ជាដំបូង គឺថាអ្នកមិនត្រូវមានការភ្ញាក់ផ្អើលពេកនោះទេ ពីព្រោះថាសញ្ញា និងរោគសញ្ញាទាំងនេះភាគច្រើន គឺតែងតែកើតមាន ចំពោះការឈឺចាប់ និង ជំងឺជាទូទៅ ដែលអ្នកជំងឺមិនកើតមានជំងឺមហារីក ក៏អាចនឹងជួបប្រទះបានផងដែរ។
ប៉ុន្តែវាពិតជា ប្រការដ៏ចាំបាច់ ដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះ បញ្ហាមួយចំនួន ដែលរាងកាយអ្នកកំពុងប្រាប់អ្នកនេះ ហើយប្រសិនបើអ្នក កំពុងតែជួបប្រទះនូវ សញ្ញាណាមួយ ឬ ច្រើនជាងនេះ ជាប្រចាំ នោះអ្នកគួរតែទៅអោយគ្រូពេទ្យជំនាញធ្វើការពិនិត្យអោយ បានឆាប់តាមដែលអាចធ្វើទៅបាន ។ ការឆាប់បានដឹងពីវា គឺពិតជាមានសារៈសំខាន់ និង អាចជួយរក្សាជីវិតរបស់អ្នកបាន ។
១. មានការឈឺចាប់
ជាការពិត ការឈឺចាប់ អាចបណ្តាលមកពីមូលហេតុជាច្រើនយ៉ាង ជាធម្មតា មនុស្សយើងម្នាក់ៗ តែងមានការឈឺក្បាល និង ចុកចង្កេះ ស្ទើរតែរាល់ពេល ដោយវាមិនមែនជាបញ្ហាសុខភាពធ្ងន់ធ្ងរពេកនោះទេ។ ប៉ុន្តែ ការបន្តនូវអាការៈឈឺក្បាលមិនបាត់ អាចជាសញ្ញាដំបូងមួយ នៃជំងឺមហារីកខួរក្បាល និង ហើយ ការឈឺចុករោយចង្កេះ ក៏អាចជាសញ្ញានៃជំងឺមហារីកទ្វារលាមក ឬ មហារីកអូវែបានផងដែរ។ ប្រសិនបើអ្នក នៅតែបន្តមានការឈឺចាប់ទាំងនេះ មិនព្រមបាត់ទាល់តែសោះ នោះអ្នកគួរតែទៅធ្វើការ ពិនិត្យអោយបានច្បាស់លាស់។
២.គ្រុនក្តៅ
ការបន្តមានគ្រុនក្តៅ អាចជាសញ្ញាដំបូង នៃជំងឺមហារីកគ្រាប់ឈាម ។ ប្រសិនបើអ្នក មានគ្រុនក្តៅមិនបាត់ នោះអ្នកគួរតែទៅអោយគ្រូពេទ្យធ្វើការពិនិត្យ បើទោះជាមិនមែនជាជំងឺមហារីក ក៏វាអាចជាបញ្ហា ជំងឺអ្វីផ្សេងទៀត ដែលនេះជាសញ្ញាប្រកាសអាសន្ននៃរាងកាយអ្នក ក្នុងការប្រយុទ្ធឆាំងនឹងការបង្ករោគ នៅក្នុងខ្លួន។
៣. អស់កម្លាំង
ការអស់កម្លាំងជាប់រហូត បើទោះជាអ្នកបានព្យាយាម ធ្វើការសម្រាកហើយក៏ដោយ នេះក៏អាចជា រោគសញ្ញានៃជំងឺមហារីកបានផងដែរ។ អាការៈនេះ អាចធ្វើអោយយល់ច្រលំ ពីព្រោះថា មានមនុស្សជាច្រើន អាចនឹងមានអារម្មណ៍ថាអស់កម្លាំង ដោយសារតែមូលហេតុផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែប្រសិនបើអ្នក ចាប់ផ្តើមមានអារម្មណ៍ថា អស់កម្លាំងភ្លាមៗ រាល់ពេលនោះ អ្នកគួរតែទៅធ្វើការពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីអោយប្រាកដថា វាមិនមែនបង្កមកពីបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរនោះទេ។
