបញ្ហាដំបៅក្រពះមួយចំនួនមិនត្រឹមតែមានអារម្មណ៍ចង្អោរចង់ក្អួតប៉ុណ្ណោះទេ ប៉ុន្តែគឺក្អួតតែម្ដង។ ពេលខ្លះក៏អាចមានឈាមជាប់មកជាមួយផងដែរនៅពេលក្អួតដោយសារដំបៅក្នុងស្រទាប់ក្រពះ។

៥. ពិបាករំលាយអាហារ
កើតឡើងជាញឹកញាប់ក្រោយពេលទទួលទានអាហារហើយភ្លាម។ អ្នកមានបញ្ហាដំបៅក្រពះភាគច្រើនក៏ជួបប្រទះអាការៈភើញឹកផងដែរ។
៦. ហើមពោះ
អាការៈហើមពោះក៏កើតឡើងជាទូទៅនៅពេលមានដំបៅក្រពះផងដែរ។ ហើយនេះអាចជារោគសញ្ញា ឬអាការៈដំបូងបំផុតនៃបញ្ហាដំបៅក្រពះ។
៧. លាមកមានពណ៌ដិតខ្លាំង
អ្នកក៏អាចនឹងសម្គាល់ឃើញលាមកហាក់ដូចជាមានពណ៌ដិតខ្លាំងខុសប្រក្រតី ឬពេលខ្លះមានឈាមជាប់មកជាមួយ។ វាអាចមានពណ៌ខ្មៅ ឬដិតព្រោះមានការហូរឈាមនៅផ្នែកខាងលើនៃប្រព័ន្ធរំលាយអាហារ។
៨. អស់កម្លាំង និងមានអារម្មណ៍មិនរស់រវើកដំបៅក្រពះក៏អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ស្ទក់ៗមិនរស់រវើកនិងអស់កម្លាំងបានផងដែរ។ វាហាក់ដូចជាអ្នកកំពុងផ្ដាសាយ ប៉ុន្តែសីតុណ្ហភាពរាងកាយ គឺធម្មតាមិនឡើងខ្ពស់។
សម្គាល់៖ ប្រសិនបើសង្ស័យថាខ្លួនកំពុងមានបញ្ហាដំបៅក្រពះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះ ឬពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យជំនាញដើម្បីបន្តធ្វើការវិនិច្ឆ័យបន្ថែម៕