ជីវិតដែលចាប់ផ្ដើមពីវ័យ ៣០ ឆ្នាំទៅ គឺជាពេលដែលនៅទីបំផុតយើងអាចទទួលបាននូវអារម្មណ៍ដឹងស្វែងយល់បានច្រើន ហើយឯករាជ្យ និងយល់កាន់តែច្បាស់អំពីក្ដីប្រាថ្នា ឬអ្វីដែលយើងចង់បានពិតប្រាកដ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយ ដើម្បីធ្វើឲ្យសុបិន្តក្លាយជាការពិត ហើយទទួលបាននូវភាពជោគជ័យខ្ពស់នៅក្នុងជីវិត នោះការរៀនស្វែងយល់បន្ថែមអំពីរឿងរ៉ាវចាំបាច់មួយចំនួន គឺជាការសំខាន់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីចំណុចមួយចំនួនដែលមនុស្សគ្រប់រូបគួរធ្វើនៅពេលឈានដល់វ៏យ ៣០ឆ្នាំ ៖
១. ស្វែងរកការងារមួយដែលអ្នកពេញចិត្ត
បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ យើងប្រហែលជាធ្លាប់ជួបប្រទះនូវបទពិសោធន៍នៃការផ្លាស់ប្ដូរជាច្រើនដូចជា ការងារ, កន្លែងធ្វើការ, ប្រាក់ខែ និងជំនាញ។ ប៉ុន្តែក្នុងវ័យ ៣០ឆ្នាំ វាជារឿងសំខាន់ណាស់ក្នុងការស្វែងរកនូវការងារជាក់លាក់មួយដែលអ្នកពេញចិត្ត ហើយជាកន្លែងមួយដែលអ្នកនឹងខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍបន្ថែមទៀត និងឈានឡើងគ្រប់លំដាប់ថ្នាក់នៃការងារនោះ។
២. រៀនចម្អិនម្ហូបប្រចាំខ្លួនរបស់អ្នក
បើទោះជាអ្នកមិនចូលចិត្តការចម្អិនអាហារក៏ពិតមែន ប៉ុន្តែអ្នកចាំបាច់គួរមាននូវម្ហូបមួយមុខ ឬអាចជាបង្អែមក៏បាន ដែលអ្នកចេះចម្អិន ឬធ្វើបានល្អប្រសើរជាងអ្នកដទៃ។ ចូរសាកល្បង ហើយកុំខ្លាញនឹងកែច្នៃបន្ថែមទៅលើអាហាររបស់អ្នកដើម្បីឲ្យកាន់តែមានស្នាដៃចំពោះជំនាញនេះ។ ការដែលមានមុខម្ហូបមួយប្រចាំខ្លួននឹងអាចផ្ដល់ឲ្យអ្នកនូវទំនុកចិត្តបន្ថែម នៅពេលមានភ្ញៀវសំខាន់ៗមកលេងផ្ទះ។
៣. យល់ថាតើនរណាជាមិត្តពិតប្រាកដរបស់អ្នក
នៅពេលយើងនៅក្មេង គឺពួកគេមានមិត្ត ឬអ្នកនៅជុំវិញខ្លួនច្រើនណាស់ ហើយយើងងាយនឹងទទួលមិត្តថ្មីៗ។ ជាញឹកញយយើងតែច្រឡំយល់ខុសថា អ្នកដែលនៅជុំវិញយើងសុទ្ធតែជាមិត្តរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាកន្លងផុតទៅ អ្នកដែលយើងគិតថាជាមិត្តក៏បាត់ខ្លួនទៅតាមនោះ ហើយមានតែមិត្តពិតប្រាកដប៉ុណ្ណោះដែលមិនចាកចេញទៅណា។ មិត្តពិតប្រាកដដែលនឹងជួយអ្នក, តែងតែនៅក្បែរពេលអ្នកមិនសប្បាយចិត្ត ឬមានបញ្ហាផ្សេងៗ ហើយពួកគេនឹងរីករាយជាមួយភាពជោគជ័យរបស់អ្នក។ ចូរឲ្យតម្លៃលើអ្នកដែលតែងផ្ដល់ពេលវេលានៅក្បែរអ្នកគ្រប់កាលៈទេសៈ ហើយកុំដាក់ចិត្តនៅជាប់ជាមួយនរណាម្នាក់ដែលគ្រាន់តែនៅជុំវិញអ្នក។
៤. ឈប់ប្រាប់មនុស្សគ្រប់គ្នាអំពីពត៌មានលម្អិតនៃជីវិតផ្ទាល់ខ្លួនរបស់អ្នក
គួរចាំទុកក្នុងចិត្តថា ប្រសិនបើអ្នកចង់រក្សាបាននូវទំនាក់ទំនងមួយដែលរឹងមាំ នោះអ្នកមិនគួរប្រាប់គ្រប់គ្នាអំពីបញ្ហាដែលអ្នក និងដៃគូរបស់អ្នកកំពុងប្រឈមមុខឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍ចង់ជៀសវាងអំពីបញ្ហានេះ ហើយចង់ចែករំលែកការព្រួយបារម្ភរបស់អ្នកជាមួយនរណាម្នាក់ ចូរទៅជួបជាមួយអ្នកចិត្តសាស្ត្រ។ អ្នកជំនាញនឹងស្តាប់អ្នកដោយប្រុងប្រយ័ត្ន ហើយជួយវិភាគសកម្មភាពរបស់អ្នក ក៏ដូចជាដៃគូអ្នក ហើយជួយអ្នកឲ្យឈានរកបានដំណោះស្រាយដ៏ល្អប្រសើរមួយ។
