ខណៈពេលដែលយើងដឹងហើយថា សរីរាង្គណាដែលសំខាន់ និងត្រូវថែរក្សានោះ តែយើងក៏ត្រូវយកចិត្តទុកដាក់បន្ថែម ទៅលើសុខភាពសួតផងដែរ។ រាល់ការបង្ករោគ ឬរបួសនៅសួត មិនគ្រាន់តែប៉ះពាល់ ដល់ការដកដង្ហើមទេ តែក៏បង្កើនការប្រឈម នឹងជំងឺផ្លូវដង្ហើមជាច្រើនទៀត ដូចជា ជំងឺហឺត និងជំងឺរបេងដែរ។ ខាងក្រោមនេះ គឺជាអាការៈមួយចំនួនតូច ដែលអាចបញ្ជាក់ថា សួតអ្នកស្ថិតក្នុងសភាពគ្រោះថ្នាក់ និងត្រូវការពិគ្រោះជាមួយគ្រូពេទ្យ។
ពិបាកដកដង្ហើមរយៈពេលយូរ
មិនខ្វល់ថា ការឡើងកាំជណ្តើរ ឬការធ្វើការងារធម្មតាទេ បើសិនជាអ្នកមានអារម្មណ៍ថា ពិបាកដកដង្ហើម ក្រោយពីធ្វើការងារធម្មតាៗទាំងនេះ វាអាចបញ្ជាក់អំពី បញ្ហាណាមួយហើយ។ ជាមួយគ្នានេះដែរ បើសិនជាអ្នកពិបាកក្នុងការរត់ ឬពិបាកដកដង្ហើមគ្រប់ពេលវេលាទាំងអស់ សូម្បីតែគេងដែរ នោះ មានន័យថា អាចជាបញ្ហាលើសួតហើយដូចជា ជំងឺរលាកទងសួត ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ ឬជំងឺទាក់ទងនឹងបេះដូង។
មានស្លេសច្រើន
ការដែលក្អកមានស្លេស ឬកំហាក តែមនុស្សភាគច្រើនមើលរំលង។ យ៉ាងណាមិញ បើសិនជាអ្នកមានអាការៈបែបនេះ លើសពីបីខែ ចូរពិគ្រោះជាមួយពេទ្យទៅ ព្រោះវាអាចជាសញ្ញា របស់ជំងឺរលាកទងសួតរ៉ាំរ៉ៃ។ បើសិនជារឿងនេះ កើតឡើងជាមួយនឹងការដកដង្ហើម លឺសូរដូចហួច ឬពិបាកដកដង្ហើមទៀតនោះ វាអាចជាសញ្ញារបស់ ជំងឺស្ទះសួតរ៉ាំរ៉ៃវិញ។ ដូច្នេះហើយ បើសិនជាអ្នកក្អករយៈពេលយូរ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ។
ឈាមក្នុងកំហាក
សញ្ញាគន្លឹះមួយផ្សេងទៀត ដែលបញ្ជាក់អំពី ជំងឺសួតនោះ គឺវត្តមានរបស់ឈាមក្នុងកំហាក។ ខណៈពេលដែលការប្រែប្រួល ពណ៌របស់កំហាកអាចបង្ហាញច្រើន អំពីសុខភាពនោះ វត្តមានរបស់ឈាមក្នុងកំហាក អាចជាសញ្ញារបស់ជំងឺរបេង។
ឈឺទ្រូង
បើសិនជាអ្នកគិតថា ការឈឺទ្រូង តែងតែបញ្ជាក់ពី ជំងឺគាំងបេះដូងនោះ អ្នកពិតជាគិតខុសហើយ។ បើសិនជាអ្នកមានអាការៈឈឺទ្រូង ដូចមានអ្វីមួយស្រួចចាក់ក្នុងទ្រូង នៅពេលដកដង្ហើម ក្អក ឬកណ្តាស វាអាចដោយសារតែ ការបង្ករោគនៅសួត ដែលបង្កឡើងដោយបាក់តេរី ឬវីរុស។ ករណីដ៏កម្រគឺថា វាអាចមានកំណកឈាម ក្នុងសរសៃឈាមអាក់ទែរបស់សួត ដែលនាំឲ្យស្ទះដល់លំហូរឈាម ឬហៅថា Pulmonary Embolism។
ដកដង្ហើមលឺដូចហួច
ការលឺសម្លេងដូចហួចពេលដកដង្ហើម អាចជាសញ្ញាបញ្ជាក់ថា មុខងារសួតថយចុះ។ រឿងនេះបញ្ជាក់ថា សួតកំពុងតែមានការពិបាកដកដង្ហើម ដោយសារតែផ្លូវដង្ហើមរួមតូច ឬសរសៃឈាមស្ទះ ដោយសារកម្ទិចកម្ទី មកពីខាងក្រៅរាងកាយ។ ករណីភាគច្រើន ការដកដង្ហើមលឺសូរដូចហួច មានជាប់ពាក់ព័ន្ធ នឹងការរលាកដោយសារជំងឺហឺត រលាកទងសួត រលាកសួត ប្រតិកម្មអាលែកស៊ី ឬការស្ទះក្នុងរាងកាយ ដោយសារដុំសាច់ ឬកំទិចកំទីពីខាងក្រៅរាងកាយ។
ក្អករ៉ាំរ៉ៃ
សញ្ញាដ៏សំខាន់បំផុត ដែលបញ្ជាក់ថាសួត កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ គឺការក្អករ៉ាំរ៉ៃ។ ខណៈពេលដែលការក្អក អាចបណ្តាលមកពី ការបង្ករោគដោយវីរុស ឬជំងឺផ្តាសាយ វាគួរតែធូរស្រាលទៅវិញ នៅរយៈពេលពីរ ទៅបីសប្តាហ៍ក្រោយ។ យ៉ាងណាមិញ បើសិនជាបន្តរយៈពេលយូរជាងនេះ ឬរហូតដល់ ច្រើនជាង ៨ សប្តាហ៍ វាអាចជារឿងត្រូវបារម្ភហើយ។ ដូច្នេះ អ្នកគួរតែទៅជួបគ្រូពេទ្យ ជំនាញផ្លូវដង្ហើមដើម្បីរកមើលមូលហេតុរបស់វា។ មូលហេតុមួយចំនួន នៃការក្អករ៉ាំរ៉ៃ អាចជាការរលាកទងសួត ជំងឺហឺត ជំងឺរលាកសួត និងរបេង៕