៤. ស្រកទម្ងន់ដោយគ្មានមូលហេតុ
អ្នកប្រាកដជាគិតថា ការស្រកទម្ងន់គឺជារឿងល្អ តើមែនទេ? ប៉ុន្តែ វាមិនប្រាកដតែងតែអញ្ចឹងនោះទេ ។ ប្រសិនបើអ្នកស្រកទម្ងន់ ដោយសារតែអ្នកធ្វើការតមអាហារ ឬ ដោយសារការហាត់ប្រាណ នោះវាជាការល្អ។ ប៉ុន្តែ ប្រសិនបើអ្នកសុខៗស្រាប់តែស្រកទម្ងន់ ដោយអ្នកមិនបានធ្វើការផ្លាស់ប្តូរនូវទម្លាប់ប្រចាំថ្ងៃ អ្វីនោះ នេះគឺជាការស្រកទម្ងន់ដោយគ្មានមូលហេតុ ហើយវាអាចនឹងមានទំនាក់ទំនងជាមួយនឹងជំងឺមហារីកជាច្រើនប្រភេទ រួមមានដូចជាជំងឺមហារីកលំពែង និង ជំងឺមហារីកក្រពះជាដើម។
៥. ក្អកខ្លាំង
ប្រសិនបើអ្នកសម្គាល់ឃើញថាខ្លួនអ្នកក្អកខ្លាំង និង បន្តក្អកមិនព្រមបាត់សោះ នោះវាអាចជាសញ្ញា នៃជំងឺមហារីកសួត ឬ មហារីកបំពង់សំលេង។ វាអាចនឹងដោយសារតែអ្នក មានប្រតិកម្មនឹង អាលែហ្សីជាមួយនឹងអាកាសធាតុ ទៅតាមរដូវកាល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគូរតែធ្វើការពិភាក្សាជាមួយ ក្រុមគ្រូពេទ្យអោយបានត្រឹមត្រូវ ។
៦. ការរំលាយអាហារមិនល្អ ឬ មានបញ្ហានឹងការទទួលទាន
ប្រសិនបើអ្នកមានបញ្ហានឹងការទទួលទាន , ពិបាកលេបអាហារ ឬ ការរំលាយអាហារ នៅក្នុងក្រពះមិនល្អ នោះអ្នកអាចនឹងមាន ជំងឺមហារីកបំពង់អាហារ ឬ ជំងឺមហារីកក្រពះ។ ប៉ុន្តែអ្នកក៏គួរមាន ការព្រួយបារម្ភខ្លាំងពេកនោះដែរ ព្រោះថាមនុស្សភាគច្រើនដែលមានបញ្ហាពិបាក នឹងការរំលាយអាហារនេះ មិនមែនតែងតែមានជំងឺមហារីកនេះ នោះទេ។
៧. ឡើងកូនកណ្តុរនៅលើរាងកាយ
ប្រសិនបើអ្នករកឃើញកូនកណ្តុរ នៅផ្នែកណាមួយនៃរាងកាយ នោះវាអាចជាសញ្ញាមួយនៃជំងឺមហារីក ។ អ្នកត្រូវមានការប្រុងប្រយ័ត្ន ចំពោះការឡើងកូនកណ្តុរនៅលើដើមទ្រូង និង ពងស្វាស។ តែទោះជាយ៉ាងណា អ្នកមិនគួរមានការបារម្ភពេកនោះទេ ប្រសិនបើអ្នក រកឃើញកូនកណ្តុរនៅត្រង់ដៃ, ជើង ឬ ផ្នែកផ្សេងទៀតនៃរាងកាយ ព្រោះថាវាអាចគ្រាន់តែជា ដុំទឹកធម្មតានៅក្នុងរាងកាយ ដែលមិនបង្កបញ្ហាគ្រោះថ្នាក់អ្វីនោះទេ។
៨. មានការហូរឈាមខុសពីធម្មតា
ប្រសិនបើអ្នក មានការប្រឈមនឹងបញ្ហាធ្លាក់ឈាម ខុសពីធម្មតា វាអាចជាសញ្ញាមួយផងដែរ នៃជំងឺមហារីក។ ការក្អកធ្លាក់ឈាម អាចជាសញ្ញានៃជំងឺមហារីកសួត, ឈាមក្នុងលាមក អាចជាជំងឺមហារីកពោះវៀន ឬ ជំងឺមហារីកទ្វារលាមក,ឈាមក្នុងទឹកនោម អាចជាសញ្ញានៃជំងឺមហារីកប្លោកនោម, ឈាមធ្លាក់តាមទ្វារមាស អាចជាសញ្ញានៃជំងឺមហារីកមាត់ស្បូន ហើយឈាមស្រក់តាមក្បាលសុដន់ ក៏អាចជាសញ្ញានៃជំងឺមហារីកសុដន់ផងដែរ។