៥. ផ្ដល់ភាពសំខាន់បានត្រឹមត្រូវ
យើងតែងមានភាពប្រញាប់ប្រញាលនៅក្នុងជីវិត ព្យាយាមធ្វើរឿងជាច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែពេលក្រោយមកទើបយើងយល់ថា យើងផ្ដោតសំខាន់តែលើរឿងរ៉ាវតូចៗ ហើយរំលងចោលមិនយកចិត្តទុកដាក់ចំពោះអ្វីដែលសំខាន់។ ជាធម្មតារឿងសំខាន់ដែលមនុស្សភាគច្រើនមើលរំលង គឺការចំណាយពេលវេលាជាមួយគ្រួសារ។
៦. ស្វែងរកប្រាក់ និងពេលសម្រាប់ការសម្រាកលំហែកាយ
ការសម្រាកមិនបានគ្រប់គ្រាន់ ជាហេតុនាំឲ្យមានភាពអស់កម្លាំងទាំងចំពោះផ្លូវចិត្ត និងរាងកាយ។ ដូច្នេះហើយទើបការចំណាយប្រាក់លើដំណើរកំសាន្ត គឺល្អប្រសើរជាងការចំណាយទិញទូរស័ព្ទសេរ៊ីថ្មី។ ចូរបង្កើតច្បាប់មួយសម្រាប់ខ្លួនឯង ដោយដកប្រាក់ខែចំនួន ២០ ភាគរយសន្សំទុកសម្រាប់វិស្សមកាលនៅពេលអនាគត។
៧. ទទួលបានប័ណ្ណបើកបរ
ការទទួលបានប័ណ្ណបើកបរជម្រុញឲ្យអ្នកមានសកម្មភាពច្រើនបន្ថែមទៀត។ នៅពេលអ្នកមានវា អ្នកនឹងចាប់ផ្ដើមគិតអំពីការទិញរថយន្តមួយគ្រឿង ដូច្នេះអ្នកនឹងខំធ្វើការដើម្បីបង្កើនប្រាក់ចំណូល។ វាក៏ងាយស្រួលក្នុងការធ្វើដំណើរដោយមានប័ណ្ណបើកបរត្រឹមត្រូវ។
៨. ផ្ដល់ឲ្យខ្លួនឯងនូវចំណូលបន្ថែម
ត្រូវប្រាកដថា អ្នកមានប្រភពប្រាក់ចំណូលបន្ថែមនៅពេលឈានដល់វ័យ ៣០ឆ្នាំ។ វាអាចជាចំណូលបានមកពីការងារក្រៅម៉ោង ឬជំនួញផ្ទាល់ខ្លួនណាមួយរបស់អ្នក។ ទោះបីជាអ្នកកំពុងធ្វើការនៅក្នុងក្រុមហ៊ុនដែលមានស្ថេរភាពបំផុតក៏ដោយ ក៏មិនអាចធានាឲ្យអ្នកនូវអនាគតមួយដែលមានស្ថេរភាពដែរ។ ដូច្នេះហើយវាជារឿងចាំបាច់ណាស់ក្នុងការផ្ដល់ឲ្យខ្លួនឯងនូវប្រភពប្រាក់ចំណូលបន្ថែម ដើម្បីអ្នកអាចទប់ទល់បាននូវរាល់ស្ថានភាពអាសន្នបន្ទាន់ណាមួយ។
៩. រើចេញពីផ្ទះឪពុកម្ដាយ
វ័យ ៣០ឆ្នាំ គឺជាវ័យដ៏ល្អប្រសើរបំផុតដែលអ្នកគួរសម្រេចចិត្តរៀនរស់នៅដោយខ្លួនឯង ឬរើចេញពីផ្ទះឪពុកម្ដាយ។ វានឹងជួយឲ្យស្វែងយល់ពីស្ថានភាពខាងក្រៅបានច្រើនជាងមុន ចេះរៀបចំគម្រោងថវិកា ដោយមានពិចារណាទៅលើការចំណាយផ្សេងៗដែលអ្នកប្រហែលជាមិនធ្លាប់បានធ្វើពីមុនមក។ ឧទាហរណ៍ដូចជា ការបង់ប្រាក់ថ្លៃសេវាផ្សេងៗ ឬការចំណាយប្រាក់ទិញសាប៊ូលាងចាន បោកខោអាវជាដើម។
១០. រៀនថ្លែងសុន្ទរកថាជាសាធារណៈ
ភាគច្រើននៃពួកយើងមានអារម្មណ៍អៀនខ្មាស់ នៅពេលចាំបាច់ត្រូវឡើងនិយាយអ្វីមួយជាសាធារណៈ ដើម្បីការពារការយល់ឃើញរបស់ខ្លួនឯង ឬគ្រាន់តែនិយាយតបតជាមួយអ្នកមិនដែលស្គាល់។ នៅពេលឈានដល់វ័យ ៣០ ឆ្នាំហើយនោះ អ្នកត្រូវរៀនយកឈ្នះលើភាពភ័យខ្លាចរបស់ខ្លួនឯង។ មនុស្សម្នាក់ដែលតែងរក្សានូវភាពស្ងប់ស្ងាត់ និងមិនប្រើពាក្យបោកប្រាស់កេងប្រយោជន៍ គឺតែងទទួលបាននូវការគោរព និងចំណាប់អារម្មណ៍។ ការរៀនចេះនិយាយបានល្អគួរឲ្យចង់ស្ដាប់ នឹងធ្វើឲ្យអ្នកជៀសផុត ក៏ដូចជាបញ្ឈប់បាននូវបញ្ហានានា ឬអាចបញ្ចុះបញ្ចូលឲ្យចាហ្វាយតម្លើងប្រាក់ខែទៀតផង។