៩. បំរែបំរួលចំពោះមុខងាររបស់តម្រងនោម
ប្រសិនបើអ្នកមានការឈឺចាប់ នៅពេលបត់ជើងតូច, មានឈាមនៅក្នុងទឹកនោម ឬ មានបញ្ហាផ្សេងៗទៀត ដូចជាត្រូវការចូលបន្ទប់ទឹកញឹកញាប់ ឬ មិនសូវទាល់តែសោះ ទាំងនេះអាចជាសញ្ញានៃជំងឺមហារីកប្លោកនោម ឬ ក្រពេញប្រូស្តាត។ អ្នកត្រូវតែធ្វើការពិភាក្សានូវអាការៈប្រែប្រួលទាំងនេះ ជាមួយនឹងគ្រូពេទ្យអោយបានច្បាស់លាស់។
១០. មានការប្រែប្រួលចំពោះដំណើរការរបស់ពោះវៀន
ប្រសិនបើអ្នកសម្គាល់ឃើញ មានការប្រែប្រួលចំពោះមុខងាររបស់ពោះវៀន ដូចជា មានការរាគ ឬ ទល់លាមកជាប់ជាប្រចាំ វាអាចជាសញ្ញាដែលអាចប្រាប់អោយអ្នកដឹងថា អ្នកកំពុងមានជំងឺមហារីកពោះវៀនធំ។ ការធ្វើការឆ្លុះពោះវៀន អោយបានឆាប់ អាចអោយអ្នកដឹងពីបញ្ហានេះ ហើយវាអាចជួយសង្គ្រោះអាយុជីវិតរបស់អ្នកបាន។
១១. មានរបួសដែលមិនព្រមជា
ប្រសិនបើអ្នកមានការឈឺចាប់ ឬ មានស្នាមរបួស ដែលហាក់នឹងមិនងាយជាសះស្បើយ នោះអ្នកគួរតែ ទៅអោយគ្រូពេទ្យ ធ្វើការពិនិត្យវាអោយបានត្រឹមត្រូវ អោយបានឆាប់តាមដែលអាចធ្វើបាន។ ការឈឺចាប់នៅក្នុងមាត់ អាចជាសញ្ញានៃជំងឺមហារីកមាត់ ហើយការឈឺចាប់នៅលើស្បែក អាចជាសញ្ញានៃជំងឺមហារីកស្បែកបានផងដែរ។
១២. មានការប្រែប្រួលនៅលើស្បែក
ប្រសិនបើអ្នកសំគាល់ឃើញមាននូវការប្រែប្រួល នៅលើស្បែក ឬ នៅលើស្នាមប្រជ្រុយ នោះវាអាចជាសញ្ញានៃជំងឺមហារីកស្បែក ប្រភេទម្យ៉ាងដែលត្រូវបានគេហៅថា melanoma ។
១៣. ស្នាមសៗនៅក្នុងមាត់
ចំពោះអ្នកដែលជក់បារី និង ប្រើថ្នាំជក់ គួរតែមានការប្រុងប្រយ័ត្នចំពោះសញ្ញាមួយនេះ ។ ការឈឺចាប់នៅក្នុងមាត់ ឬ នៅលើអណ្តាត ដែលមិនព្រមបាត់សោះ អាចជាសញ្ញានៃជំងឺមហារីកក្រអូមមាត់។ អ្នកគួរឆាប់ទៅអោយគ្រូពេទ្យ ធ្វើការពិនិត្យអោយបានឆាប់រហ័ស ។
១៤. បំរែបំរួលខុសពីប្រក្រតីផ្សេងៗទៀត
ប្រសិនបើអ្នកសំគាល់ឃើញមាន នូវការប្រែប្រួលចំពោះមុខងារណាមួយនៅក្នុងរាងកាយ ឬ អារម្មណ៍ នោះអ្នកគួរតែទៅអោយគ្រូពេទ្យធ្វើការពិនិត្យ ជាពិសេស ប្រសិនបើការប្រែប្រួលនេះ នៅតែបន្តមាន ឬ កាន់តែអាក្រក់ជាងមុន។ វាមិនមែនតែងជាសញ្ញានៃជំងឺមហារីកទាំងអស់នោះទេ ប៉ុន្តែរាល់ការប្រែប្រួលសំខាន់ណាមួយនេះ គួរតែត្រូវបានធ្វើការពិនិត្យ និង តាមដានរកពីមូលហេតុអោយបានច្បាស់លាស់ ៕